ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​យល់​ដឹង​ពី​វិធានការ​ងាយៗ​ដើម្បី​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត​ខណៈ​ដែល​ក្រសួង​ក៏បាន​ស្នើ​ដល់​ពលរដ្ឋ​ដែល​សម្រុក​ទៅ​ចាក់​វ៉ាក់​សាំង​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ថា គួរ​ទុក​អាទិភាព​ពិគ្រោះ​ជូន​ជន​រង​គ្រោះ​ដែល​ត្រូវ​ការ​វ៉ាក់​សាំង​នេះ​ចាំបាច់។

ការអំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ពលរដ្ឋ​ជាច្រើន​បាន​សម្រុក​ទៅ​រក​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បណ្តាល​ឲ្យ​មាន​ការ​កក​ស្ទះ និង​មាន​ការ​រង់ចាំ​យូរ ហើយ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​នោះ គេ​សង្កេត​ឃើញ​ថា មិន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ទេ។ សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​អ្នក​នាំពាក្យ​លោកស្រី​ ឱ វណ្ណឌិន បាន​លើក​ឡើង​ថា ក្រោយ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ករណី​ក្មេង​ស្រី​អាយុ ១០ ឆ្នាំ​ម្នាក់ បាន​ទទួល​មរណភាព កាល​ពី (ថ្ងៃ​ទី ១២) ខែ​កុម្ភៈ ឆ្នាំ ២០១៩ ដែល​មាន​ប្រវត្តិ​ឆ្មា​ខ្វាច​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​មុន​នោះ ប្រជា​ពលរដ្ឋ​កាន់​តែ​មាន​ការ​យល់​ដឹង​ច្រើន​លើ​កិច្ច​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត ដែល​អាច​កើត​មាន​ក្រោយ​ពី​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ​ឬ​ខ្វាច ដែល​នាំ​ឲ្យ​ពួកគេ​បាន​សម្រុក​មក​រក​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ។

អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល លោកស្រី ឱ វណ្ណ​ឌិន មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​លើ​សេចក្តី​ណែនាំ​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​លោក​ស្រី បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ណែនាំ​នោះ​ជា​របៀប​ងាយៗ​ថា ជា​វិធាន​ការ​ការពារ​ជា​មុន​បាន​ល្អ​ប្រសើរ​បំផុត​នោះ គឺ​លោក​អ្នក​ត្រូវ​ការពារ​កុំ​លេង​ជាមួយ​សត្វ​ឆ្កែ ឬ​ឆ្មា ការពារ​កុំ​ឲ្យ​សត្វ​ឆ្កែ​ឬ​ឆ្មា​ខាំ និង​ថែទាំ​សត្វ​ឆ្កែ​ឬ​ឆ្មា​ឲ្យ​បាន​ល្អ​ដោយ​កុំ​ឲ្យ​សត្វ​ទាំង​នោះ​ដើរ​ពាស​វាល​ពាស​កាល ដែល​អាច​ខាំ​គេ​ឯង និង​ត្រូវ​ចាក់​ថ្នាំ​ការពារ​សត្វ​ទាំង​នោះ បើ​គោរព​បាន​តាម​ការ​ណែនាំ​នេះ លោក​អ្នក​នឹង​មិន​មាន​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​ឆ្កែ​ឆ្កួត​នោះ​ឡើយ។

ទោះយ៉ាងណា ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​លិខិត​របស់ខ្លួន​ថា កន្លង​ទៅ​ក្រសួង​ធ្លាប់​បាន​ពន្យល់​សាធា​រណ​ជន ករណី​ទាំង​នេះ ហើយ​ក៏​បាន​ផ្តល់​ការ​ណែនាំ​ជា​បន្ត​បន្ទាប់​តាម​បណ្តាញ​សារ​ព័ត៌មាន និង​បាន​ធ្វើ​ការងារ​ជា​បន្ត​បន្ទាប់​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ ស្រាវជ្រាវ​សុខភាព​សាធារណៈ ពី​ជំងឺ​ឆ្កែឆ្កួត​នេះ​ដែរ។

