ភ្នំពេញៈ ​ក្រសួងផែនការ​លើកទឹកចិត្ត​ឱ្យ​ពលករដែលត្រឡប់មកពីប្រទេសថៃ ​វិញ ហើយ​មាន​ជីវភាព​ខ្វះខាត​ត្រូវដាក់​ពាក្យ​ស្នើសុំ​បណ្ណ​សមធម៌​នៅ​អាជ្ញាធរ​មូលដ្ឋាន​របស់ខ្លួន ប៉ុន្តែ​មាន​ពលករ​តិចតួច​ប៉ុណ្ណោះ ដែល​បានដាក់​ពាក្យស្នើសុំ​បណ្ណ​នេះ បើទោះបី​ជា​ពលករ​ជាច្រើន​បាន​ត្អូញត្អែរ​ពី​ការខ្វះខាត​ខាង​ជីវភាព​ក៏ដោយ​។

គិត​ចាប់ពី​មាន​ការផ្ទុះឡើង​ជំងឺ​កូវីដ​ ១៩​ កាលពី​ដើម​ឆ្នាំ​ ២០២០ ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​ ១២ ​ម៉ឺននាក់​ ក្នុង​ចំណោម​ពលករ​សរុប​ដែលមាន​ជិត​ ១ ​លាន ២ ​សែន​នាក់​ បាន​ត្រឡប់មក​កម្ពុជា​វិញ និង​ប្រឈម​នឹង​ការខ្វះខាត​ជីវភាព​។

លោក ផន ចន្ថា អាយុ ៥១ ឆ្នាំ គឺជា​កសិករ​រស់នៅ​ភូមិ​ឆ្នាល់មាន់ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ធ្លាប់​បាន​ធ្វើការ​នៅ​ខេត្ត Pathum Thani ប្រទេស​ថៃ​អស់​រយៈពេល ៤ ​ឆ្នាំ​។ លោក​បាន​ធ្វើការ​ជា​អ្នក​ថែ​សួន​នៅ​ក្រុមហ៊ុន​លក់​អចលនទ្រព្យ​មួយ​ក្នុង​ខេត្ត​នេះ​រួមជាមួយ​នឹង​គ្រួសារ​ដែលមាន​កូន​ ២ ​នាក់​។

នៅ​ទីនោះ​លោក​ទទួលបាន​ប្រាក់ខែ​ទៀងទាត់​ជាង ៤០០ ​ដុល្លារ​ ក្នុង​ ១ ​ខែ ដោយ​ធ្វើការ​ទាំងថ្ងៃ​ទាំងយប់​។ ប៉ុន្តែ​ក្រោយពេល​ជំងឺ​កូវីដ​ ១៩​ បាន​ផ្ទុះឡើង នៅ​ទូទាំង​សកលលោក​រួមទាំង​នៅ​ប្រទេស​ថៃ​ផង​នោះ​លោក ចន្ថា មាន​ការភ័យខ្លាច​ឆ្លង​ជំងឺ​នេះ ហើយ​ក៏​បានសម្រេច​ចិត្ត​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅក្នុង​អំឡុង​ខែសីហា ឆ្នាំ​ ២០២០​។ នាពេល​បច្ចុប្បន្ននេះ​លោក​បាន​ធ្វើស្រែ​របស់លោក​វិញ ដែល​លោក​បាន​ទិញ​ដោយ​ប្រាក់កម្ចី​ចំនួន ២ ​ពាន់ដុល្លារ​កាលពី​ ៤ ​ឆ្នាំ​មុន មុនពេល​លោក​ទៅ​ប្រទេស​ថៃ​។ ក្រៅពី​ធ្វើស្រែ​លោក​ដើរ​ស៊ីឈ្នួល​ដក​ដំឡូងមី ដើម្បី​ទទួលបាន​ប្រាក់កម្រៃ​ប្រចាំ​ថ្ងៃ​ដែល​មិន​ទៀងទាត់​ប្រមាណ ៣ ​ម៉ឺន​រៀល​។ ចំណែក​ប្រពន្ធ ​និង​កូន​ ២ ​នាក់​របស់លោក ក៏​រក​ការងារ​ធ្វើ និង​ចិញ្ចឹម​មាន់​ប្រមាណ ៦០ ​ក្បាល​នៅ​ផ្ទះ​។

លោក​ធ្លាប់​ទទួលបាន​ជំនួយ​ជា​អង្ករ​ចំនួន ២៥ ​គីឡូក្រាម​ពី​អង្គការ​សង់ត្រាល់ ប៉ុន្តែ​លោក​មិន​ធ្លាប់​ទទួល​បាន​អ្វី​ពី​រដ្ឋាភិបាល​ទេ ដោយសារ​បណ្ណ​ក្រីក្រ​របស់លោក​​ដែលមាន​តាំងពី​ឆ្នាំ​ ២០០៨ បាន​​ផុតកំណត់​។ លោក​ចង់បាន​បណ្ណ​នេះ​ឡើងវិញ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​លោក​ថា លោក​មិនអាច​ទទួល​បណ្ណ​នេះ​បាន​ទេ ដោយសារ​លោក​មានផ្ទះ​រស់នៅ​សមរម្យ​ហើយ​។

