ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការផ្សារភ្ជាប់​ទំនាក់ទំនង សេវាកម្ម និង​ការងារ​ផ្សេងៗ​បានល្អ​ប្រសើរ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៅ​កម្ពុជា​។

លោក មាស ប៉ូ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​» ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ថា​រាល់​សេវា​ទាំងអស់​គ្រប់​វិស័យ​ត្រូវ​បាន​ខិត​ឱ្យ​បាន​កាន់តែ​ជិត​កៀក​នឹង​ប្រជាជន​ដែល​សព្វថ្ងៃ​ការបន្ថែម​សេវា​ថ្មីៗ​បាន​ជួយ​បង្កើន​ទំនុក​ចិត្ដ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​សេវា​ប្រៃសណីយ៍​។ ចំពោះ​សេវា​ទូរគមនាគមន៍​សម័យ​ថ្មី​នេះ​បាន​ជួយ​ជំរុញ​ការលើកកម្ពស់​សេដ្ឋកិច្ច​ដោយ​ប្រជាជន​គ្រប់រូប​ទទួល​បាន​អត្ថប្រយោជន៍ ទោះ​ពួកគាត់​នៅទីណា​ក៏​អាច​ទាក់ទង​គ្នា​បាន​យ៉ាង​ជិតស្និទ្ធ​តាមរយៈ​ទូរស័ព្ទដៃ​ដែរ​។

លោក​ថ្លែងថា​៖ «​ជាពិសេស​ដោយសារ​ទូរស័ព្ទដៃ​ស្មាតហ្វូន​ដែល​កំពុង​ពេញនិយម​ពី​សំណាក់​ស្រទាប់​យុវវ័យ សិស្ស​និស្សិត មន្ដ្រីរាជការ និយោជិត បុគ្គលិក ពលករ កម្មករ កម្មការិនី អាជីវករ បណ្ដា​ក្រុមហ៊ុន​ធ្វើ​ធុរកិច្ច​តូចធំ បាន​ប្រើប្រាស់​មធ្យោបាយ​ទូរគមនាគមន៍​បច្ចេកទេស​ទូរគមនាគមន៍ និង​ព័ត៌មាន​សម័យ​ទំនើប​នេះ​សម្រាប់​បំពេញ​ការងារ​បាន​រហ័ស​ទាន់​ពេលវេលា ដោះស្រាយ​ជីវភាព​រស់នៅ​ផ្ញើ​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​បាន​ទាន់ចិត្ដ​មាន​សុវត្ថិភាព​»​។

លោក​លើក​ឡើង​ទៀតថា តាមរយៈ​វិស័យ​ទូរគមនាគមន៍​នេះ អ្នកសិក្សា​អាច​សិក្សា​ស្រាវជ្រាវ រៀនសូត្រ​រហូត​ដល់​ការប្រកប​អាជីវកម្ម​ក៏​បាន​ផ្លាស់ប្ដូរ​ពី​លក្ខណៈ​ប្រពៃណី​បែរ​មក​ប្រើប្រាស់​ប្រព័ន្ធ​សេវា​អ៊ីនធឺណិត ដើម្បី​ដោះដូរ អីវ៉ាន់ លក់ទិញ ទំនិញ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប នាពេល​បច្ចុប្បន្ននេះ​។ លោក​បន្ដថា​ដូច្នេះ​ហើយ​បាន​ជា​យើង​សង្កេតឃើញថា ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​បាន​កាត់បន្ថយ​គម្លាត​ពី​ទីក្រុង និង​ជនបទ​ឱ្យខិត​មក​ជិតគ្នា​។

ពីមុន​នៅតាម​ជនបទ​សេវា​ទូរស័ព្ទ​ពុំទាន់​មាន​សមត្ថភាព​គ្របដណ្ដប់​ទូទាំង​ប្រទេស​នៅឡើយ ភាគច្រើន​អ្នក​នៅ​ទីប្រជុំជន​មាន​អាទិភាព​ទទួល​បាន​សេវា​ពេញលេញ​ជាង​អ្នក​នៅ​ជនបទ​។ ប៉ុន្ដែ​ឥឡូវ​បន្ទាប់ពី​ក្រសួង​បាន​ឱ្យមាន​បណ្ដាញ​ខ្សែ​កាប្លិ៍អុបទិក​ទៅ​ដល់​ជនបទ​ជា​បណ្ដើរៗ​ដោយ​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​ស្ថានីយ​អង់តែន​នៅ​តាម​ទីកន្លែង​ដែល​ពុំទាន់​មាន​តាមរយៈ​មូលនិធិ​សេវា​សកល​ដែល​ជា​យន្តការ​ជួយ​លើកទឹកចិត្ដ​ដល់​ប្រតិបត្ដិករ​ទូរគមនាគមន៍​ឲ្យ​ហ៊ាន​វិនិយោគ​នៅតាម​ទីជនបទ​ដោយ​ការចំណាយ​របស់​ពួកគេ​អាច​កាត់​រំលស់​ពី​ចំនួន​វិភាគទាន ដែល​ពួកគេ​មាន​កាតព្វកិច្ច​ត្រូវ​បង់​ទៅ​សេវា​សកល (USO)​។

លោក ប៉ូ បញ្ជាក់ថា​៖ «​យន្តការ​នេះ​បាន​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ ដែល​ពីមុន​ពុំទាន់​មាន​សេវា​អ៊ីនធឺណិត​គឺ​ពុំ​អាច​ទូទាត់​ថ្លៃទំនិញ​ ឬ​លក់ទំនិញ​ពួកគាត់​បាន​ឡើយ ទាល់តែ​ពួកគាត់​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​នោះ​ដោយផ្ទាល់ តែ​ពេលនេះ​ពួកគាត់ សហគមន៍​គាត់​មាន​សេវា​ផ្ញើ បើកប្រាក់​នៅក្បែរ​លំនៅឋាន​»​។

លោក​បាន​លើកឡើង​ថា កត្ដា​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ចាប់តាំងពី​ពេលដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ទំនើប​នូវ​សេវា​ទូរគមនាគមន៍ និង​ព័ត៌មាន​បាន​ផ្ដល់​ឱកាស​ជូន​ដល់​ប្រជាជន​ឲ្យ​ចាប់ផ្ដើម​ស្គាល់​ពី​វិសាលភាព​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ និង​ក៏បាន​ផ្លាស់ប្តូរ​ស្ថានភាព​គ្រួសារ​សហគមន៍​ផងដែរ​។

លោក​លើកឡើង​ថា ពលរដ្ឋ​ម្នាក់ៗ​កំពុង​ជាប់​មមាញឹក​ចំពោះ​ការប្រកប​មុខរបរ​រៀងៗ​ខ្លួន​ដែល​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត បែរ​មក​និយម​ការប្រកួតប្រជែង​តាមបែប​ទំនើប ទាំង​ការសិក្សា ការងារ ធុរកិច្ច បែប​បច្ចេកវិទ្យា​ឌីជីថល​វិញ​។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​ដោយ​គ្រប់គ្រង​រដ្ឋបាល​ប្រទេស​ជា​រដ្ឋាភិបាល​ឌីជីថល ក្នុងនោះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏​ជា​ក្រសួង​សមាជិក ក្នុង​ចំណោម​ក្រសួង​ពាក់ព័ន្ធ​នានា​ក្នុង​ការរៀបចំ​គោលនយោបាយ​ឌីជីថល​នេះ​ផងដែរ​៕