ភ្នំពេញៈ ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីណែនាំ​ពី​វិធី​បង្ការ​ជំងឺ​ដែល​បណ្តាល​មក​ពី​អាការ​ធាតុ​ក្តៅ​ខ្លាំង​ហើយ​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង សួត និង​អាច​មាន​ជំងឺ​ឆ្លង​ផ្សេងៗ ដូចជា ជំងឺ​រាក​រូស ឬ​ជំងឺ​កង្វះ​ចំណី​អាហារ​ជាដើម។

ការប្រកាស​បែបនេះ បន្ទាប់​អាកាសធាតុ​នៅក្នុង​ប្រទេស​ កម្ពុជា​ ស្ទើរតែ​ទូទៅ​មាន​កម្ដៅ​ក្តៅ​ខ្លាំង​ស្រប​ពេល​ដែល​រដូវ​ប្រាំង​ឆ្នាំ​នេះ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពាក់​បណ្តាល​ឆ្នាំ​នេះ ក្រោយ​ទទួល​រង​បាតុភូត El Nino ដែល​សីតុណ្ហភាព​នឹង​ហក់​ឡើង​ដល់ ៤០ ទៅ ៤២ អង្សា​នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា​ខាង​មុខ​នេះ ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ និង​តំបន់​ខ្ពង់​រាប​ភាគ​ខាង​ជើង។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​លើកឡើង​ថា ក្រៅតែពី​ភាព​រាំង​ស្ងួត​មិន​អាច​ដាំ​ដុះ​បាន បញ្ហា​ក្តៅ​ខ្លាំង​ក៏​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ពិសេស​ជំងឺ​តាន​តឹង​ក្នុង​អារម្មណ៍ (ស្រេ្តស) តប់​ប្រមល់​ដែល​បង្ក​ឡើង​ដោយ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ពេក និង​មាន​រលាក​ស្បែក​ឡើង​ក្រហម។ល។

លិខិត​ដដែល​បាន​បន្តថា៖ «ចំពោះ​រោគសញ្ញាផ្សេងៗដែល​បណ្តាល​មក​ពី​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ពេក មាន​ដូចជា ស្បែក​ឡើង​ក្រហម ក្តៅ និង​ស្ងួត ឈឺក្បាល វិល​មុខ ធេង​ធោង បាត់បង់​ការ​បញ្ចេញ​ញើស​ទោះ​ក្តៅ​ក៏ដោយ ខ្សោយ​សាច់​ដុំ​ឬ​រមូល​ក្រពើ ចង្អោរ ក្អូត បេះដូង​ដើរ​ញាប់ ដង្ហើម​ញាប់ និង​ថប់ៗ វង្វេង​វង្វាន់ ដើរ​ទ្រេត​ទ្រោត ហើយ​បាត់បង់​ស្មារតី សន្លប់ ឬ​បាត់បង់​ជីវិត​ជាដើម»។

