ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​នាំយក​ថវិកា​ជាង​ ៨០០ ​លាន​រៀល ​ដែល​បាន​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ "​កម្ពុជា​ 5" ​ទៅ​ជូន​មូលនិធិ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ខណៈ​ក្រសួង​លក់​លេខ​ពិសេស​នេះ​បាន​ជាង ​១ ៤០០ ​ស្លាក ​លេខ​ដោយ​ទទួល​បាន​ថវិកា​សរុប​ចំនួន​​ជាង​ ៤ ​លាន​ដុល្លារ ក្នុង​រយៈពេល​ ៦ ​ខែ​កន្លងមក​។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បើក​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​កាលពី​ដើម​ឆ្នាំនេះ សម្រាប់​រថយន្ត​មាន​លក្ខណពិសេស​អាច​កុម្ម៉ង់​តាម​ការពេញចិត្ត និង​តាម​តម្រូវការ​ដែល​ជា​ការផ្តល់​ជម្រើស​សម្បូរបែប​ជូន​ពលរដ្ឋ​។ ​ស្លាក​លេខ​ប្រភេទ​នេះ​បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដែល​អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​រដ្ឋ និង​អាច​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​រក្សា​លេខ​នោះ​ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត​ថ្មី​របស់ខ្លួន​ក្រោយៗ​ទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ប្រមាណ​ជាង​ ១ ៤០០ ​ស្លាក​លេខ​ដោយ​ទទួលបាន​ថវិកា​សរុប​ចំនួន​ជាង​ ៤ ​លាន​ដុល្លារ​អាមេរិក​ ចាប់​តាំងពី​ថ្ងៃទី​ ៧ ខែ មករា ឆ្នាំ​ ២០២០ នៃ​ការបើក​ដំណើរការ​ដំបូង​រហូត​ដល់​ខែមិថុនា​នេះ ដោយ​ថវិកា​ទាំងអស់​ត្រូវ​ប្រមូល​ចូល​រដ្ឋ​។ ​ចំពោះ​លេខ​ប្រភេទ​ «​កម្ពុជា​ 5» ​ត្រូវ​បាន​លក់ដាច់​អស់​​ហើយ ដោយ​បាន​ថវិកា​សរុប ៨០០ ៤៨០ ០០០ ​រៀល ប៉ុន្តែ​​ត្រូវ​បាន​ប្រគល់​ថវិកា​ទាំងអស់​​នេះ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​»​។

លោក​បន្ថែមថា ការបរិច្ចាគ​ថវិកា​វិភាគទាន​សប្បុរសធម៌​នេះ​គឺជា​លើក​ទី​ ២ ​ហើយ​ដែល​ក្រសួង​បានប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយ​យោង​តាម​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានអនុញ្ញាត​ដើម្បី​ចូលរួម​ចំណែក​ពិនិត្យ និង​ការព្យាបាល​ជំងឺ​កុមារ​។

ថ្ងៃទី​ ១៧ ​ខែ​មិថុនា​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​នាំយក​ថវិកា ដែល​បាន​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ "​កម្ពុជា​ 5" ​ចំនួន​ជាង​ ៨០០ ​លាន​រៀល​ទៅ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មាន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរធនបាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ជា​អ្នកទទួល​។

នៅក្នុង​គេហទំព័រ​ហ្វេសប៊ុក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​ដកស្រង់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា យោងតាម​ការសម្រេច​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​ប្រគល់​ថវិកា​នេះ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ ដើម្បី​ចូលរួមចំណែក​ក្នុង​ការពិនិត្យ​ និង​ការព្យាបាល​ជំងឺ​កុមារ​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។

លោក​បន្តថា ការលក់​លេខពិសេស​ផ្ទាល់ខ្លួន​កន្លង​ទៅ​នេះ​ជា​ប្រភព​ចំណូល​ថ្មី​មួយទៀត​​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បង្កើត​ឲ្យ​មាន​ការលក់​ និង​ដេញថ្លៃ​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការរក​ថវិកាជាតិ​។ ​លោក​ថា​៖ «​ចំណូល​​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា​ 5” ដែល​មាន​ទឹកប្រាក់​ជាង​ ៨០០ ​លាន​រៀល គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រភេទ​លេខ​ពិសេស​ផ្ទាល់​ខ្លួន​មួយ​នេះ​លក់បាន​ក្នុងតម្លៃ​ខ្ពស់​គួរ​ជា​ទីមោទនៈ​»​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា​ចុះ​ថ្ងៃទី​ ១៧ ខែមិថុនា ដែល​ភ្នំពេញប៉ុស្ដិ៍​ទទួលបាន​កាលពី​ម្សិលមិញ​បាន​ដកស្រង់​ប្រសាសន៍​​របស់​លោក អូន ព័ន្ធមុនីរ័ត្ន ​ឲ្យ​ដឹងថា ការឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ពុំមាន​ការថយចុះ​នោះទេ បើ​ទោះបី​ជា​​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ បាន និង​កំពុង​មាន​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ក៏ដោយ​។

លោក​បាន​លើក​ទឹកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​កន្លងមក​បាន​បំពេញ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ និង​បានស្នើ​ឲ្យ​បន្ត​កិច្ចសហការ​ទៀត ដើម្បី​ធ្វើឲ្យ​សេវា​នេះ​កាន់តែ​ល្អប្រសើរ និង​អាច​រក​ចំណូល​ជូន​រដ្ឋ​បាន​កាន់តែ​ច្រើន​។

ជាមួយ​នេះ​ដែរ​លោក អូន ព័ន្ធមុនីរ័ត្ន បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​បន្ត រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​ក្នុង​គោលដៅ​រួម​តែ​​មួយគត់​គឺ​ដើម្បី​រក្សា​និរន្តរភាព​នៃ​កិច្ចដំណើរកា​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​សង្គ្រោះ និង​លើកកម្ពស់​សុខុមាលភាព​របស់​ទារក​​ និង​កុមារ​នៅ​កម្ពុជា​៕