ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ឱ្យមាន​ការទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ក្នុង​ការយក​ឃ្មុំ ដុត​ចាប់​សត្វ ដុត​វាលស្មៅ​យក​ល្បាស់​ខ្ចី​ជាដើម ដែល​នាំឱ្យ​ឆេះ​ព្រៃ រាលដាល​ឆេះ​ស្រូវ និង​ភូមិ​ប្រជាពលរដ្ឋ ជាហេតុ​នាំឱ្យ​មាន​វិនាសកម្ម​ផ្សេងៗ​កើតឡើង​នៅ​រដូវប្រាំង​។

សេចក្តី​ណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​របស់​ក្រសួងកសិកម្ម​ចេញ​ថ្ងៃទី​ ២០ ខែមករា បានឱ្យដឹងថា កត្តា​ចម្បង​ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង គឺ​ដោយសារ​សកម្មភាព កាប់ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការធ្វើ​កសិកម្ម​ពនេចរ ការតាំង​លំនៅឋាន​ថ្មី ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ​ជាដើម​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្រសួងកសិកម្ម​បាន​កត់សម្គាល់​ឃើញថា ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ​បាន​បង្កឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃលិចទឹក និង​រាលដាល​រហូតដល់​ឆេះ​ស្រូវ និង​ភូមិ​របស់​ប្រជាពលរដ្ឋ ហើយ​បង្ក​វិនាសកម្ម និង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ច​ជាតិ ធនធាន​ធម្មជាតិ និង​បរិស្ថាន​»​។

លិខិត​របស់​ក្រសួង​កសិកម្ម​បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រដ្ឋបាល​មូលដ្ឋាន រួមទាំង​សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ​ត្រូវ​ទប់ស្កាត់​ការប្រើប្រាស់​ភ្លើង ជា​មធ្យោបាយ​ដើម្បី​យក​ឃ្មុំ ការដុត​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ ដើម្បី​យក​ល្បាស់​ធ្វើ​ចំណី​សត្វពាហនៈ​។ មន្ទីរ​កសិកម្ម អាច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ និង​កាន់កាប់​ព្រៃឈើ​ដែល​ឆេះ​ហើយ ដោយ​អនាធិបតេយ្យ​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល​។

ក្រសួង​កសិកម្ម​ក៏​បាន​ណែនាំ​ឱ្យ​ទប់ស្កាត់​ការកាប់​ឆ្ការ គាស់​រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃដី​ដាំ​ដំណាំ​កសិកម្ម ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ដែលជា​សកម្មភាព ល្មើសច្បាប់ និង​នាំមក​នូវ​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃលិចទឹក​ផងដែរ​។

លោក​ សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​ឧត្តរមានជ័យ​ថ្លែងថា ពលរដ្ឋ​តែង​ធ្វើ​ការដុត​ជញ្ជ្រាំង​ស្រូវ​ក្រោយ​ប្រមូល​ផល​រួចរាល់ ប៉ុន្តែ​ឆ្នាំនេះ​ថយចុះ​ច្រើន ក្រោយ​ពលរដ្ឋ​បាន​យល់ដឹង​ពី​ការដុត​ជញ្ជ្រាំង​ស្រូវ មិនមាន​ផល​ដូច​ភ្ជួរ​លុប​។

លោក​ថ្លែងថា​៖ «​ក្រោយ​អប់រំ​ណែនាំ កសិករ​មួយចំនួន​គាត់​ឈប់​ដុត​គល់ជញ្ជ្រាំង​ហើយ​គាត់​ភ្ជួរ​លុប​វិញ ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ [​ដើម្បី​ទទួលបាន​] ​អត្ថប្រយោជន៍​ [​វា​ក្លាយ​ទៅ​ជា​ជី​]»​។

