ភ្នំពេញ៖ ក្រសួងសុខាភិបាលកាលពីព្រឹកមិញបានប្រកាសរកឃើញ ករណីវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ២៤ នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញកាលពីព្រឹកនេះ បានឱ្យដឹងថា ក្នុងចំណោម ២៤ នាក់នោះ មានជនជាតិខ្មែរ ៤ នាក់ វៀតណាម ៤ នាក់ និង ១៦ នាក់ជាជនជាតិចិន។
គិតត្រឹមម៉ោង៧ថ្ងៃទី ២ ខែមីនា ករណីឆ្លងក្នុងសហគមន៍ទាំងអស់មានចំនួន ៣៤០ នាក់ ក្នុងចំណោមនោះមានស្រីចំនួន ១៧៣ នាក់។
សេចក្ដីប្រកាសព័ត៌មានបន្ដថា អ្នកឆ្លងជំងឺកូវីដ ១៩ សរុបទាំងអស់ទូទាំងប្រទេសកម្ពុជា មានចំនួន ៨៤៤ នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ៤៧៨ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៦៦ នាក់។
សេចក្ដីប្រកាសព័ត៌មានបានបន្ថែមទៀតថា៖ «ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាពនិងស្រាវជ្រាវករណីកូវីដ ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា»៕