
ក្រសួងប្រកាសហាមគណនីហ្វេសប៊ុក ៦ ផ្សព្វផ្សាយលក់ឱសថដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ រូបថត MOH
ភ្នំពេញៈ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីការហាមឃាត់គណនីហ្វេសប៊ុកចំនួន ៦ ដែលបានកំពុងផ្សព្វផ្សាយលក់ឱសថបុរាណ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយមន្ត្រីបានអំពាវនាវទៅដល់សាធារណជនមិនត្រូវទិញឱសថខុសច្បាប់ដែលត្រូវបានគេផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញនោះឡើយ។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសពីម្សិលមិញថា តាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុកមានគណនីចំនួន ៦ បានធ្វើការផ្សព្វផ្សាយលក់ឱសថបុរាណឈ្មោះ ISOTIN PLUS B/10ml x6 Vials ក្នុងនោះមាន ក្រុមហ៊ុន Eye doctor Cambodia, សុខភាពភ្នែក, Dr ភ្នែក, ថ្នាំបន្តក់ភ្នែក Isotine Plus, Docter Eye និង Isotine plus ទឹកបន្តក់ភ្នែកអ៊ីសូទីន។ «ការផ្សព្វផ្សាយនេះមានការបំផ្លើសហួសពីការពិតដូចជា ព្យាបាលជំងឺដុះកន្ទុយថ្លែន ភ្នែកឡើងបាយ ភ្នែកមីញ៉ូប ទឹកដក់ក្នុងភ្នែករលាកបាតភ្នែកជាដើម»។
ក្រសួងបន្តថាអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថក្នុងប្រទេសកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួងថា៖ «សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលឱសថសូមពិនិត្យមើលលតាបត្រដែលមានបិទលើសម្បកវេចខ្ចប់ ហើយលតាបត្រទិដ្ឋាការ ឬបញ្ចិកាត្រឹមត្រូវគឺមាន ២ ផ្នែក ទី ១ ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណនីហរ័ណ និងទី ២ ផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ចិកា»។
មន្ត្រីសុខាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្រសួងតែងតែមានការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗក្នុងការបង្ក្រាបឱសថស្ថាន ក្រុមហ៊ុន និងកន្លែងដែលលក់ឱសថខុសច្បាប់នានា។ លោកថា ការលក់ ការផលិតឱសថដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល នៅតាមប្រព័ន្ធអនឡាញមានច្រើនគួរឱ្យកត់សម្គាល់ហើយក្នុងនោះ ក្រសួងតែងតែចាត់វិធានការរឹតបន្តឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថដែលតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថក្នុងប្រទេសកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ចិកាពីក្រសួងសុខាភិបាល។
លោកថា៖ «ទាក់ទងនឹងឱសថខុសច្បាប់ និងការផ្សព្វផ្សាយខុសច្បាប់ យើងនឹងមានការផាកពិន័យអន្តរកាល ហើយបើមានការរកឃើញនូវឱសថក្លែងក្លាយនឹងមានការដាក់ទោសទណ្ឌរហូតដល់ទោសឧក្រិដ្ឋ ប៉ុន្តែកន្លងមកយើងមិនទាន់មានករណីនេះនៅឡើយទេគឺយើងមានត្រឹមតែទោសទណ្ឌជាការផាកពិន័យតែប៉ុណ្ណោះ»។
លោកពន្យល់ថា ឱសថស្ថានស្របច្បាប់គឺជាឱសថស្ថានដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយប្រសិនបើកន្លែងនោះមិនមានដាក់ស្លាកសញ្ញាត្រឹមត្រូវ និងមិនមានលិខិតអនុញ្ញាតពីក្រសួង គឺសុំប្រជាពលរដ្ឋ ឬអ្នកទិញថ្នាំទាំងអស់ត្រូវធ្វើការប្រុងប្រយ័ត្ន និងពិនិត្យមើលឱ្យបានច្បាស់លាស់។ «យើងក៏សូមធ្វើការហាមឃាត់ជាដាច់ខាតក្នុងការប្រើប្រាស់ឱសថដែលលក់តាមអនឡាញដែលមិនមានការគ្រប់គ្រង ហើយក្រសួងក៏មិនដែលឱ្យមានច្បាប់លក់ឱសថអនឡាញដែរ។ ការប្រើប្រាស់ឱសថមិនត្រឹមត្រូវនឹងធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់»។
លោកស្រី ឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា ក្រសួងបានធ្វើការងារនេះដោយសកម្ម ហើយក្រសួងក៏បានដាក់ពិន័យតាមច្បាប់បានច្រើន និងបានណែនាំឱ្យមកធ្វើតាមផ្លូវច្បាប់បានមួយចំនួនហើយផងដែរ។
លោកស្រីថ្លែងថា៖ «យើងនឹងខិតខំធ្វើជាបន្តបន្ទាប់ទៀតតែតម្រូវឲ្យមានការចូលរួមពីអ្នកប្រើប្រាស់ផងដែរ។ សូមកុំទិញផលិតផលណាដែលមិនមានបិទលតាបត្រ ឬម៉ាញ៉ែតត្រឹមត្រូវ»។
យោងតាមរបាយការណ៍របស់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងចេញផ្សាយកាលពីដើមខែធ្នូ ឆ្នាំ ២០២០ បានឱ្យដឹងថា នៅទូទាំងប្រទេសមានឱសថស្ថានឱសថស្ថានរង «ក» និងឱសថស្ថានរង «ខ» សរុបចំនួន ៣ ១៥៦ កន្លែង អគារលក់ឱសថបុរាណខ្មែរ-ចិនចំនួន ១៥២ កន្លែង៕