លិខិត​ក្រសួង​បញ្ជាក់ថា៖ «សូម​ធ្វើ​ការណែនាំ​ជាថ្មី​សម្រាប់​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា​អ្នក​ដែល​សត្វ​ឆ្កែ ឬ​ឆ្មា​ខាំ មាន​រោគ​សញ្ញា​ហានិភ័យ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​ត្រូវ​ចាក់​ទៅ​តាម​កាល​វិភាគ​នៃ​ដូស​វ៉ាក់សាំង នឹង​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់​សាំង​នេះ ដូច​តាម​ការ​ណែនាំ។ អ្នក​ដែល​មិន​ទាន់​មាន​សត្វ​ខាំ ឬ​ខាំ​យូរ​ថ្ងៃ​ពេក​មក​ហើយ ដែល​មិន​មាន​រោគ​សញ្ញា​ហានិភ័យ​អ្វី​នោះ គឺ​ពួកគេ​គួរតែ​អាច​រង់ចាំ​បន្តិច​សិន ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​រង់ចាំ​កក​កុញ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នេះ​យូរ​ពេក»។

ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​ដ៏​កម្រ​មួយ​មាន​ជា​យូរយារ​ណាស់មកហើយៗ​ការ​ផ្តល់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត ក៏មាន​ជា​យូរ​មក​ហើយ​ដែរ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ ហើយ​ការ​ផ្តល់​ការ​ចាក់​ថ្នាំ​បង្ការ​នេះ បន្ត​ធ្វើជា​រៀង​រាល់​ថ្ងៃ។ តាម​សេចក្តី​ប្រកាស​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ ជំងឺ​នេះ អាច​នឹង​ព្យាបាល​ជា ១០០% ដោយ​ការ​ចាក់​វ៉ាក់​សាំង​ទាន់​ពេល​វេលា តែ​អាច​នឹង​ស្លាប់ ១០០% បើ​មិន​បាន​ចាក់​វ៉ាក់សាំង។

លោក​វេជ្ជបណ្ឌិត លី សុវត្ថិ ផ្នែក​សុខភាព​សាធារណៈ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រហូត​មក​ដល់​ពេល​នេះ នៅ​តែមា​ន​អ្នក​មក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​យ៉ាង​ច្រើន រក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត តែ​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​អ្នក​មក​មួយ​ចំនួន មាន​ករណី​មាន​របួស​ដោយ​សត្វ​ឆ្កែ ឆ្មា ខាំ ឬ ខ្វាច កន្លង​មក​យូរ​ពេល​ហើយ ឯ​សត្វ​នោះ​ក៏​គេ​ដឹង​ច្បាស់​ថា នៅ​រស់​ធម្មតា លើស​ពី ១០ ថ្ងៃ ក្រោយ​ពេល​បង្ក​របួស។

លោក​បញ្ជាក់ថា៖ «ករណីបែបនេះ​មានន័យថា សត្វ​បង្ក​របួស​នោះ មិនមាន​ជំងឺ​ឆ្កែ​ឆ្កួត មិន​ចម្លង​ជំងឺ​ឆ្កែ​ឆ្កួត​ទៅ​អ្នក​រង​របួស​ទេ និង​មិន​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​នោះ​ទេ។ សត្វ​ដែល​អាច​ចម្លង​ជំងឺ​ឆ្កែឆ្កួត​លុះ​ត្រា​តែ​សត្វ​នោះ មាន​ជំងឺ​ឆ្កែ​ឆ្កួត ហើយ​វា​បាន​ស្លាប់​ដោយ​ជំងឺ​នេះ ក្រោយ​ខាំ ឬ​ខ្វាច​នរណា​ម្នាក់»។

