ភ្នំពេញៈ ក្រសួង​ព័ត៌​មាន ​កាលពី​ម្សិល​មិញ ​បាន​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​ ដើម្បី​ពិភាក្សា​​អំពី​​ការ​ផ្សព្វ​ផ្សាយ «​ព័ត៌មាន​ក្លែង​ក្លាយ» នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម។ លោក ​អ៊ុក​ គឹម​សេង​ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន​បាន​ថ្លែង​ថា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​លោក ​​ខៀវ​ កាញា​រីទ្ធ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ ​ប៉ុន្តែ​លោក​បាន​បដិ​សេធ​បញ្ជាក់​លម្អិត​​អំពី​បញ្ហា​ដែល​បាន​ពិភា​ក្សា​នោះ។

លោក​ គឹម​សេង ​ថ្លែង​ថា៖ «​វា​គ្រាន់​តែ​ជា​ការ​ត្រូត​ពិនិត្យ​មើល​ថា​ តើ​យើង​នឹង​ធ្វើ​អ្វី​ជាមួយ​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​ក្លែង​ក្លាយ​នោះ។ ​លោក​រដ្ឋ​មន្ត្រី​បាន​ណែ​នាំ​យើង​ដោយ​គាត់​ចង់​ឱ្យ​យើង​និយាយ​អំពី​ការ​ឆ្លើយ​តប​ទៅនឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​»។

លោក​ គឹម​សេង​ បាន​បដិ​សេធ​ថា ​ក្រុម​មន្ត្រី​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​លើ​បញ្ហា​នេះ ​ទោះ​បីជា​ក្រសួង​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​ថា​មន្ត្រី​កំពុង​ពិភា​ក្សា​អំពី​ការ​ត្រួត​​ពិនិត្យ​ឡើង​វិញ«លើ​ប្រ​កាស​អន្តរ​ក្រ​សួង​»ក្តី។

លោក​បាន​ថ្លែង​​ដែរ​ថា​ ការ​ពិភា​ក្សា​នេះ​គឺ​មិន​ទាក់​ទង​នឹង​សេចក្តី​ព្រាង​«ច្បាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សង្គម»​ទេ ​ដែល​វា​ត្រូវបាន​ប្រ​កាស​ដោយ​តំណា​ង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​លោក​ ឈាង ​វ៉ុ​ន​ កាល​ពី​ខែ​មុន​នោះ​ទេ​។

នៅ​ពេល​នោះ​លោក ​វ៉ុ​ន​ បាន​ថ្លែង​ថា​ ក្រុម​អ្នក​តាក់​តែង​ច្បាប់​កំពុង​ស្វែងរក​ការ​ដាក់​ទោស​លើ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដែល​កំពុង «វាយ​ប្រ​ហារ​បុគ្គល​សា​ធារណៈ​ដោយ​​ខុស​ច្បាប់​និង​គ្មាន​ភ័ស្តុ​តាង»។

នៅ​ពេល​ទាក់ទង​កាល​ពី​ម្សិល​មិញ​ លោក ​ឈាង វុន​ បាន​ឆ្លើយ​ថា៖« ខ្ញុំ​មិន​និយាយ​ជា​មួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ»។

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​លោក​ ខៀវ​ កាញា​រីទ្ធ​ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិល​មិញ។ ដោយ​ឡែក ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ​ខៀវ​ សុភ័គ​ បាន​ថ្លែង​ថា ​លោក​មិន​មាន​ព័ត៌​មាន​អំពី​ច្បាប់​ស្តី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ណា​មួយ​ទេពី​ព្រោះ​វា «មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ»។

បញ្ហា​ស្តី​អំពី​ការ​អត្ថា​ធិប្បា​យ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ​បាន​កើន​ឡើង​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​ ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​នាយិ​កា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ស្រី​ ចក់​ សុភាព​ បាន​ហៅ​ថា​ជា​ក្តី​បារម្ភ​ដ៏ជ្រាល​ជ្រៅ។

នៅ​ក្នុង​ឧទា​ហរណ៍​ថ្មី​បំផុត​មួយ ​គឺ​បុរស​ម្នាក់​មកពី​ខេត្ត​កំពង់​ចាម ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​រៀប​អា​ពាហ៍​ពិពាហ៍​របស់​ខ្លួន​កាល​ពី​ខែ​មុន​ពា​ក់ព័ន្ធនឹងការ​​​ហៅ​រដ្ឋា​ភិ​បាល​កម្ពុជា​​ថា «ផ្តាច់​ការ» នៅក្នុង​ឃ្លី​ប​វីដេ​អូ​មួយ​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក។

