ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹង នៅរសៀលថ្ងៃទី ៣ ខែ មេសានេះថា មានករណីស្លាប់បុរសជនជាតិ កូរ៉េ អាយុ ៤៨ ឆ្នាំ ម្នាក់ ដោយសារជំងឺកូវីដ១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះកើនដល់ ១៩ នាក់ហើយ គិតត្រឹមរសៀលថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ មានបុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ដែលរស់នៅ BELLA VITA APARTEMENT St. 51 បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នាថ្ងៃទី០២ ខែមេសា នៅវេលាម៉ោង ១៣:៣០នាទីរសៀល។

ក្រសួងបន្តថា បុរសជនជាតិកូរ៉េរូបនេះ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមីនា ប្រហែលម៉ោង ១១:៣០នាទី។ នៅថ្ងៃដដែលនេះ ដោយលទ្ធផលនៃការវិភាគវត្ថុសំណាករបស់គាត់ ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ១៩ ហើយអ្នកជំងឺត្រូវបានបញ្ជូនពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល វេលាម៉ោង ២១:១៥នាទីយប់។

ក្រសួងបញ្ជាក់ថា ៖«ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូងមកហើយ នោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ខែមេសាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន១៩ នាក់ហើយ៕