ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៦៤ នាក់បន្ថែមទៀត ដែលសុទ្ធតែជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍នេះ មានរហូតដល់ ៦១៣ នាក់ ខណៈអ្នកត្រូវបានព្យាបាលជាសះស្បើយមានចំនួន ១១ នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ទី ១០ ខែមីនានេះ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលឆ្លងទាំង ៦៤ នាក់នេះ មានជនជាតិខ្មែរចំនួន ៣៩ នាក់ ជនជាតិចិនចំនួន ២៣ នាក់ និងជនជាតិវៀតណាមចំនួន ២ នាក់។ ករណីដែលឆ្លងថ្មីនេះ គឺកើតឡើងក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ព្រៃវែង កណ្តាល និងខេត្តសៀមរាប។
ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយ ពីវីរុសកូវីដ ១៩ នេះ មានចំនួន ១១ នាក់ ដែលមានជនជាតិចិន ៨ នាក់ ជនជាតិវៀតណាម ២ នាក់ និងជនជាតិខ្មែរម្នាក់ ដែលអ្នកទាំងនេះ រស់នៅក្នុងរាជធានីភ្នំពេញ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីតេស្តលទ្ធផលអវិជ្ជមានកូវីដ ១៩ ចំនួន ២ ដង។
គិតត្រឹមថ្ងៃពុធទី ១០ ខែមីនានេះ កម្ពុជាមានអ្នកមានវិជ្ជមានកូវីដ ១៩ សរុបចំនួន ១ ១២៤ នាក់ ក្នុងនោះអ្នកដែលត្រូវបានព្យាបាលជាសះស្បើយ មានចំនួន ៥៤៩ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៥៧៤ នាក់៕