ភ្នំពេញ៖ ស្រ្តីខ្មែរ អាយុ ៥៦ ឆ្នាំម្នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១នេះ ដែលធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺនេះកើនឡើងរហូតដល់ចំនួន ១៤ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅយប់នេះ។

យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ ១៩ រូបនេះរស់នៅ សង្កាត់បឹ ងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ វេលាម៉ោង ១៦:៥០ នាទីល្ងាច។

ក្រសួងសុខាភិបាលឲ្យដឹងថា ស្ត្រីរកឃើញថា មានវិជ្ជមានវីរុសកូវីដ១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី ២៧ ខែមីនា ហើយគាត់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅថ្ងៃដដែលនោះ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩។

នៅយប់ថ្ងៃនេះដែរ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ស៊ីណូហ្វាម ចំនួន ៧០ ម៉ឺនដូស ដែលបានដឹកពីសាធារណរដ្ឋប្រជាមានិតចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១១ យប់ថ្ងៃទី ៣១ ខែមីនានេះ៕