ភ្នំពេញៈ​ ក្រសួង​ប្រៃស​ណីយ៍​និង​ទូរ​គមនា​គមន៍​បាន​បង្កើត​កម្ម​វិធី​មួយ​ក្នុង​បំណង​ស្វែង​រក​ស្ត្រី​ឆ្នើម​ផ្នែក​បច្ចេក​វិទ្យា​និង​ដើម្បី​ក្លាយ​ជា​ស្ដ្រី​គំរូ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​ស្ដ្រី​ផ្សេង​ទៀត​ឱ្យ​ស្វែង​យល់​អំពី​​ការ​​ប្រើ​​ប្រាស់​បច្ចេក​វិទ្យា​ ខណៈ​ការ​ចុះ​ឈ្មោះ​បេក្ខ​នារីដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​បាន​និង​កំពុង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​ ២៥ ​ខែ​មករា​ រហូត​ដល់​ថ្ងៃទី​ ២៥​ ខែ​កុម្ភៈ​។

តាម​កម្ម​វិធី​ក្រសួង​ដែល​មាន​ឈ្មោះ​ថា ​«កម្ម​វិធី​ស្ដ្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ឆ្នាំ ​២០១៩»​ នឹង​ស្វែង​រក​ស្ដ្រី​ឆ្នើម​ចំនួន​ ៥ ​ប្រភេទ​ដែល​មាន​ជំនាញ​ខាង​បច្ចេក​វិទ្យា ដូច​ជា ​សហ​គ្រិន​ឆ្នើម​ស្ដ្រី​ក្នុង​បច្ចេក​វិទ្យា វិស្វករ​ស្ដ្រី​ជោគ​ជ័យ​ក្នុង​ជំនាញ​បច្ចេកវិទ្យា​គមនា​គមន៍​និង​ព័ត៌មាន (ICT) ស្ដ្រី​ដែល​បាន​ចូ​លរួម​ជំរុញ​នូវ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​សម្រាប់​ការ​អភិ​វឌ្ឍ​សង្គម​ឬ​សហ​គមន៍ ​ស្ដ្រី​ដែល​បង្កើត​មា​តិកា​ព័ត៌មា​ន​ច្នៃ​ប្រឌិត និង​ពន្លក​ថ្មី​ដែល​ជា​ស្ដ្រី​មាន​វ័យ​ក្រោម​អាយុ​ ១៨ ​ឆ្នាំ។

លោកស្រី យិន ហួត​អេ​លី ប្រធាន​ការិ​យា​ល័យ​រដ្ឋ​បាល​នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​វិទ្យា គមនា​គមន៍ និង​​ព័ត៌មាន​និង​ជាម​ន្ត្រី​សម្រប​សម្រួល​កម្មវិធី​នេះបាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ថា កម្ម​វិធី​ប្រកួត​ប្រជែងស្ដ្រី​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ឆ្នាំ​នេះគឺ​ចាប់​ផ្ដើម​ធ្វើ​ឡើង​ក្នុង​​ឆ្នាំ ២០១៨​ ហើយ​ស្ដ្រី​ដែល​ចង់​ចូល​រួម​ប្រកួត​សមត្ថ​ភាព​គ្នា​ក្នុង​កម្មវិធីនេះ​បាន​មាន​ដូច​ជា​ ស្ដ្រី​ដែល​គិតថា​ខ្លួន​មាន​លទ្ធ​ភាព​ផលិត​បង្កើត​ថ្មីៗ​ដោយ​បង្ហោះ​នូវ​វីដេ​អូ​ដែល​ទទួល​បាន​ការ​ចាប់​អារម្ម​ណ៍ច្រើន​ឬ​ជា​ស្ដ្រី​ដែល​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យា​ជួយ​ជំរុញ​ឱ្យ​អាជី​វកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​រីក​ចម្រើន​។