លោក​បន្តថា ជាទូទៅ វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត វា​នៅតែមាន​ប្រសិទ្ធ​ភាព បើ​ទោះ​ជា​អ្នក​ចាក់ មុន​ពេល​ឆ្កែ​ខាំ ឬ​មិន​បាន​ចម្លង​ជំងឺ​ឆ្កែ​ឆ្កួត​មក​លោក​អ្នក តែ​លោក​វេជ្ជបណ្ឌិត​រូប​នេះ នៅ​តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ មាន​ការ​អង្កេត និង​តាម​ដាន​ចំពោះ​សុខភាព​សត្វ​ដែល​បាន​ខាំ​លោក​អ្នក និង​ប្រញាប់​មក​ទទួល​កា​រចាក់​វ៉ាក់​សាំង បើ​សង្ស័យ​មាន​អាការ​មិន​ប្រក្រតី។

ដោយ​មើលឃើញ​ពីស​ម្ទះ​នៃ​ការស្វែងរក​សេវា​ចាក់​វ៉ាក់សាំង​នេះ វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​បន្ត​បន្ទាប់ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទុក​លទ្ធភាព​ដល់​អ្នក​ដែល​អញ្ជើញ​មក​ចាក់​បន្ត (លើក​ទី ២ និង​ទី៣) និង​អ្នក​ដែល​មាន​មុខ​របួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ​តូចៗ ព្រះសង្ឃ ជនពិការ មនុស្ស​ចាស់​ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​ថែម​ទាំង​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ កុំ​ជឿ​តាម​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន​តាមរយៈ​បណ្តាញ​សង្គម​ផ្សព្វផ្សាយ ខណៈ​អះអាង​ថា វ៉ាក់​សាំង​ការពារ​ជំងឺ​នេះ​មាន​គ្រប់​ចំនួន​សម្រាប់​ផ្គត់ផ្គង់​អ្នក​ទាំង​អស់​គ្នា។

តាម​របាយការណ៍​រប​ស់​អង្គការ សុខភាព​ពិភពលោក WHO ជា​រៀង​រាល់​ឆ្នាំ ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់​ទូទាំង​ពិភពលោក។ ចំពោះ​កម្ពុជា​វិញ ការ​សិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រក​ឃើញ​ថា ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ប្រមាណ ៨០០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ក្នុង​នោះ ៤០% អាយុ​ក្រោម ១៥ ឆ្នាំ ហើយ​មនុស្ស​ប្រមាណ ៦ សែន​នាក់ ត្រូវ​បាន​ឆ្កែ​ខាំ​ជា​រៀង​រាល់​ឆ្នាំ ស្រប​ពេល​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផ្តល់​វ់ាក់​សាំង​បាន​តែ ២២ ០០០ នាក់​ប៉ុណ្ណោះ​បន្ទាប់​ពួកគេ​ត្រូវ​បាន​ឆ្កែ​ខាំ។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្លែងថា លោក​បាន​គិតគូរ​ជាមុន​រួច​ទៅ​ហើយ ចំពោះ​បញ្ហា​នេះ ដោយ​បាន​ពង្រីក​កន្លែង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​បាន​មួយ​កន្លែង​ទៀត នៅ​ខេត្ត​បាត់ដំបង ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ សម្រាប់​សេវា​ឯកជន​ដែល​មាន​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ ក៏មាន​ការ​ផ្តល់​សេវា​ចាក់​ថ្នាំ​បង្ការ​ឆ្កែឆ្កួត​នេះ​ផង​ដែរ​នៅ​តាម​បណ្តា​រាជធានី-ខេត្ត។

លោក​ថា៖ «ម្យ៉ាងទៀត​មាន​តម្រូវការ​ពេលវេលា​សម្រាប់​ការដាក់​ចេញ​នូវ​កន្លែង​ផ្តល់​ថ្នាំ​បង្ការ​នេះ​នៅ​តាម​បណ្តា​ខេត្ត ចំណុច​ផ្សេងៗ​ទៀត​នៅ​ពេល​ក្រោយ។ ក្រសួង​ក៏បាន​បន្ថែម​ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​ជួយ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ផ្តល់​សេវា​ចាក់​ថ្នាំ​បង្ការ​នេះ​ឲ្យ​បាន​ច្រើន​ជូន​ដល់​អតិថិជន​ផងដែរ»៕