ភ្នំពេញៈ លោក​ ​អង្គ​ ​វង្ស​វឌ្ឍានា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ​​និង​មន្ត្រី​ជំ​នាញ​គ្រោង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ពិនិត្យ​លើ​សំ​ណើ​សុំ​អនុ​គ្រោះ​ទោស​ដល់​ទណ្ឌិត​ចំ​នួន​​ ២៥២ ​នាក់​ ​(​ស្រី ​១​៦​ នា​ក់​) នៅ​​ក្នុង​ឱកាស​ពិធី​បុណ្យពិសាខ​បូជា​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​។ ​យោង​​តាម​ហ្វេស​ប៊ុក​របស់​ក្រសួង​យុត្តិ​ធម៌​កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​ ​ឧសភា។

​​ហ្វេស​ប៊ុក​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា​ ​សំណើ​សុំ​អនុ​គ្រោះទោស​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​គណៈ​កម្ម​ការ​រាជ​ធានី​ ​ខេត្ត​ ​(​ពន្ធ​នា​គារ​រាជ​ធានី ​ខេត្ត​)​ ​ចំនួន​ ​២២​ និង​មណ្ឌល​អប់​រំកែ​ប្រែ​ចំនួន ៣​ (​ម១​+​ម​៣​+​ម​៤​)​ ។​លោក​ ​ជិន​ ​ម៉ាលីន ​រ​ដ្ឋ​លេខា​ធិការ​ ​និង​ជា​អ្នក​នាំ​ពា​ក្យ​ក្រសួង​យុត្តិ​ធម៌​ ប្រា​ប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា នេះ​ជា​ការ​អនុ​វត្ត​ដែល​ធ្វើ​ឡើង​ជា​ប្រ​ក្រតី​៣​ដង​ក្នុង​រយៈពេល ១ ឆ្នាំ។

លោក​ ​ជិន​ ​ម៉ាលី​ន​ ​បាន​បញ្ជាក់​ថា​៖​ ​«​សម្រាប់​បុណ្យ​ពិសាខ​បូជា​ខាង​មុខ​ហ្នឹង​ អ៊ីចឹង​យើង​​ធ្វើ​ការ​ពិនិត្យ​នូវ​សំ​ណើ​ដែល​ស្នើ​ឡើង​ពី​គណៈ​កម្ម​ការ​ថ្នាក់​ខេត្ត​មុន​នឹង​សម្រេច​បញ្ជូន​ទៅ​រដ្ឋា​ភិ​បាលដើម្បី​បញ្ជូន​ទៅ​ព្រះករុណា​បន្ត​ទៀត»។​ ​

​លោក​ ​ជិន​ ​ម៉ា​លីន ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ដើម្បី​ទទួល​បាន​ការ​បន្ធូ​របន្ថយ ​និង​លើក​លែង​ទោស​បាន ជា​គោល​ការ​ណ៍​ច្បាប់​ទ​ណ្ឌិត​ត្រូវ​តែ​អនុ​វត្ត​ទោស​បាន​មួយ​ចំនួន​នៅ​ក្នុង​ពន្ធ​នា​គារ ​មាន​ន័យ​ថា​ អ្នក​ដែល​អនុ​វត្ត​ទោស​បាន​ ១ ​ភាគ​ ៣ ​អា​ច​ទទួល​បាន​ការ​បន្ទូ​របន្ថយ​ទោស ​ហើយ​អ្នក​ដែល​អនុ​វត្ត​ទោស​បាន​ ២ ​ភាគ ​៣ ​អាច​ទទួល​បាន​ការ​លើក​លែង​ទោស។ ​

ប៉ុន្តែ​នេះ​មិន​មែន​ជា​លក្ខ​ខណ្ឌ​តែ​មួយ​ទេ​ ​វា​គួប​ផ្សំជាមួយ​នឹង​លក្ខ​ខណ្ឌ​នៃ​ការ​ក​សាង​កែ​ប្រែ​ក្នុង​​ពន្ធ​នាគារ​ទៀត​ដែល​ឆ្លង​កាត់​តាម​ការ​វាយ​តម្លៃ​តាំង​ពី​ក្រុម​ការ​ងារ​ក្នុង​ពន្ធ​នា​គារ​ ​គណៈ​កម្មការ​ថ្នាក់​ខេត្ត​រហូត​ដល់​គណៈ​កម្ម​ការ​ថ្នាក់​ជាតិ។​ ​សំខាន់​គឺ​អ្នក​ដែល​មាន​សាល​ក្រម​ស្ថាពរ​ ​មាន​ន័យ​ថា​អ្នក​ក្លាយ​ជា​ទណ្ឌិត​ត្រូវ​មាន​សាល​ក្រម​ស្ថាពរ។​

​ក្រ​សួង​មហា​ផ្ទៃ​ ​អគ្គ​នា​យកដ្ឋាន​ពន្ធ​នាគារ​ ​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី និង​តំណាង​អយ្យ​ការ​តុលា​ការ​ ​នឹង​ចូល​រួម​ពិនិត្យ​សំណើ​នេះ​ផងដែរ។​ ​

លោក​ អំ​ ​សំអាត​ អ្នក​ស៊ើបអង្កេត​ជាន់​ខ្ពស់​អង្គ​ការ​សិទិ្ធមនុស្ស​លីកា​ដូថ្លែង​​ថា​៖ «យើង​ចង់​ឱ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​តម្លា​ភាព​និង​យុត្តិ​ធម៌​ចំពោះ​ទណ្ឌិត​ឬ​ក៏​ពិ​រុទ្ធ​ជន​ដែល​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់​ក្នុង​ការ​បន្ធូរបន្ថយ​​នៃ​ការ​លើក​លែង​ទោស​នោះ​ហើយ​ត្រូវ​តែ​ទទួល​បាន​នូវ​សិទ្ធិ​ដូច​គ្នា​ក្នុ​ង​ការ​ស្នើ​សុំ កុំ​ឱ្យ​មាន​ការ​រើស​អើង​ ​ឬ​មាន​ភាពមិន​ប្រ​ក្រ​តី​ពី​ក្រោម​មក»៕