ជាមួយនេះ ក្រសួង​សុខា​ភិបាល​ក៏បាន​ណែនាំ​ផងដែរ​ថា ដើម្បី​ការពារ​បញ្ហា​នេះ ត្រូវ​បង្កើន​ការ​ទទួល​ទាន​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន និង​ញឹក​ញាប់​ដោយ​មិន​ត្រូវ​រង់ចាំ​ទាល់​តែ​ស្រេក​នោះ​ទេ។ កុំ​ពិសា​វត្ថុ​រាវ​ដែល​មាន​ជាតិ​ស្រា​ឬ​ជាតិ​ស្ករ​ច្រើន​ពេក ចៀស​វាង​ពិសា​ភេសជ្ជៈ​ត្រជាក់​ខ្លាំង ចៀស​វាង​ពិសា​អាហារ​ក្តៅៗ​និង​ត្រូវ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ស្តើងៗ ឬ​មាន​ពណ៌​ស្រាលៗ ហើយ​រលុង ជាពិសេស​គឺ​ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា គ្រប់ៗគ្នា​ត្រូវតែមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​សុខភាព​នៅ​ពេល​ដែល​អាកាស​ធាតុ​ឡើង​ក្តៅ​ខ្លាំង ជាពិសេស​កុមារ និង​ជន​ចាស់​ជរា សំខាន់​ត្រូវ​ប្រយ័ត្ន​ពី​បញ្ហា​ប៉ះពាល់ ដល់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ដែល​អាច​ឱ្យ​ពិការ​ឬ​បាត់បង់​ជីវិត។លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​វិធី​ការពារ ជាពិសេស​ត្រូវ​ពិសា​ទឹក​ឬ​ទឹក​ដែល​មាន​ជាតិ​រ៉ែ​ឱ្យបាន​ញឹកញាប់​ស្ថិត​នៅ​ក្រោម​ម្លប់ ឬ​ទីកន្លែង​ត្រជាក់ ចៀស​វាង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ពេក។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​លើ​បញ្ហា​ជំងឺ​រាករូស និង​ជំងឺ​ឆ្លង​ដែល​អាច​បណ្តាល​មក​ពី​ការ​បរិភោគ​ទឹក​ឬ​អាហារ​មិន​មាន​អនាម័យ​ល្អ ដូច្នេះ​សូម​ពិសា និង​ប្រើប្រាស់​ទឹក​ស្អាត​ឬ​ទឹកអិន និង​អនុវត្ត​នូវ​អនាម័យ​ចំណី​អាហារ និង​អាហារ​មាន​សុវត្ថិភាព។ ប្រសិន​បើលោក​អ្នក​មាន​បញ្ហា​សុខភាព ដែល​បណ្តាល​ឱ្យ​មាន​រាក ក្អួត ក្តៅខ្លួន និង​សន្លប់ សូម​ស្វែងរក​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក»។

យុវតី​ យួ​ង វិ​ច្ច​នី ជា​និស្សិត​ម្នា​ក់នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការ​ប្រកាស​ព័ត៌មាន​នេះ​គឺ​រឿង​ប្រសើរ​ដែល​អាច​ជា​សារ​មួយ​ជួយ​ប្រាប់​ពលរដ្ឋ​ឲ្យ​ត្រៀម​ខ្លួន​បាន​ទាន់​ពេល​វេលា និង​គួរត្រៀម​ខ្លួន​ដោយ​របៀប​ម៉េច។

យុវតី​រូបនេះ​បាន​បញ្ជាក់ថា៖ «ក្រសួង​ចេញ​ជា​រៀងរាល់ឆ្នាំ​តែ​ពលរដ្ឋ​ខ្លះ​មិន​ចាប់​អារម្មណ៍ ដូច្នេះ​វា​ជាការ​ក្រើន​រំឭក​ពេល​កម្តៅ​កើន​ឡើង​ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ​ពលរដ្ឋ​ខ្លះ​គាត់​គិត​ថា វា​ជា​រឿង​ធម្មតា​ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ដោយ​មិន​ត្រៀម​ឬ​ការពារ​ខ្លួន»។

លោក ឈួ​ម ឈឺ​ន អាយុ ៥៣ ឆ្នាំ​កសិករ​នៅ​ខេត្តកណ្តាល​បាន​ថ្លែងថា ក្នុង​ឆ្នាំ​នេះ អាកាស​ធាតុពិត​ជា​ក្តៅ​ខ្លាំង​ជាង​ឆ្នាំ​មុនៗ​ដែល​ធ្វើ​ឲ្យ​លោក​ក៏​ដូច​ពលរដ្ឋ​ក្នុង​ភូមិ​មាន​បញ្ហា​សុខភាព​មិន​ថា​នៅ​ផ្ទះ​ឬ​ទៅ​ធ្វើ​ស្រែ​ចម្ការ។ លោក​បន្តថា ពួក​លោក​ពុំដែល​ដឹង​ច្បាស់​ពី​វិធី​បង្ការ​ជំងឺ​ទេ។

លោក​បន្តថា៖ «ក្តៅ​ខ្លាំង​ប៉ះពាល់​ណាស់​ក្មួយ​អើយ មិន​ថា ពេលយប់ ពេល​ថ្ងៃ ជាពិសេស​គឺ​ពេល​ពូ​ធ្វើការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នៅ​ស្រែ​ចម្ការ​តែម្តង ឃើញ​ថា​កម្លាំង​យើង​ឆាប់​ចុះ​ខ្សោយ​និង​ឆាប់​ហត់​ខ្លាំង​ណាស់»៕