ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាត់តាំងក្រុមអធិការកិច្ចត្រួតពិនិត្យលើភាពមិនប្រក្រតីនៃការគ្រប់គ្រងចំណូល និងបំណុលរបស់ទូរគមនាគមន៍កម្ពុជារយៈពេល ១ ខែដើម្បីដោះស្រាយការមន្ទិលសង្ស័យនៃការចោទប្រកាន់របស់អគ្គនាយកស្ថាប័ននេះទៅលើបុគ្គលិកខ្លួន ២ នាក់ថាបានធ្វើឲ្យបាត់បង់ប្រាក់រហូតដល់ ២៣ ម៉ឺនដុល្លារ។
តាមលិខិតឧទ្ទេសនាមចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាត់តាំងមន្ត្រីជំនាញ ៦ រូបដើម្បីចាប់ផ្តើមការងារអធិការកិច្ចលើភាពមិនប្រក្រតីនោះពីថ្ងៃទី ១១ ខែកញ្ញាដល់ថ្ងៃទី ១១ ខែតុលា។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍លោក ហ៊ុន សារឿន បានឲ្យដឹងថាបើទោះបីជាទូរគមនាគមន៍កម្ពុជាគឺជាអង្គភាពស្វយ័តដែលមានសិទ្ធិស្វ័យសម្រេច និងប្រើប្រាស់បុគ្គលិកឯកជនតែអង្គភាពនេះក៏ជាគ្រឹះស្ថានសាធារណៈមួយដែលមានអគ្គនាយកជាមន្ត្រីសាធារណៈហើយរាល់បញ្ហាកើតឡើងដែលដោះស្រាយដោយមិនមានការឯកភាពគ្នានោះគឺក្រសួងមានសិទ្ធិក្នុងការត្រួតពិនិត្យលើភាពមិនប្រក្រតីនោះ។
យ៉ាងណាក៏ដោយ លោក សារឿនបានអះអាងថា ការលើកឡើងដែលថាទូរគមនាគមន៍កម្ពុជាបាត់ប្រាក់ ២៣ ម៉ឺនដុល្លារនោះគឺស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។
លោកថា៖ «មិនទាន់ច្បាស់ថាបាត់ហើយរកអត់ឃើញយើងក៏មិនទាន់ប្រើពាក្យថាបាត់ដែរគ្រាន់តែលោកអគ្គនាយករកឃើញថាមានភាពមិនប្រក្រតីបន្ទាប់ពីផ្ទៀងផ្ទាត់តារាងចំណូល និងបំណុលនោះ។ អ៊ីចឹងយើងវែកញែកថាតើអ្នកណាខ្លះទាក់ទងរឿងនេះគាត់មាននីតិវិធីរបស់គាត់ គាត់មានក្រុមប្រឹក្សារបស់គាត់ និងបានចេញសេចក្តីសម្រេចរួចដែរ ប៉ុន្តែរឿងនេះមិនស្ងប់ស្ងាត់អ៊ីចឹងហើយបានជាក្រសួងប្រៃសណីយ៍ដែលទទួលបន្ទុកលើស្ថាប័ននេះត្រូវចាត់វិធានការស្វែងរកការពិត»។
លោក ហ៊ុន សារឿន បន្ថែមថាក្នុងសំណុំរឿងនេះបុគ្គលិកទូរគមនាគមន៍កម្ពុជា ២ នាក់ មានលោក សែម សំអាង ប្រធានផ្នែកប្រមូលចំណូល និងបំណុលនៃទូរគមនាគមន៍កម្ពុជា និងលោក ខឹម តេងអឿន អនុប្រធាននាយកដ្ឋានហិរញ្ញកិច្ចទទួលបន្ទុកប្រមូលចំណូល និងបំណុលត្រូវបានអគ្គនាយកទូរគមនាគមន៍កម្ពុជា លោក ឡាយ ម៉ារីវ៉ូ ប្តឹងទៅតុលាការដោយចោទថាបុគ្គលិកទាំងពីរជាអ្នកផ្តិតម្រាមដៃទទួលយកប្រាក់ ២៣ ម៉ឺនដុល្លារ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការឆ្លើយតបពីអគ្គនាយកទូរគមនាគមន៍កម្ពុជាលោក ឡាយ ម៉ារីវ៉ូ បានទេកាលពីម្សិលមិញ។
លោក សែម សំអាង ប្រធានផ្នែកប្រមូលចំណូល និងបំណុលនៃទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថារូបលោក និងលោក ខឹម តេងអឿន ដែលរងការចោទប្រកាន់ធ្វើឲ្យបាត់ប្រាក់ ២៣ ម៉ឺនដុល្លារនោះបច្ចុប្បន្នត្រូវបានព្យួរការងាររង់ចាំលទ្ធផលនៃការធ្វើអធិការកិច្ចហើយលោកបានបដិសេធចំពោះការចោទប្រកាន់នេះដោយអះអាងថាលោកទាំងពីរគ្រាន់តែជាមន្ត្រីប្រតិបត្តិមិនមានសិទ្ធិក្នុងការសម្រេចនោះទេ។
លោកថា៖ «ខ្ញុំមិនដឹងថាម៉េចដែរព្រោះរាល់កិច្ចការពេលទទួលបានគឺយើងយកទៅឲ្យមេ។ នៅពេលបាត់លុយគាត់ចោទយើងតែខ្ញុំមានអំណះអំណាងឯកសារច្បាស់លាស់។ យើងរង់ចាំមើលចំណាត់ការរបស់ក្រុមអធិការកិច្ចនោះ»។
ទូរគមនាគមន៍កម្ពុជាគឺជាអង្គភាពស្វយ័តរបស់រដ្ឋដែលបម្រើសេវាទូរស័ព្ទ សេវាអ៊ីនធឺណិត និងសេវាឆ្លងកាត់ផ្សេងៗទៀត។ បើតាមបុគ្គលិកបម្រើការងារនៅទីនេះបច្ចុប្បន្នទូរគមនាគមន៍កម្ពុជាមានបុគ្គលិកជាង ៤០០ នាក់នៅរាជធានីភ្នំពេញ និងជាង ២០០ នាក់នៅតាមបណ្តាខេត្ត៕