ភ្នំពេញ៖ ស្រ្តី​ជនជាតិ​ខ្មែរ អាយុ ៥៥ ឆ្នាំ ម្នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​រសៀល​ថ្ងៃ​សុក្រ ទី ០៩ ខែ​មេសា​នេះ ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​កើន​ឡើង​ដល់ ២៥ នាក់ ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ចេញ​នៅ​យប់​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ថា យោង​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ស្ត្រី​អ្នក​ជំងឺ​នេះ រស់នៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ម៉ោង ០២:៥៦ នាទី​រសៀល។

អ្នក​ជំងឺ​ខាង​លើ​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ នៅ​ថ្ងៃទី​ ៣០ ខែ​មីនា ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ប៉ុន្តែ​ដោយសារ​ស្ថានភាព​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ​តាំង​ពី​ចូល​សម្រាក​ពេទ្យ​ដំបូង តម្រូវ​ឱ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​តាំង​ពី​ថ្ងៃ​ចូល​សម្រាក​ពេទ្យ​ដំបូង។

ក្រសួង​បាន​បញ្ជាក់​ថា តែ​ទោះបី​ជា​ក្រុម​គ្រូពេទ្យ​បាន​ខិតខំ​ជួយ​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ជួយ​អ្នក​ជំងឺ​បាន​ដែរ ហើយ​ស្ថាន​ភាព​អ្នក​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។

ក្រសួង​សុខាភិបាល​ថា៖ «ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ ស្ត្រី​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ខ្សោយ​សួត​ធ្ងន់ធ្ងរ រលាក​សួត​សង​ខាង ដោយសារ​វីរុស​កូវីដ ១៩ លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម»។

គិត​ត្រឹម​ថ្ងៃ ០៩ ខែ មេសា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​មាន​វីរុស​កូវីដ ១៩ សរុប​ចំនួន ៣ ៦០៤ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១ ៩៨៤ នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន ១ ៥៩១នាក់ ៕