ភ្នំពេញៈ ក្រសួងទេសចរណ៍ណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃ និងគុណភាពសេវាកម្មរបស់ខ្លួន ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងចាប់ផ្តើមនាសប្តាហ៍ក្រោយ ដើម្បីសម្រួលដល់ការចំណាយនានារបស់បេក្ខជនប្រឡង ក៏ដូចជាអនុរក្សប្រឡង។
សេចក្តីណែនាំស្តីពីការរក្សាតម្លៃ និងរក្សាគុណភាពសេវាកម្មទេសចរណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃចន្ទ បានលើកឡើងថា នៅថ្ងៃទី ១៩-២០ ខែ សីហា ឆ្នាំ ២០១៩ ក្រសួងអប់រំ នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ជាហេតុតម្រូវឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡងតាមការរៀបចំជាក់ស្តែង។ ពេលខ្លះពួកគាត់ត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង។
ក្រសួងទេសចរណ៍បញ្ជាក់ថា៖ «សូមរក្សាឱ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្មដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេលដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាងណាក៏ដោយ។ ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឱ្យបានជាអតិបរមានូវរាល់ហេតុការណ៍ទាំងឡាយ ដែលអាចកើតឡើងជាឧបទ្ទវហេតុ។ កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលនេះ បើទោះបីជាអាចនឹងមានតម្រូវការកើនឡើងខ្លាំងយ៉ាងណាក្តី»។
សេចក្តីណែនាំដដែល ក៏បានប្រាប់ទៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចូលរួមផ្សព្វផ្សាយបន្តនូវស្មារតីនៃសេចក្តីណែនាំនេះទៅដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគេជ្រួតជ្រាប និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់ភ្នំពេញប៉ុស្តិ៍ ថា ការចេញសេចក្តីណែនាំនេះ គឺជាការចូលរួមចំណែកធ្វើឲ្យការប្រឡងខាងមុខ ទទួលបានលទ្ធផលល្អ និងប្រព្រឹត្តទៅបានរលូន។
លោកបន្តថា កម្ពុជាជាទីផ្សារសេរីដែលគ្រប់អាជីវកម្មទាំងអស់ គឺស្ថិតនៅលើការចរចារវាងអ្នកទិញ និងអ្នកលក់។ ក៏ប៉ុន្តែសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលជួបហេតុការណ៍មិនប្រក្រតីណាមួយជុំវិញបញ្ហាតម្លៃ និងគុណភាពសេវាកម្ម អាចប្តឹងមកអាជ្ញាធរដែនដី ឬក្រសួងដើម្បីអន្តរាគមន៍បាន។
លោកបញ្ជាក់ថា៖ «ជាឱកាសមួយ ក្នុងពេលហ្នឹងគាត់អាចឆ្លៀតឱកាសនឹងដំឡើងថ្លៃហួសហេតុសម្រាប់អតិថិជនដែលចូលទៅទទួលសេវានៅកន្លែងគាត់។ យើងរួមចំណែកមួយអំពាវនាវសូមឲ្យគាត់រក្សាតម្លៃធ្លាប់លក់ដូរកន្លងមក កុំឲ្យមានការឡើងថ្លៃហួសហេតុមិនអាចទទួលយកបាន។ ក្នុងករណីមានការយកថ្លៃលើសពីអ្វីដែលបានកំណត់ក្នុងតារាង (អាជីវកម្ម) គាត់ប្តឹងមកសមត្ថកិច្ចពាក់ព័ន្ធ ឬអាចមកក្រសួងក៏បានដែរ។
ឧទាហរណ៍ដូចជាក្នុងសណ្ឋាគារ ដែលបន្ទប់គាត់ជួល ការព្រមព្រៀងថា ២០ ដុល្លារ ដល់ពេល ដល់ថ្ងៃនេះ ឡើងដល់ ៥០ ឬ ៦០ ដុល្លារ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩។ ទន្ទឹមនឹងនេះ ក្រសួងបន្តស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដូច ៥ ឆ្នាំកន្លងមក។ កិច្ចសហការរួមគ្នានេះបង្ហាញពីស្មារតីសាមគ្គីគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំ គុណភាពការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងគុណភាពមូលធនមនុស្ស។
លោកថ្លែងថា៖ «សេចក្តីប្រកាសរបស់ស្ថាប័នពាក់ព័ន្ធ ជាការប្រកាសពីការតាំងចិត្តក្នុងការចូលរួមសម្រួលដំណើរការប្រឡងតាមលទ្ធភាព និងសមត្ថកិច្ចជាក់ស្តែងរបស់ស្ថាប័នសាមី។ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទប្បញ្ញត្តិដែលមានជាធរមាន ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
លោកបន្តថា៖ «ក្រសួងរំពឹងថា បេក្ខជនប្រឡង បុគ្គលិកអប់រំ អប្បមាទ ជំនួយការអប្បមាទ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ នឹងចូលរួមចំណែកក្នុងការធានាឱ្យដំណើរការប្រឡងនេះប្រព្រឹត្តទៅប្រកបដោយស្តង់ដាខ្ពស់។ ក្រសួងអប់រំ បានទទួលកិច្ចសហការពីស្ថាប័នខាងលើនេះ រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀតដែរ»។
កញ្ញា ឈន ចាន់ពិសី អតីតសិស្សនិទ្ទេស A កាលពីឆ្នាំ ២០១៧ និយាយថា ការណែនាំនេះបើទោះជាមិនបានជួយ ១០០ ភាគរយ ក៏អាចចូលរួមកាត់បន្ថយបានខ្លះដែរ ចំពោះការដំឡើងថ្លៃនានា ក្នុងអំឡុងពេលប្រឡង។
កញ្ញាបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ គឺសំខាន់។ ការដែលមានការឡើងថ្លៃខ្លាំងពេក អ្នកដែលគាត់មានជីវភាពអត់សូវធូរធារ ឬអ្នកនៅតាមខេត្ត គាត់ពិបាកខ្លាំង។ ការដែលគាត់ឡើងមកប្រឡង គឺការឡើងទ្វេ ១ ជា ២ ហ្មង ហើយរយៈពេលចំណាយយូរដែរ គឺដល់ទៅ ៣ ថ្ងៃ ២ យប់។ ម្ល៉ោះហើយបើគិតតែថ្លៃគេង និងញ៉ាំ ក៏អស់ច្រើនដែរ ហើយពួកគាត់មិនមែនមកតែឯងទេ ពេលខ្លះមានគ្រួសារទៀត»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៩ នេះ មានមណ្ឌលប្រឡងទូទាំងប្រទេសសរុប ២០២ មណ្ឌល ដែលមាន ៤ ៧២៥ បន្ទប់ ក្នុងនោះមានសិស្សានុសិស្សជាបេក្ខជនសរុបចំនួន ១១៧ ០២៤ នាក់ ស្រី ៦០ ៤២១ នាក់។
ជាមួយគ្នានេះលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះឲ្យបានជោគជ័យ។
លោកបានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងស្នងការ កងរាជអាវុធហត្ថ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ឯកភាពគ្នាកំណត់យកថ្ងៃទី ១៥ ខែ សីហា ជាថ្ងៃដ៏សំខាន់ សម្រាប់រឹតបន្តឹងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ហើយដើម្បីបង្កលក្ខណៈឲ្យថ្ងៃប្រឡងដំណើរការបានជោគជ័យ ក្នុងការការពារការដឹកជញ្ជូនវិញ្ញាសាប្រឡង ទីកន្លែងទុកដាក់វិញ្ញាសា និងការពារបរិវេណមណ្ឌលប្រឡង៕