បើតាម​លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នឹង​ការឆេះ​ព្រៃ មិនមែន​កើតឡើង​ដោយសារ​ប្រជាពលរដ្ឋ​ជា​កសិករ​នោះទេ ភាគច្រើន​គឺ​ពួក​ខូច​ទៅធ្វើ​យុទ្ធនាការ​ដុត​ភ្លើង​ដើម្បី​ខ្លួនឯង​ឆ្លៀតពេល​ទទួលបាន​ប្រយោជន៍​ដោយ​វាតទី​យក​ដី​ជាដើម​។ ហេតុនេះ​ការអនុវត្ត​កិច្ចការពារ​នេះ​ត្រូវមាន​ការចូលរួម​ពី​គណៈបញ្ជាការ​មាន​ការអនុវត្ត​ច្បាប់​តឹងតែង​ទើប​មាន​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​ទាក់ទង​ជាមួយ​ការដុត​ព្រៃ​ហ្នឹង​ទាមទារ​ឱ្យមាន​ការចូលរួម​សហការ​គ្នា ខ្ញុំ​មិនអាច​ធ្វើ​តែឯង​បានទេ​»​។ តាម​ការបញ្ជាក់​របស់​លោក​ សូត្រ ស៊ីសុខឃាង ការ​តាម​ចាប់​អ្នក​លួច​ដុត​ព្រៃ​មិន​ងាយ​ចាប់​បាន​នោះទេ ដោយសារតែ​អ្នក​លួច​ដុត​គេចខ្លួន​បាន​រហ័ស ហើយ​ពេល​ភ្លើង​ឆេះ​កម្លាំង​មន្ត្រី​ជំនាញ​ត្រូវ​យកចិត្ត​ទុកដាក់​ចម្បង​លើ​ការ​ពន្លត់​។

លោក​ អ៊ី ម៉េងលាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកោះកុង​ឱ្យដឹងថា បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្តកោះកុង មិនមាន​ភ្លើង​ឆេះ​ទ្រង់ទ្រាយ​ធំ​ដែល​ពិបាក​ក្នុងការ​អន្តរាគមន៍​ពន្លត់​នោះទេ​។ ពលរដ្ឋ​ក៏​មាន​ការយល់ដឹង និង​សហការ​គ្នា​ល្អ​ក្នុង​ការការពារ​ផងដែរ បន្ទាប់ពី​មន្ត្រី​ជំនាញ​ចុះ​អប់រំ​ធ្វើការ​ណែនាំ​នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​ជំនាញ​គាត់​ផ្សព្វផ្សាយ​ទៅតាម​អ្នក​ចូល​ព្រៃ អ្នក​ចូលទៅ​រក​ឃ្មុំ ដើរ​រុក​ព្រៃ​រក​វល្លិ រក​ជ័រ​អី​ឱ្យ​គាត់​ប្រយ័ត្នប្រយែង​។ នៅ​រដូវ​ហ្នឹង​ជា​រដូវ​រាំងស្ងួត អ៊ីចឹង​ដែល​អាចធ្វើ​ឱ្យមាន​ការឆាបឆេះ​កាលណា​មាន​បោះចោល​កន្ទុយបារី​ ឬ​ក៏​ការដុត​យក ឃ្មុំ យើង​ត្រូវ​ប្រយ័ត្នប្រយែង យើង​ត្រូវ​ណែនាំ​គាត់​អ៊ីចឹង នៅតាម​ច្រក​ [​ចូល​] ​ព្រៃ​»​។

អនុលោម​តាមច្បាប់​ស្តីពី​ព្រៃឈើ​ និង​ច្បាប់​ស្តីពី​ជលផល ពលរដ្ឋ កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ត្រូវមាន​ករណីយកិច្ច​ទទួលខុសត្រូវ ថែរក្សា ការពារ​ព្រៃឈើ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​។ ចូលរួម​ថែរក្សា​ជម្រក​មច្ឆជាតិ ការពារ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ជន​ណា​ដែល​បាន​ប្រព្រឹត្ត ឬ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ឆេះ​ព្រៃ​លិច​ទឹក​ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោស ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​ ១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​ ១ ​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ៣ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​ ឬ​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​៕