
ដីព្រៃកោងកាងនៅខេត្តកោះកុងដែលកំពុងប្រឈមការកាប់ទន្ទ្រាន។ រូបថត សហការី
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឲ្យអាជ្ញាធរ ៤ ខេត្ត ត្រូវមានវិធានការគ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ខណៈសកម្មភាពនៅខេត្តទាំងនោះកំពុងទទួលរងការកាប់ទន្ទ្រាន ឈូសឆាយ និងចាក់ដីលុបហ៊ុមព័ទ្ធយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិ។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះបានផ្ញើលិខិតទៅកាន់អភិបាលខេត្តទាំង ៤ រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ត្រូវមានវិធានការគ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាងនៅក្នុងភូមិសាស្ដ្ររបស់ខ្លួនកាន់កាប់។
លោក វេង សាខុន បានបង្ហាញតាមរយៈលិខិតនោះថា៖ «នៅពេលថ្មីៗនេះមានការចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ព្រៃកោងកាងក្នុងកន្លែងសហគមន៍នេសាទជាច្រើនកន្លែង ជាពិសេសនៅក្នុងខេត្តព្រះសីហនុ»។
លោកបានបញ្ជាក់ទៅកាន់អភិបាលខេត្តទាំង ៤ ថា៖ «ដើម្បីទប់ស្កាត់នូវសកម្មភាពនៃការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅឋាន ការហ៊ុមព័ទ្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងការចេញប័ណ្ណកម្មសិទ្ធិនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើអភិបាលនៃគណៈអភិបាលខេត្តយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាងដែលស្ថិតក្នុងដែនសមត្ថកិច្ចខេត្តនីមួយៗក្នុងនាមជាអាជ្ញាធរគ្រប់គ្រងដីរដ្ឋ»។
ពាក់ព័ន្ធនឹងករណីការទន្ទ្រានព្រៃលិចទឹកយកទៅធ្វើជាកម្មសិទ្ធិនេះលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងពីម្សិលមិញថា ក្រសួងបរិស្ថានបន្តអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
លោកថ្លែងថា៖ «ប្រសិនបើមានរបាយការណ៍ណាមួយពីការកាប់ទន្ទ្រានក្រោមសមត្ថកិច្ចក្រសួងសូមដាក់មកក្រសួង ដើម្បីពិនិត្យ និងដោះស្រាយ»។
យោងតាមច្បាប់ស្ដីពីជលផល ព្រៃលិចទឹក និងព្រៃកោងកាងមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ដូចនេះការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅឋាន ការហ៊ុមព័ទ្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ។ល។ នៅក្នុងដែននេសាទត្រូវបានហាមឃាត់។
មាត្រា ៣ នៃអនុក្រឹត្យលេខ ២៥ អនក្រ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០៧ ស្ដីពីការគ្រប់គ្រងសហគមន៍នេសាទបានបញ្ញត្តិថា «កន្លែងនេសាទសហគមន៍ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ឲ្យដឹងថា បញ្ហាការកាប់ទន្ទ្រានព្រៃកោងកាងដែលជាធនធានធម្មជាតិនៅតាមតំបន់ឆ្នេរសមុទ្រទាំង ៤ នៃខេត្ដនេះគឺកំពុងមានការទន្ទ្រានកាន់កាប់យកជាច្រើនកន្លែងពីសំណាក់ជនខិលខូច។
