ភ្នំពេញៈ ក្រសួងផែនការបានរកឃើញគ្រួសារពលរដ្ឋក្រីក្រជាបឋមចំនួន ៥៦ ០០០ គ្រួសារ សម្រាប់ឧបត្ថម្ភក្នុងអំឡុងពេលដែលមានការរាតត្បាយនៃជំងឺកូវីដ ១៩ បន្ទាប់ពីបានបញ្ចប់ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីជនបទកាលពីចុងខែមុន ហើយនៅទីប្រជុំជននឹងបញ្ចប់នៅចុងខែនេះ។
លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យក្រសួងផែនការបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា៖ «បាន ៥៦ ០០០ គ្រួសារ នៅទីជនបទតាមនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារតាមការស្នើសុំក្នុងពេលកូវីដ១៩។ នៅទីប្រជុំជននៅខែមិថុនាហ្នឹងទើបយើងបញ្ចប់»។
លោកថ្លែង បើតាមលោកដឹង តួលេខនេះបានបញ្ជូនទៅកាន់ក្រសួងសេដ្ឋកិច្ចហើយ ដើម្បីយកទៅធ្វើការសិក្សា ហើយប្រហែលជាពេលឆាប់ៗខាងមុខនឹងមានការប្រកាសរបស់រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យមួយថាតើនឹងត្រូវផ្តល់ជូនគ្រួសារក្រីក្រនូវចំនួនសាច់ប្រាក់ប៉ុន្មាន? លោកថា៖ «រាជរដ្ឋាភិបាលបានគិតគូរហើយ»។
លោក កនណាវុឌ្ឍ បញ្ជាក់ថាថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងឱ្យក្រុមការងារថ្នាក់ជាតិទាំងអស់ចុះពង្រឹងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ដើម្បីជួយពិនិត្យមើលបន្ថែមទៀត និងសហការជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងម៉េចជ្រើសរើសឱ្យចំគ្រួសារក្រីក្រ និងមានភាពច្បាស់លាស់។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ក្រសួងបានត្រៀមថវិការួចរាល់ហើយ សម្រាប់បើកជូនប្រជាពលរដ្ឋក្រីក្រ និងថែមទាំងមានការបង្កើនថវិកាសម្រាប់ការចាំបាច់ផ្សេងៗទៀតប្រសិនជាមានហើយវិធានការរបស់រាជរដ្ឋាភិបាលនៅតែបន្តជាប់រហូត។
លោកថា៖ «ជាទូទៅ យើងត្រូវសិក្សាមើលទាំងអស់សិនថា ចំនួន (គ្រួសារ) ប៉ុន្មាន? ហើយយើងត្រូវចាត់ចំណាត់ថ្នាក់មនុស្សប៉ុន្មាន? ហើយយើងត្រូវជូនតាមកម្រិតណា? មិនមែនគ្រប់ៗគ្នាដូចគ្នាទាំងអស់ទេ តាមមើល (ក្នុង)ស្ថានភាពរងផលប៉ះពាល់ហ្នឹង ហើយត្រូវមានលក្ខខណ្ឌ។ ឱកាសនេះជាឱកាសដែលយើងត្រូវមើលថា តើលទ្ធផលនៃឥទ្ធិពលកូវីដ ១៩ ហ្នឹងវាប៉ះពាល់ដល់ជីវភាពរបស់គាត់ក្នុងកម្រិតណា ហើយពិតប្រាកដទាំងអស់ប៉ុន្មាន?»។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានថ្លែងកាលពីថ្ងៃពុធថា ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ ជាគំនិតផ្តួចផ្តើម និងជាដំណើរការល្អមួយដើម្បីធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណអ្នកក្រីក្រ និងអ្នកដែលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩។
លោកថ្លែងថា ការធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណអ្នកក្រីក្រនេះមានការទទួលស្គាល់ច្រើនពីដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិ។ ទោះបីជាយ៉ាងណាការកំណត់អត្តសញ្ញាណអ្នកក្រីក្រនេះក៏នៅមានភាពខ្វះចន្លោះខ្លះដែរ ព្រោះស្ថានភាពជីវភាពរបស់ប្រជាជនជាក់ស្តែងមួយៗក៏អាចមានការប្រែប្រួលឆាប់រហ័សពីធូរធារទៅក្រីក្រវិញ ឬក៏ពីក្រីក្រទៅធូរធារ។
លោក សុជាតិ បញ្ជាក់ថា៖ «លក្ខខណ្ឌហ្នឹងវាអាចមានភាពស្មុគស្មាញ។ គ្រួសារអ្នកក្រមួយចំនួនគាត់អត់នៅផ្ទះទេ។ គាត់ចំណាកស្រុកទៅធ្វើការនៅខេត្តផ្សេងនៅទីក្រុង នៅប្រទេសក្រៅអ៊ីចឹងទៅ។ ជួនកាលអ្នកដែលក្រពិតប្រាកដហ្នឹង អាជ្ញាធរគាត់អាចខ្វះចន្លោះ។ ប៉ុន្តែក្នុងចំណោមអ្នកដែលគេធ្វើ (កំណត់អត្តសញ្ញាណ) ក្រីក្រហ្នឹងក៏យើងឃើញថា ភាគច្រើនអាចត្រឹមត្រូវជាអ្នកក្រីក្រ ហើយវាអាចមានមួយចំនួនតូច វាអាចមានការរកមិនឃើញ»៕