ភ្នំពេញៈក្រសួងរ៉ែ និងថាមពល កាលពីម្សិលមិញបានប្រកាសបើកឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ចូលរួមដាក់ ពាក្យដេញថ្លៃលើអាជីវកម្មបូមខ្សាច់ ដើម្បីទទួលយកអាជ្ញាប័ណ្ណ ស្តារផ្លូវនាវាចរណ៍ទន្លេមេគង្គចំនួន ៤ ឡូត៍ ក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល។
សេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី ២១ ខែមេសានេះ ជាការបើកដេញថ្លៃជាសាធារណៈលើកដំបូងដែលអនុវត្តទៅលើរាល់បណ្តាក្រុមហ៊ុនក្នុងស្រុក គិតទាំងសហគ្រាសឯកត្តបុគ្គល និងក្រុមហ៊ុនបរទេសដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មខ្សាច់ នៅតំបន់ប្រឡាយស្តៅតាឯក ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម និងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាមួយគ្នានេះ ក្រសួង បានតម្រូវឲ្យក្រុមហ៊ុន បំពេញបែបបទឯកសារ តាមរយៈអង្គភាពលទ្ធកម្មនៃក្រសួង យ៉ាងយូរត្រឹមថ្ងៃទី ២៩ ខែឧសភា ដែលជាថ្ងៃចុងក្រោយនៃការទទួលពាក្យ និងជាថ្ងៃសម្រាប់បើកសំណើដេញថ្លៃ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអ្នកនាំពាក្យ លោក ម៉េង សក្តិធារ៉ា បានឲ្យដឹងថា ការប្រកាសដេញថ្លៃនេះ គឺដើម្បីបង្កើនតម្លាភាពក្នុងវិស័យនេះ និងជាអត្ថប្រយោជន៍លើចំណូលជាតិហើយទីតាំងខ្សាច់ ៤ ឡូត៍ថ្មីនេះ គឺស្ថិតនៅជាប់នឹងទីតាំងខ្សាច់ ៣ ឡូត៍ ដែលក្រសួង បានសម្រេចផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ទៅឲ្យកំពង់ផែស្វយ័តភ្នំពេញកាលពីសប្តាហ៍មុនដើម្បីឲ្យក្រុមហ៊ុនឯកជន មានសិទ្ធិក្នុងការប្រកួតប្រជែងដោយគោរពទៅតាមលក្ខខណ្ឌកំណត់របស់ក្រសួងដូចជាការបង្ហាញទំហំក្បាលបូមត្រូវមានសាឡង់ ឬទូក មានអ្នកបច្ចេកទេសជំនាញខាងបូមជាដើម។
លោកថា៖ «បរិវេណខ្សាច់ ៤ ឡូត៍នេះ ត្រូវបែងចែកមួយឡូត៍ សម្រាប់មួយក្រុមហ៊ុនមានន័យថា យើងបើកផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ចំនួន ៤ សម្រាប់ក្រុមហ៊ុនដែលដេញបាននោះ។ ការដាក់ដេញថ្លៃគឺកម្រិតអប្បបរមាពី ៤០ សេន/ដុល្លារសម្រាប់ខ្សាច់មួយម៉ែត្រគុប»។
កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្តល់អាជ្ញាប័ណ្ណលើកដំបូងចំនួនពីរឲ្យកំពង់ផែស្វយ័តភ្នំពេញដើម្បីស្តារផ្លូវនាវាចរណ៍នៅតាមបណ្តោយដងទន្លេមេគង្គ តាមផ្លូវជាតិលេខ ១ លេខ ៥ លេខ ៦ និងដេប៉ូនៅកោះពេជ្រ ដាក់លក់ខ្សាច់ប្រមាណពី ២ ទៅ ៣ ម៉ឺនម៉ែត្រគុប ទៅឲ្យដេប៉ូ ១០ កន្លែងក្នុងតម្លៃពី ៤,៥ ដុល្លារ ទៅ ៥ ដុល្លារក្នុងមួយម៉ែត្រគុប។
អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ឺ បាវី បានឲ្យដឹងកាលពីម្សិលមិញថា ក្រោយពីទទួលបានអាជ្ញាប័ណ្ណបូមខ្សាច់ កំពង់ផែស្វយ័តបានដំណើរការចែកចាយខ្សាច់ដោយផ្អែកលើតម្រូវការជាក់ស្តែង រហូតដល់ទៅចំនួន ១២ ដេប៉ូតាមតម្លៃកំណត់។
លោកថា៖ «យើងបានឃើញពីតម្រូវការខ្សាច់នៅម្តុំអ្នកលឿងត្រើយខាងលិចជាទីតាំងមួយដែលកំពង់ផែបានទទួលនូវសិទ្ធិធ្វើអាជីវកម្មខ្សាច់ តែមិនទាន់បានដំណើរការនៅឡើយ ហេតុនេះយើងបានកំពុងរៀបចំរបាយការណ៍ទៅក្រសួងហើយក្រសួងនឹងសម្រេចពីចំនួនដេប៉ូបន្ថែម ឲ្យខាងយើងលក់ឲ្យ»។
បើតាមលោក ម៉េង សក្តិធារ៉ា ពាក់ព័ន្ធនឹងតម្រូវការទីផ្សារខ្សាច់នេះក្រសួងក៏បាននិងកំពុងពិចារណាទៅលើការស្នើសុំពង្រីកដេប៉ូចែកចាយរបស់កំពង់ផែស្វយ័ត និងពាក្យសុំរបស់ម្ចាស់ដេប៉ូផ្ទាល់ផងដែរ ដើម្បីពិនិត្យលើលទ្ធផលនៃតម្រូវការខ្សាច់នេះ៕