បើ​តាម​លោក​ស្រី​ សុភាព​ ពាក្យ​ថា «ព័ត៌​មាន​ក្លែង​ក្លាយ» ជា​ញឹក​ញាប់​ត្រូវ​បាន​ប្រើ​ដោយ​អ្នក​នយោបាយ​ទាំង​នៅអា​មេរិក​និង​កម្ពុជា​ដើម្បី​រារាំ​ង​ការរិះ​គន់​អំពី​កំហុស​របស់​ខ្លួន។​ លោក​ស្រី​ថ្លែង​តាម​រយៈ​អ៊ីមែល​ថា៖ «ភាព​ខុស​គ្នា​សំខាន់​នៅ​កម្ពុជា​គឺថា​រដ្ឋា​ភិបាល​មាន​អំណាច​តាម​ដាន​មើល​ការ​រិះគន់​»។

លោកស្រី​ សុភាព​ បន្ថែម​ថា​ ជា​មួយនឹង​ការ​បិទ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ឯក​រាជ្យដូចជា​វិទ្យុ​អាស៊ី​សេរី​និង​កាសែត​ខេ​ម​បូ​ឌា​ដេលី គឺ​ប្រជា​ជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ៗ ហាក់​ដូចជា​ងាក​ទៅ​រក​ប្រព័ន្ធ​ ​សង្គម​វិញ ទាំង​សម្រាប់​ទ​ទូល​ព័ត៌​មាន​និង​ជា​វេទិកា​ការ​បញ្ចេញមតិ​ផ្ទាល់​ខ្លួន។​ លោក​ស្រី​ថ្លែងថា ៖«ដូច្នេះ​ហើយ​ទើប​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ច្រើន​ឡើង​ទៅលើ​ប្រព័ន្ធ​ អន​ឡាញគឺ​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​នោះទេ….» ។

លោកស្រី​ ក៏បាន​បញ្ជាក់​ដែរ​ថា​ រាល់​ដំណើរ​ការ​នីតិវិធី​​ណា​មួយ​ គួរ​តែ​ត្រូវបាន​ធ្វើ​ឡើង​ប្រកប​ដោយ​​តម្លាភាព​និង​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​និង​សាធារ​ណជន។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​លោក​ យឿ​ង​ សុធា​រ៉ា​ បាន​ថ្លែងថា ​ច្បាប់​​ឬ​សេចក្តីប្រកាស​​ថ្មី​ណា​មួយ​ត្រូវតែ​ធ្វើតាមច្បាប់​គោល​ ហើយ​នៅក្នុង​ករណី​នេះ​គឺ​រដ្ឋធម្ម​នុញ្ញ​កម្ពុជា។

លោក​ សុធា​រ៉ា​ ថ្លែង​ថា៖«ជំពូក​៣​ស្តី​អំពី​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ សេរីភាព​នៃ​ការបញ្ចេញមតិ ហើយ​សិទ្ធិ​នេះ​មិន​អាច​ត្រូវ​បាន​គេ​រំលោភ​បានទេ»។

លោក​ Sutawan Chanprasert​ មន្ត្រី​កម្ម​វិធី​របស់​អង្គ​ការ​ Asian Forum for Human Rights and Development ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​បាង​កក​បាន​យល់ស្រប​ថា​ពាក្យ ​«ព័ត៌​មាន​ក្លែង​ក្លាយ» គឺ​វា​មាន​លក្ខណៈ​ទូលំ​ទូលាយ​ណាស់​ដែ​លវា​អាច​ក្លាយ​ជា​ឧបករណ៍​នយោ​បាយ​បាន​យ៉ាង​ងាយ​​ប្រសិន​បើ​ច្បាប់​នោះ​ត្រូវ​បាន​អនុ​ម័ត។

លោក Chanprasert បានប​ញ្ជាក់​ថា៖« ស្ថាន​ភាព​នេះ​មើល​ទៅ​ហាក់​ដូច​ជា​កំពុង​កើន​ឡើង​និង​កាន់​តែ​ធ្ងន់ទៅ​ៗ ដោយ​សារ​ការ​បោះ​ឆ្នោត​ជាតិ​នឹង​ចូល​មក​ដល់​នាពេល​ខាង​មុខ​ហើយ​សម្រាប់​រដ្ឋាភិបាល​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​ផង»​៕ NS