ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​មិន​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​ចិន​ដែល​ទទួល​សាងសង់​ផ្លូវជាតិ​លេខ​ ៧ [​ក្រចេះ-ត្បូងឃ្មុំ​] មាន ប្រវែង​ ១៦៤ ​គីឡូម៉ែត្រ​ឡើយ ប្រសិន​បើ​ការស្ថាបនា​ផ្លូវ​នេះ​មិន​អនុវត្ត​តាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ស្ដង់ដា​ផ្លូវ​ឱ្យ​បាន​ ១០០ ​ភាគរយ ព្រោះ​ការស្ថាបនា​នេះ ក្រសួង​ពិនិត្យឃើញ​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ទាក់ទង​នឹង​ការសាងសង់​។

នេះ​បើ​តាម​លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ពេល​ដឹកនាំ​គណៈប្រតិភូ និង​ក្រុម​បច្ចេកទេស​ជំនាញ​របស់​ក្រសួង​ចុះ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​ ៧ ក្នុង​ខេត្ដ​ក្រចេះ​កាលពី​ម្សិលមិញ​។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ម៉ៅ​ការសាងសង់ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​។

លោក​ថ្លែងថា គម្រោង​ផ្លូវជាតិ​លេខ​ ៧ គឺជា​គម្រោង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវ​ទី​ ២ (Road Asset Management) ​មាន​ប្រវែង​សរុប​ ១៦៤ ​គីឡូម៉ែត្រ ដោយ​លើកកម្ពស់​គុណភាព​ផ្លូវ​ពី DBST ទៅជា AC​។ គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា ៣ ការដ្ឋាន​ធំៗ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​ ១៨ ​ខែ និង​រយៈពេល​ថែទាំ​ចំនួន​ ៣៦ ​ខែ​។ សាងសង់​ដោយ​ក្រុមហ៊ុន ចិន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​កូរ៉េ និង​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ៣៦ ​លាន​ដុល្លារ​អាមេរិក​។ មកដល់​បច្ចុប្បន្ន​កំណាត់​ផ្លូវ​នេះ​សាងសង់​បាន​ប្រមាណ​ ៨០ ​ភាគរយ​ហើយ​។

លោក​ ស៊ុន ចាន់ថុល ថ្លែងថា​៖ «​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​នឹង​មិន​ទាន់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ទាក់ទង​នឹង​ការសាងសង់​»​។

លោក​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​សហការ​គ្នា​កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​។ ជាពិសេស​ត្រូវ​អនុវត្ត​តាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ឱ្យបាន​ ១០០ ភាគរយ​។

លោក​ទេសរដ្ឋមន្ត្រី​អំពាវនាវ​ដល់​ពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ឱ្យ​ទុកចិត្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក​ថា​៖ «​បើ​ផ្លូវ​នោះ​ពិនិត្យ​មិន​មាន​គុណភាព​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ទេ ក្រសួង​នឹង​មិន​ទទួល​យក​ផ្លូវ​នោះឡើយ​។ ព្រោះ​ក្រសួង​ឈរលើ​គោលការណ៍ សាងសង់​ផ្លូវ​ឱ្យ​មាន​គុណភាព រឹងមាំ ជាប់​បាន​យូរ​អង្វែង ហើយ​ក្រសួង​នឹង​ធ្វើការ​ត្រួតពិនិត្យ​ជាប្រចាំ​តាម​ការដ្ឋាន​សាងសង់​ទាំងអស់​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

បើ​តាម​លោក​ ចាន់ថុល បច្ចុប្បន្ន​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវ​នេះ​កំពុង​កែលម្អ លក្ខណៈ​បច្ចេកទេស​ត្រង់​ចំណុច​ទាំងឡាយ​ណា​ដែល​មិន​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​បាន​យើង​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន KCI ដែល​ជា​ក្រុមហ៊ុន​បច្ចេកទេស ត្រួតពិនិត្យ​ការងារ​នេះ​។ ក្រុមហ៊ុន​បច្ចេកទេស​បាន​ឯកភាព​ហើយ តាមរយៈ​អ្នកបច្ចេកទេស​របស់​សាធារណការ និង​ដឹកជញ្ជូន​ថា ការសាងសង់​នេះ​មាន​កន្លែង​មួយចំនួន​ខុស​នឹង​លក្ខណៈ​បច្ចេកទេស​»​។

លោក​ថា​៖ «​ដូច្នេះ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​សាងសង់​បាន​ឯកភាព​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​។ ដូច​បងប្អូន​បាន​ឃើញ​សកម្មភាព​មួយចំនួន​ក្នុង​ពេល​នេះ​ហើយ គាត់​បាន​កាយ​ឡើងវិញ​។ គាត់​អ៊ុត​កៅស៊ូ​ហើយ យើង​ទទួល​យក​មិនបាន​ឥឡូវ​គាត់​កាយ​ឡើងវិញ គាត់​ឯកភាព​ធ្វើ​ឡើងវិញ​»​។

ទោះយ៉ាងណា​លោក​ ស៊ុន ចាន់ថុល សរសើរ​ក្រុមហ៊ុន​ដែល​ទទួល​ស្គាល់​នូវ​កំហុស ហើយ​សហការ​គ្នា​ជាមួយ​ក្រសួង​សាធារណការ​ និង​ក្រុមហ៊ុន​បច្ចេកទេស KCI ជា​ក្រុមហ៊ុន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផ្លូវ​ក្នុង​ការរក​នីតិវិធី​ដោះស្រាយ​បញ្ហា​ស្ថាបនា​ផ្លូវ​នេះ​ឡើងវិញ​។

លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ស្ថាបនា​ផ្លូវ​នេះ​ត្រូវយក​គ្រឿងចក្រ​មក​កាយ​ដី​ចាស់ៗ​ចេញ​មិន​អាច​យក​កៅស៊ូ​ ៥ ​ហ៊ុន​ទៅ​អ៊ុត​ពី​លើ​ផ្លូវ​ចាស់​បាន​ទេ​។ លោក​ថា កន្លែង​ខ្លះ​ត្រូវ​កាយ​វា​ចោល​បង្ហាប់​ឡើងវិញ ទើប​ចាក់​កៅស៊ូ ប៉ុន្ដែ​មួយចំនួន​មិនបាន​កាយចេញ​ទេ​។ ទៅ​ចាក់​កៅស៊ូ​ពី​លើ​ការស្ថាបនា​បែបនេះ​ធ្វើឱ្យ​ផ្លូវ​ខូច​៕