ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​ធ​ទិវា​​ពិភព​លោក​ ដើម្បី​សុវត្ថិភាព និង​​សុខភាព​ការងារ​ឆ្នាំ​ ២០២០ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត វីដេអូ Conference ខណៈ​រដ្ឋាភិបាល​ណែនាំ​ឲ្យ​កម្មករនិយោជិត ប្រារព្ធ​ទិវា​នេះ​ដោយ​ការឈប់​សម្រាក​តាម​ផ្ទះ​ចៀសវាង​មាន​ការប្រមូលផ្តុំ​។

កាលពី​ម្សិលមិញ​មាន​អ្នកចូលរួម​ចន្លោះ​ពី ៥០០ ​នាក់​ ទៅ ១ ០០០ នាក់​ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត វីដេអូ Conference ដើម្បី​ប្រារព្ធ​ពិធី​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​ឆ្នាំ​ ២០២០ ក្រោម​ប្រធានបទ «​បញ្ឈប់​ការរាតត្បាត​សកល​៖ ការរៀបចំ​ផែនការ​ឆ្លើយតប​គ្រោះអាសន្ន​ដើម្បី​បញ្ឈប់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​កន្លែង​ធ្វើការ​»​។

ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ទិវា​នេះ​មាន​ការចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​កម្ពុជា អង្គការ​អន្តរជាតិ​ខាង​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ថៃ និង​ឡាវ តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា តំណាង​សហជីព និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​បន្តថា​៖ «​នេះ​ជា​ឆ្នាំ​ទី​ ១៥ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​ទិវា​ពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ​ក្រោម​កិច្ចសហការ​ផ្នែក​បច្ចេកទេស​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) តាមរយ:​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​គម្រោង​លើកកម្ពស់​ស្តង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់ (ILO-OSH) ក្នុង​គោលបំណង​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ផែនការ​ឆ្លើយតប និង​វិធានការ​ចាំបាច់​នានា​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​កន្លែង​ធ្វើការ​»​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា​នៅក្នុង​បរិបទ​នៃ​ការរីករាលដាល​ការឆ្លង​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ នឹង​ប្រយុទ្ធប្រឆាំង​កូវីដ ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

លោក​បន្តថា ក្រសួង​សុខាភិបាល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ និង​ហ្មត់ចត់​ដោយផ្ទាល់​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​កំពុង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​ជំងឺ​កូវីដ​ ១៩ ​នេះ​ ដល់​ប្រជាជន​ទូទាំង​ប្រទេស ដើម្បី​ផ្តល់​ចំណេះដឹង​ពី​សុខភាព​សាធារណៈ​លើ​ការបង្ការ​ខ្លួន​ឲ្យ​ចៀស​ផុតពី​ការឆ្លង​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​នូវ​សេចក្តី​ណែនាំ​បន្ថែម​ជា​បន្តបន្ទាប់ ថែមទាំង​បាន​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ និង​បង្រៀន​ដល់​រដ្ឋបាល ប្រធាន​ក្រុម ប្រធាន​ផ្នែក​រោងចក្រ សហគ្រាស​ពី​វិធី​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩»​។

លោក Graeme Buckley នាយក​ប្រចាំ​ប្រទេស​អង្គការ​អន្តរជាតិ​ខាង​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ថៃ និង​ឡាវ​បាន​ថ្លែង​តាម​វីដេអូ Conference ពី​ទីក្រុង​បាងកក ប្រទេស ​ថៃ​ ថា​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការឆ្លើយតប​ទៅនឹង​មេរោគ​កូវីដ ​១៩ ជាពិសេស​ការចាត់​វិធានការ​ដោះស្រាយ​ពី​ការគំរាមកំហែង​ដល់​កម្មករនិយោជិត​នៅ​តាម​បណ្តា​រោងចក្រ​កាត់ដេរ​។

លោក​បន្តថា​៖ «​អង្គការ ILO រួមទាំង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា និង​គម្រោង​លើកកម្ពស់​ស្តង់ដា​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​របស់​អង្គការ ILO នៅក្នុង​ប្រទេស​ កម្ពុជា ប្តេជ្ញា​ធ្វើការ​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​ពិភពលោក​ដែល​មាន​កន្លែង​ការងារ​កាន់តែ​មាន​សុខភាព និង​សុវត្ថិភាព ប្រសើរ​ឡើង​សម្រាប់​ប្រជាជន​ទាំងអស់​»​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​មួយ​ក្នុង​ន័យ​ចូលរួម​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា​ដែល​ជា​ខួប​លើក​ទី ១៣៤ ក្រោម​ប្រធានបទ «​សន្តិភាព និង​ការងារ​សមរម្យ​»​។ ប៉ុន្តែ​ដោយសារតែ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​ជំងឺ​កូវីដ ១៩ រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​គ្រប់​ស្ថាប័ន ជាពិសេស​កម្មករនិយោជិត​ទាំងអស់​ត្រូវ​ចូលរួម​រៀបចំ​រំឭក​ខួប​អបអរ​ទិវា​នេះ តាម​រូបភាព​នៃ​ការឈប់​សម្រាក​តាម​ផ្ទះ​ជាមួយ​ក្រុមគ្រួសារ ឬ​កន្លែង​ស្នាក់នៅ​។

សារាចរ​ដដែល​បាន​បន្ត​ថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​រាជធានី ខេត្ត​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ផ្សព្វផ្សាយ ណែនាំ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករនិយោជិត និង​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់​មក​ស្រុកកំណើត​ឲ្យ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ទាំងអស់​គ្នា​។

រដ្ឋាភិបាល​ថ្លែងថា​៖ «​ទន្ទឹមនឹងនេះ​ត្រូវ​បន្ត​ធានា​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ឱកាស​នៃ​ការរំឭក​ខួប​នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ឧសភា ឆ្នាំ​ ២០២០ ​នេះ​»៕