ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​រៀបចំ​កែសម្រួល​នីតិវិធី​មួយចំនួន​ទាក់ទង​នឹង​ការផ្តល់​សេវា​ក្នុង​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​នៅ​ទូទាំង​ប្រទេស​ដោយ​សម្រេច​ប្រគល់​សិទ្ធិ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​ដើម្បី​ធ្វើឱ្យ​ការផ្តល់​សេវា​មាន​ប្រសិទ្ធភាព តម្លាភាព និង​រហ័ស​ទាន់​ចិត្ត ជា​អ្វី​ដែល​សង្គម​ស៊ីវិល​ថា ការសម្រេច​នេះ​ស្រប​តាម​ការចង់​បាន​របស់​ពលរដ្ឋ​។

នៅក្នុង​សេចក្តី​ណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចុះ​ថ្ងៃ​ ១៤ ខែកក្កដា និង​ត្រូវបាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​ធ្វើ​ប្រតិភូកម្ម​សេវាសាធារណ:​ជាច្រើន​ក្នុង​វិស័យ​ដឹកជញ្ជូន​ដោយ​ក្នុង​នោះ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ដែល​មាន​ដូចជា ការផ្តល់​បណ្ណ​សម្គាល់​ជលយាន ការត្រួតពិនិត្យ លក្ខណ:​បច្ចេកទេស​ជលយាន និង​ការផ្តល់​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវទឹក​។

ក្រសួង​សាធារណការ​បាន​បន្ត​​ថា ការកែសម្រួល​នីតិវិធី​នេះ​​ដើម្បី​ធានា​ប្រសិទ្ធភាព​ដល់​ការផ្តល់​សេវា​រដ្ឋបាល​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​នៃ​រដ្ឋបាល​រាជធានី-ខេត្ត​។ ក្នុងនោះ​ផ្តល់​សមត្ថកិច្ច​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​មាន​កាតព្វកិច្ច​ក្នុង​ការផ្តល់​បណ្ណ​សម្គាល់ ការត្រួត​ពិនិត្យ​លក្ខណ:​បច្ចេកទេស និង​ការផ្តល់​លិខិត​អនុញ្ញាត​ធ្វើ​​អាជីវកម្ម​សម្រាប់​ជលយាន​ដែល​មាន​ចំណុះ​ពី​ ៤០ ​តោន​ចុះក្រោម ផ្ទុក​អ្នក​ដំណើរ​ពី​ ៥០ ​នាក់​ចុះក្រោម និង​កម្លាំង​ម៉ាស៊ីន​ពី​ ៩០ ​សេះ​ចុះក្រោម​ប៉ុណ្ណោះ​។

ក្រសួង​បញ្ជាក់ថា​៖ «​រដ្ឋបាល រាជធានី-ខេត្ត​ត្រូវ​ធ្វើ​របាយការណ៍​ទៀងទាត់​អំពី​ការផ្តល់​បណ្ណ​សម្គាល់ការ​ត្រួតពិនិត្យ​លក្ខណ:​បច្ចេកទេស​ជលយាន និង​ការផ្តល់​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវទឹក​មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោយ​ចម្លងជូន​ក្រសួង​មហាផ្ទៃ​តាម​គោលការណ៍​កំណត់​។ ​គ្រប់​អង្គភាព​ទាំងអស់​​ត្រូវ​អនុវត្តតាម​ខ្លឹមសារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​»​។

ទោះជា​យ៉ាងណា​ក្រសួង​​បញ្ជាក់ថា រាល់​លិខិត​ឯកសារ​ទាំងអស់​ត្រូវធ្វើ​តាម​ច្រកចេញ-ចូល​តែមួយ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ការអនុវត្ត​ស្រប​តាម​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន​។ រីឯ​សម្រង់​ព័ត៌មាន​ត្រូវ​​ធ្វើ​បច្ចុប្បន្នភាព​ជា​ទៀងទាត់​យ៉ាងតិច​ ១ ​ឆ្នាំ​ម្តង​។

លោក ម៉ក់ ស៊ីដេត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការកែសម្រួល​បែបបទ និង​នីតិវិធី​នេះ​គឺ​គ្រាន់តែ​ការចែករំលែក​កិច្ចការ​មួយ​ចំនួន​ទៅ​ថ្នាក់ក្រោម​ជាតិ​តាម​ការដាក់ចេញ​របស់​ក្រសួងមហាផ្ទៃ​។

លោក​បញ្ជាក់ថា​៖ «​យើង​ធ្វើតាម​រដ្ឋាភិបាល​ដែល​បាន​ផ្ទេរ​សេវា​មួយចំនួន​ឲ្យ​ថ្នាក់ក្រោម​ជាតិ​ដែល​ឲ្យ​ច្រកចេញចូល​តែមួយ​គាត់​អាចធ្វើ​ទៅតាម​កម្រិត​សមត្ថភាព​ដែល​អាច​ទទួល​ខុសត្រូវ​បាន​។ ​ចំពោះ​ជលយាន​ដែលមាន​ចំណុះ​លើសពី​ការកំណត់​ក្នុង​សេចក្តី​ណែនាំ​នេះ គឺ​ត្រូវ​មក​ទទួល​សេវា​រដ្ឋាភិបាល​នៅ​ក្រសួង​សាធារណការ​ដដែល​»​។

លោក ម៉ក់ ស៊ីដេត បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​នឹង​ចុះ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ទៅ​មន្ត្រី​​នៅ​តាម​ច្រកចេញចូល​តែមួយ​ដែល​មិនមាន​បទពិសោធ​ដើម្បី​បាន​ចំណេះដឹង​ជាក់លាក់​ក្នុង​ការផ្តល់​សេវា​ជូន​ពលរដ្ឋ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​សាទរ​ចំពោះ​ការផ្ទេរ​សមត្ថកិច្ច​ខ្លះមក​កាន់​ថ្នាក់ក្រោម​ជាតិ​នេះ ពិសេស​តាម​ច្រកចេញចូល​​តែមួយ​ដែល​ភាគច្រើន​មាន​ការពេញចិត្ត​ពី​ពលរដ្ឋ ហើយ​ក៏​បាន​ចូលរួម​កាត់បន្ថយ​អំពើ​ពុករលួយ​ផងដែរ​។

លោក​ថា​៖ «​ជា​វិធី​មួយ​កាត់បន្ថយ​ការចំណាយ ការកកស្ទះ ការធ្វើ​ដំណើរ​របស់​ប្រជាជន​ដែល​ត្រូវ​ឡើងមក​ទីរួមស្រុក ឬ​ទី​រួមខេត្ត​ ឬ​ឡើងមក​ភ្នំពេញ​ក្នុង​ការស្វែងរក​សេវា​ទាំងនេះ​។ មួយ​​ទៀត​ក៏​កាត់បន្ថយ​ការជួបជុំ​គ្នា កកកុញ​ក្នុង​សម័យ​កូវីដ​១៩​នេះ​​ផងដែរ​។ ​ខ្ញុំ​ក៏​សង្ឃឹម​ថា​រដ្ឋាភិបាល​​ក៏ដូចជា​ដៃគូ​គាំទ្រ​នឹង​បន្ត​ពង្រឹងពង្រីក​ទាំង​គុណភាព និង​បរិមាណ​​ច្រកចេញចូល​តែមួយ​...»៕