
ប្រជាសហគមន៍ចុះពិនិត្យការកាប់រានដីព្រៃនៅព្រៃឡង់កន្លងមក។ សហគមន៍
ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវសាជាថ្មីពីម្សិលមិញ ដល់ប្រជាពលរដ្ឋស្លូតត្រង់កុំឱ្យចាញ់បោកមេខ្យល់ខិលខូច និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់ លើករណីឈូសឆាយ កាប់ឆ្ការ រុករានទន្រ្ទានដីព្រៃរបស់រដ្ឋ បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់។
លោកថ្លែងថា ខណៈទីផ្សារដីធ្លីនៅកម្ពុជាមានតម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល ដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេស កម្ពុជា ដោយខុសច្បាប់ ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងពេលខ្លះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិ ត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនក៏មាន។
លោកថា៖ «ក្រុមជនខិលខូចបាននិងកំពុងអនុវត្តទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ»។ ពួកគេបានភូតកុហកបោកប្រាស់ពលរដ្ឋស្លូតត្រង់ដោយយកដីរដ្ឋឬដីដែលមានកម្មសិទ្ធិមកធ្វើជារបស់ខ្លួននិងលក់ក្នុងតម្លៃថោកៗឱ្យពលរដ្ឋ»។
ជាងនេះទៀត លោកបានប្រាប់ប្រជាពលរដ្ឋ «កុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ ដែលនាំឲ្យមានការប្រឈមចំពោះមុខច្បាប់ ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ»។
លោក នេត្រ ភក្ត្រា បន្តថា៖ «ពេលខ្លះពួកគេបានញុះញង់ពលរដ្ឋឱ្យសាងសង់ខ្ទមតូចៗ និងដាំដំណាំផ្សេងៗលើដីរបស់គេដែលមានកម្មសិទ្ធិ ដើម្បីតវ៉ាថាខ្លួនបានតាំងលំនៅជាយូរមកហើយ និងប្រសិនបើចង់ឱ្យរុះរើចេញត្រូវមានសំណង ឬផ្តល់ចំណែកដីណាមួយដល់ខ្លួនជាដើម។ មុននឹងទិញលក់ដី ត្រូវប្រយ័ត្នប្រយែងក្រែងប៉ះចំដីរដ្ឋ ឬដីដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឱ្យបងប្អូនបាត់បង់ផលប្រយោជន៍»។
លោកបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យ និងដកហូតមកវិញនូវដីរដ្ឋដែលទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច។ កន្លងទៅនេះ អាជ្ញាធរបានចាត់វិធានការច្បាប់ប្រឆាំងនឹងបទល្មើស នៃការរុករានទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ។ មេខ្លោងមួយចំនួនដែលនៅពីក្រោយបទល្មើសនេះ ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជម្រះក្តីតាមច្បាប់បណ្តើរៗហើយ។
ជាមួយគ្នានេះអាជ្ញាធរក៏បានប្រកាសឱ្យបញ្ឈប់ជាបន្ទាន់រាល់ការទិញលក់ដីរដ្ឋដោយខុសច្បាប់។ ជនដែលនៅតែបំពាន នឹងត្រូវប្រឈមមុខច្បាប់ជាកំហិតយោងតាមច្បាប់ស្តីពីការការពារតំបន់ធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារជាតិចុះមូលដ្ឋាន និងក្រុមការងារថ្នាក់កណ្តាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៨ មេសា លោកសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានគូសបញ្ជាក់ នៅចំពោះមុខក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់មូលដ្ឋានទាំងអស់ថា ខេត្តព្រះសីហនុ ត្រូវបញ្ចប់ជម្លោះដីធ្លីដែលរ៉ាំរ៉ៃជាយូរមកហើយឱ្យបានទាំងស្រុង។
លោកសង្កត់ធ្ងន់ថា៖ «មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ និងត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីចាស់ឱ្យបានបញ្ចប់ទាំងស្រុង»។
លោករដ្ឋមន្រ្ដីលើកឡើងថា ការដោះស្រាយជម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចា តាមផ្លូវតុលាការឬតាមរយៈការចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យបានសព្វគ្រប់។
លោកក៏បានព្រមានផងដែរថា៖ «ជនខិលខូចទាំងឡាយ ដែលមានការជាប់ពាក់ព័ន្ធនឹងការរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់។ គ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ ប្រសិនបើជនណានៅតែបំពានច្បាប់ នោះនឹងមិនមានការលើកលែងឡើយ វិធានការច្បាប់ដ៏តឹងរឹុងនឹងត្រូវអនុវត្ត»។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា ការអំពាវនាវតែមួយមុខរបស់ក្រសួងបរិស្ថាន នឹងមិនមានប្រសិទ្ធភាពសម្រាប់ការការពារដីព្រៃរបស់រដ្ឋនៅតាមខេត្ដមួយចំនួនដែលរងការកាប់បំផ្លាញនោះទេ។
លោកបន្តថា៖ «ក្រសួងបរិស្ថាន ត្រូវតែចាត់វិធានការចំពោះមេខ្លោង ដែលជួលប្រជាពលរដ្ឋឱ្យមកកាប់បំផ្លាញដីព្រៃរបស់រដ្ឋព្រោះខ្ញុំសង្កេតមើលឃើញថា ដូចករណីនៅឧទ្យានជាតិរាម អ្នកដែលកាប់បំផ្លាញដីព្រៃរបស់រដ្ឋនោះ គឺសុទ្ធសឹងតែជាអ្នកមានអំណាច និងមានមន្រ្ដីពាក់ព័ន្ធនៅពីក្រោយ»។
ក្នុងនាមសង្គមស៊ីវិលធ្វើការងារជាមួយសហគមន៍តាមខេត្ដជាមួយពលរដ្ឋផ្ទាល់ លោក សាវឿន បានស្នើទៅក្រសួងបរិស្ថានចាត់វិធានការម៉ឺងម៉ាត់ចំពោះមេខ្លោង ដែលជួលប្រជាពលរដ្ឋឱ្យមកទន្ទ្រានដីព្រៃជា សម្បត្ដិរបស់រដ្ឋ និងឯកជននេះ៕