ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថារលកកម្តៅនៅរដូវប្រាំងក្នុងខែមេសា និងឧសភាក្នុងឆ្នាំ ២០១៦ នឹងកើនពី ៤០ ទៅ ៤១ អង្សាសេដែលជាការព្រមានពីការខ្វះទឹកប្រើប្រាស់របស់ប្រជាកសិករខណៈដែលរដូវវស្សាអាចនឹងមកដល់យឺតហើយមានភ្លៀងធ្លាក់តិចនៅដើមរដូវ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក លឹម គានហោ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃម្សិលមិញថាក្រោយពីបានតាមដានទៅលើស្ថានភាពទូទៅនៃអាកាសធាតុពិសេសការតាមដានលើកម្រិតសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូងចាប់ពីខែ មីនា ឆ្នាំ ២០១៥ មកឃើញថាកម្រិតសីតុណ្ហភាពនៅតំបន់ទាំងពីរនេះមានការកើនឡើង ពី ០,៥ ទៅ ១ អង្សាសេហើយបើតាមការព្យាករនៅក្នុងឆ្នាំ ២០១៦ ខាងមុខកម្រិតសីតុណ្ហភាពមាននិន្នាការកើនឡើងបន្តិចថែមទៀត។
ក្រសួងបន្តថា ការកើនឡើងនៃកម្រិតសីតុណ្ហភាពនេះអាចនឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីខែធ្នូ ឆ្នាំ ២០១៥ ដល់ខែឧសភា ឆ្នាំ ២០១៦ នឹងមានសភាពក្តៅហួតហែងនារដូវប្រាំងជាពិសេសខែមេសា និងឧសភាដែលធ្វើឲ្យសីតុណ្ហភាពអតិបរមានឹងកើនដល់ពី ៤០ ទៅ ៤១ អង្សាសេហើយរដូវវស្សាឆ្នាំ ២០១៦ អាចនឹងមកដល់យឺតហើយនៅដើមរដូវមានភ្លៀងធ្លាក់តិច។
ក្រសួងអំពាវនាវថា៖ «សូមក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមថែរក្សាទឹកទុកសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាសម្រាប់វិស័យកសិកម្ម»។
ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹកលោក អ៊ុំ រីណា បានថ្លែងថាការព្យាករនេះគឺជាព័ត៌មានបឋមដែលផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យត្រៀមសម្រាប់ការប្រើប្រាស់ទឹក និងបង្ការជំងឺផ្សេងៗដោយសារការកើនឡើងកម្តៅនេះ។

លោកថា៖ «នៅឆ្នាំ ២០១៥ ក្នុងខែមេសា និងឧសភាហ្នឹងរលកកម្តៅក្តៅខ្លាំងហ្នឹងគឺក្នុងរង្វង់ ៤០ អង្សាសេ ហើយបើយើងប្រៀបធៀបរយៈពេលដូចគ្នានេះនៅឆ្នាំ ២០១៦ ហ្នឹងយើងឃើញថាវាអត់ថយទេកម្តៅវានៅតែក្តៅខ្លាំង»។
លោក រីណា បន្តថាសម្រាប់រដូវរងា ឬសីតុណ្ហភាពដែលធ្លាក់ចុះត្រជាក់សម្រាប់ឆ្នាំនេះនៅមិនទាន់មានសញ្ញាណណាមួយនៅឡើយទើបក្រសួងនៅមិនទាន់ជូនដំណឹងជាផ្លូវការ។
លោកថា កាលពីឆ្នាំមុន សីតុណ្ហភាពចាប់ផ្តើមត្រជាក់ចាប់ពីពាក់កណ្តាលខែវិច្ឆិកាអូសបន្លាយដល់ខែ កុម្ភៈ ប៉ុន្តែសម្រាប់ឆ្នាំនេះតាមការព្យាករមិនផ្លូវការសីតុណ្ហភាពត្រជាក់អាចចាប់ផ្តើមនៅចុងខែធ្នូ ឬពាក់កណ្តាលខែមករាតែមិនត្រជាក់ខ្លាំងដូចឆ្នាំទៅទេ។
អ្នកនាំពាក្យក្រសួងកសិកម្មលោក ឡោ រស្មី បានថ្លែងថាក្រសួងពាក់ព័ន្ធបានកំពុងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងបានត្រៀមវិធានការសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះដូចជាពូជស្រូវ និងដំណាំព្រមទាំងចេញសារាចរដល់មន្ត្រីថ្នាក់មូលដ្ឋានឲ្យចុះផ្សព្វផ្សាយពីការប្រើប្រាស់ពូជដំណាំនេះ និងការធ្វើភាវូបនីយកម្មកសិកម្មទៅដល់ប្រជាកសិករប្រមាណ ៨០%។
លោកបញ្ជាក់ថា៖ «ក្រសួងនឹងប្រជុំវាយតម្លៃលើការងារកសិកម្មនាពេលឆាប់ៗខាងមុខដើម្បីពិនិត្យមើលពីបញ្ហាប្រឈម និងធ្វើការដោះស្រាយសម្រាប់ជាផលប្រយោជន៍របស់ប្រជាកសិករ»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលធ្វើការលើបញ្ហាបម្រែបម្រួលអាកាសធាតុបានគាំទ្រចំពោះការផ្តល់ព័ត៌មានជាមុនពីការកើនឡើងកម្តៅនេះដើម្បីឲ្យប្រជាពលរដ្ឋអាចបន្សាំការរស់នៅជាពិសេសប្រជាកសិករអាចមានវិធានការឆ្លើយតបជាមុនសម្រាប់របរកសិកម្មរបស់ពួកគាត់។
លោកក៏បានជំរុញឲ្យគណៈប្រតិភូរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅដើមខែធ្នូនេះអាចលើកបញ្ហាការកើនឡើងកម្តៅនេះប្រាប់ទៅប្រទេសអភិវឌ្ឍន៍ឲ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតព្រមទាំងផ្តល់ថវិកា និងផ្ទេរបច្ចេកវិទ្យាក្នុងការកាត់បន្ថយ និងបន្សាំការប្រែប្រួលអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច៕