ភ្នំពេញ៖ ក្រសួង​សុខាភិបាល កាល​ពី​ព្រឹក​មិញ បាន​ប្រកាស​រក​ឃើញ ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ចំនួន ២៦​នាក់​បន្ថែម​ទៀត ដែល​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ទាំងអស់។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង សុខាភិបាល​ចេញ​កាល​ពី​ព្រឹក​ថ្ងៃទី ២៧ កុម្ភៈ​នេះ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ២៦ កុម្ភៈ ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​មាន​ចំនួន ២៥៩ នាក់ ក្នុង​ចំណោម​នោះ​មាន​ស្រី​ចំនួន ១២៨ នាក់ ហើយ​ក្នុងថ្ងៃ​ទី​ ២៦ កុម្ភៈ​ដែរ មិន​មាន​ករណី​ជា​សះ​ស្បើយ​នោះ​ទេ។

សេចក្ដីប្រកាសបន្ដថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ទូទាំងប្រទេសកម្ពុជា មានចំនួន ៧៦៦ នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ៤៧៧ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ២៨៧ នាក់។

សេចក្ដីប្រកាសព័ត៌មានបានបន្ថែមទៀតថា ក្រសួងសុខាភិបាលសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាពនិងស្រាវជ្រាវករណីកូវីដ១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