លោក​ស្រី​ បាន​បញ្ជាក់​ថា៖​ «ស្ដ្រី​ដែល​គាត់​ចូល​រួម​ប្រជែង​នេះ​គឺ​ជា​ស្ដ្រី Role Model ដើម្បី​ជំរុញ​ឱ្យ​ស្ដ្រី​ផ្សេងៗ​ទៀត​ដែល​មិន​ហ៊ាន​ចូល​រួម​ប្រកួត​ឬ​ក៏​គិត​ថា​ខ្លួន​ឯង​មិន​ទាន់សម័យ​កាល​អ៊ីចឹង។ ចង់ឱ្យ​ស្ដ្រី​ដែល​គាត់​ចូលរួម​ហ្នឹង​ គាត់​ជួយ​ជំរុញ​ស្ដ្រី​ផ្សេង​ទៀត​ឱ្យ​ក្លាយ​ជា​ស្ដ្រី​ដែល​អាច​ប្រើ​ប្រាស់​បច្ចេក​វិទ្យាដែល​អាច​យល់​ដឹង​បច្ចេក​វិទ្យា​បាន​ច្រើន។ គឺ​យើង​ចង់​ឱ្យ​ស្ដ្រី​បញ្ចេញ​នូវ​ស្នាដៃ​របស់​គាត់​ឱ្យអស់​លទ្ធភាព ព្រោះ​ស្ដ្រី​ខ្លះ​គិត​ថា​គាត់​អត់​អាច​ធ្វើ​បាន ព្រោះ​យល់​ថា​រឿង​បច្ចេក​វិទ្យា​គឺសម្រាប់​តែ​បុរស​ទេ»។

លោក​ស្រី​បន្ថែម​ថា​ បេ​ក្ខ​នារី​ដែល​ចង់​ចូល​រួម​ប្រកួត​គឺ​អាច​ចុះ​ឈ្មោះ​និង​ទទួល​បាន​បន្ថែម​តាម​ការត​ភ្ជាប់ http://cbrd.gov.kh/nominations ឬសារ​អេ​ឡិ​ច​ត្រូ​និក info@cbrd.gov.kh ។

សេចក្ដី​ជូន​ព័ត៌មាន​ក៏បាន​បញ្ជាក់​ដែរ​ថា ក្រសួង​ប្រៃ​សណីយ៍​និង​ទូរគម​នាគម​ន៍និង​ជ្រើស​រើស​ដោយ​សម្រិត​សម្រាំង​នូវបេ​ក្ខនារីទាំង​អស់​ដែល​បានដាក់​ប្រកួត​ហើយ​ផ្ដល់​ពាន​រង្វាន់​

កិ​ត្តិ​យស​ដល់​ស្ដ្រី​ឆ្នើម​នៅ​កម្មវិធី​តាំង​បង្ហាញ​បច្ចេក​វិទ្យា​ដ៏​ធំ​ដំបូង​មួយ​នៅ​កម្ពុជានៅ​ថ្ងៃទី​ ១៥ ​ខែមីនា ​ឆ្នាំ ២០១៩។

លោក​ស្រី ​យិន ហួត​អេ​លីបញ្ជាក់​ទៀត​ថា៖ «តាម​ការអង្កេត​របស់​ខ្ញុំ ស្ដ្រី​វ័យ​ចាប់​ពី ​៥០ ឆ្នាំ​ចុះ គឺ​ប្រហែល​៨០ភាគរយ​ប៉ុណ្ណោះ​ដែល​គាត់​អាច​ប្រើ​បច្ចេក​វិទ្យា​បាន។ បច្ចេក​វិទ្យា​យើង​កន្លែង​នេះ មិន​មែន​ទាក់​ទង​គាត់​ចេះ​ជួស​ជុល​កុំព្យូ​ទ័រ ចេះ​សរសេរ​កូដ​អី​ទេ បច្ចេក​វិទ្យា​ក្នុង​កម្មវិធី​នេះ គឺ​គាត់​អាច​ប្រើ​ស្មាត​ហ្វូនប្រើ​អ៊ីន​ធឺណិត​បាន អាហ្នឹង​ក៏​ថា​ បច្ចេក​វិទ្យា​ដែរ»៕