លោកបន្តថា៖ «យើងសង្កេតឃើញថាស្ថាប័នជំនាញពាក់ព័ន្ធកំពុងមានវិធានការទប់ស្កាត់ ដើម្បីប្រមូលឯកសារបញ្ជូនទៅតុលាការចំពោះខេត្ដព្រះសីហនុ។ ប៉ុន្ដែការកាប់ទន្ទ្រានយកដីព្រៃនេះនៅក្នុងខេត្ដកោះកុងគឺជាបញ្ហាមួយស្មុគស្មាញលំបាក ខាងបរិស្ថានមិនសូវយកចិត្ដទុកដាក់នៅតំបន់នេះទេ»។
លោក សុខុម បន្ថែមថានៅខេត្ដកោះកុង ការកាប់ទន្ទ្រានយកដីព្រៃនៅតែមានសម្ទុះកើនឡើងខ្លាំងពិសេសនៅតំបន់អណ្ដូងទឹក និងតំបន់ជ្រោយស្វាយជាដើម។
លោកថា៖ «បើក្រសួងគ្រាន់តែចេញលិខិតណែនាំ ហើយមិនបានចាត់វិធានការតឹងរ៉ឹងចំពោះជនល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក ព្រៃកោងកាងជាធនធានធម្មជាតិនេះ ជនល្មើសនឹងនៅតែផ្គើនចំពោះការកាប់ទន្ទ្រានជាបន្ដទៀត»។ លោក សុខុម អះអាងថា ខេត្តទាំង ៤ ដែលកំពុងរងការកាប់ទន្ទ្រាននេះមិនមានការអន់ថយនោះទេ។
លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឲ្យដឹងថា ករណីកាប់ទន្ទ្រានដីព្រៃកោងកាងអភិរក្សនៅក្នុងខេត្ដព្រះសីហនុឲ្យតែអាជ្ញាធរទទួលបានរបាយការណ៍ភ្លាមគឺចុះទៅបង្ក្រាបភ្លាមតែម្ដង ដោយសហការជាមួយមន្ដ្រីសហគមន៍ពាក់ព័ន្ធ និងប្រជាពលរដ្ឋ។
លោកអះអាងថា៖ «យើងតែងតែសហការគ្នាទាំងកម្លាំងក្នុងតំបន់ និងក្រៅតំបន់ឲ្យតែមានបញ្ហាកើតមានកន្លែងណាយើងសហការគ្នាចុះទៅបង្ក្រាបនៅទីនោះ។ យើងដឹងហើយថា ករណីកាប់ទន្ទ្រាននេះជាបញ្ហាសេដ្ឋកិច្ចទាល់តែយើងរួមគ្នាពង្រឹងស្មារតីទាំងអស់គ្នា ដើម្បីទប់ស្កាត់ទើបបានការងារពីមុន យើងអាចសម្រាកបាន ប៉ុន្ដែឥឡូវយើងមិនអាចសម្រាកទេ មិនថាថ្ងៃសៅរ៍អាទិត្យក៏ដោយក៏យើងនៅតែចុះល្បាតដែរ ពេលខ្លះយើងចុះទៅទាំងកណ្ដាលយប់ក៏មាន»។
លោក ម៉ន ផល្លារ ប្រធានមន្ទីរបរិស្ថានខេត្ដកោះកុងឲ្យដឹងពីម្សិលមិញថា បន្ទាប់ពីទទួលបានការជូនដំណឹងពីក្រសួងចំពោះការទប់ស្កាត់ការកាប់ទន្ទ្រានព្រៃកោងកាងនេះលោកកំពុងបញ្ជូនព័ត៌មានបន្ដទៅតាមស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្ដ។
លោកបន្ដថា៖ «យើងកំពុងចាត់វិធានការដើម្បីទប់ស្កាត់រាល់បទល្មើសដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃលិចទឹកដែលជាតំបន់ការពាររបស់ក្រសួងបរិស្ថានក៏ដូចជាក្រសួងពាក់ព័ន្ធដែរ។ ដោយឡែកខាងមន្ទីរបរិស្ថានខេត្ដកោះកុងដែលមានដែនគ្រប់គ្រងដោយឡែកនោះបច្ចុប្បន្នយើងកំពុងតែមមាញឹកចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់»។
លោក ស៊ុន សុផាត តំណាងសហគមន៍ដីធ្លីនៅខេត្តព្រះសីហនុដែលបានចុះអង្កេតដែរនោះថ្លែងថានៅខេត្ដព្រះសីហនុបច្ចុប្បន្នមានជនខិលខូចជាច្រើនបានមកទន្ទ្រានយកដីព្រៃនៅក្នុងតំបន់អភិរក្ស ប៉ុន្ដែនៅមិនទាន់មានវិធានការណាមួយពីអាជ្ញាធរខេត្ដ និងថ្នាក់មូលដ្ឋានទេ។
លោកបន្ថែមថា៖ «ដីព្រៃអភិរក្សស្ទឹងហាវ និងឧទ្យានជាតិរាមក៏កំពុងត្រូវបានគេកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យដោយគ្មានអ្នកណាហ៊ាននិយាយអីទេ ហើយមិនត្រឹមតែទន្ទ្រានដោយកម្លាំងមនុស្សទេមានទាំងយកអេស្កាវ៉ាទ័រទៅកាយព្រៃក៏មានដែរ»៕