លោក​និយាយថា​៖ «​គួរតែ​ចែក​ឲ្យ​បាន​គ្រប់គ្នា​ទៅ កុំ​ឲ្យ​ច្រណែន​គ្នា​។ អ្នកខ្លះ ផ្ទះ​គ្នា​មាន​មែន តែ​មាន​តែ​ផ្ទះ ចងការ​ប្រាក់​គេ​ធ្វើ​ផ្ទះ​។ ដល់​ឃើញ​គ្នា​មាន​ផ្ទះ​អត់​ឲ្យ​គ្នា​។ ដល់ពេល​អត់​ផ្ទះ ថា​នៅ​យូរយារ​នឹង​គេ​ដែរ អត់​ធ្វើ​ផ្ទះ​នៅ​។ វា​ពិបាក​ដែរ​ពាក្យ​នេះ​។ ខ្ញុំ​ឮ​ពាក្យ​នេះ​ដូច​ខ្ញុំ​អី​គេ​ថា មានផ្ទះ​នៅ​ប៉ុណ្ណឹង​ដែរ រក​បណ្ណ​ក្រីក្រ​អី​ទៀត​។ ដល់​យើង​អត់​ធ្វើ ផ្ទះ​រខេករខាក គេ​ថា ងាប់​ហើយ អត់​ធ្វើ​ផ្ទះ​»​។

ចំណែក​អ្នកស្រី ឈាង អុន អាយុ ៣៧ ​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិគ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប នៅ​ដើមឆ្នាំ​ ២០២០ អ្នកស្រី ប្ដី និង​ប្អូនប្រុស​បាន​ចំណាយ​ប្រាក់​ជាង ១ ពាន់​ដុល្លារ ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

ក្រោយពេល​ធ្វើការ​បាន​ប្រមាណ ៣ ​ខែ​នៅក្នុង​រោងចក្រ​សម្អាត​ឈើ​ ១ ​កន្លែង អ្នក​ទាំង ​៣ បាន​ជួប​នូវ​ហានិភ័យ​អត់​ការងារ​ធ្វើ ដោយសារ​តែ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។ កូវីដ​ ១៩​ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កន្លែង​ការងារ​របស់​អ្នកស្រី​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មិន​បាន​ទទួល​ប្រាក់ខែ​អស់​ជាច្រើន​ខែ ហើយ​ត្រូវបាន​ម្ដាយ​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​ចាយ​ពី​ប្រទេស​កម្ពុជា​។ ដោយ​មិនអាច​បន្ត​រស់នៅ​ទីនោះ​បាន​អ្នក​ទាំង​ ៣ ​បាន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ខែសីហា​។

បច្ចុប្បន្ននេះ បើទោះ​ជា​បាន​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ក្តី ក៏​អ្នក​ទាំង​ ៣ មិនបាន​រស់នៅ​ជុំ​ម្ដាយកូន​នៅ​ភូមិ ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប​ដែរ ដោយ​ពួកគេ​បន្ត​ធ្វើ​ចំណាកស្រុក​ដឹក​ទូក និង​ទ្រូ និង​ឧបករណ៍​ផ្សេងៗ​យកទៅ​នេសាទ​នៅ​ខេត្តស្ទឹងត្រែង​។ មុខរបរ​នេសាទ​អាច​ធ្វើឲ្យ​ពួកគេ​រកចំណូល​បាន​ប្រមាណ​ពី​ ២ ​ម៉ឺន ទៅ​ ៣ ​ម៉ឺន​រៀល ​ក្នុង​ ១ ​ថ្ងៃ លើកលែង​តែ​ថ្ងៃ​ល្អ​ដែល​អាច​នៅសល់​ប្រាក់​ប្រមាណ ៧ ​ម៉ឺន​រៀល​ ក្នុង​ ១ ​ថ្ងៃ​។ ប៉ុន្តែ​ក្រុមគ្រួសារ​អ្នកស្រី ឈាង អុក ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន​ ២២ ​ម៉ឺន​រៀល​ជា​រៀងរាល់ខែ ដោយសារ​អ្នកស្រី​មាន​បណ្ណ​ក្រីក្រ​ ១ ដែល​​ជា​បណ្ណ​សម្រាប់​អ្នកក្រីក្រ​ខ្លាំង​។

អ្នកស្រី មាស សុខ អាយុ ៦០ ​ឆ្នាំ​ ដែលជា​ម្ដាយ​របស់​អ្នកស្រី ឈាង អុន និយាយថា អ្នកស្រែ​លែង​ឲ្យ​កូន​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទៀតហើយ​។ អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​លែង​ឲ្យ​ទៅ​ថៃ​ទៀតហើយ ព្រោះ​ទៅ​អត់​មាន​សល់​អី​ទេ​។ សុខចិត្ត​នៅ​រកស៊ី​នៅ​នេះ បាន​ប៉ុន​ណា ស៊ី​ប៉ុណ្ណឹង​ទៅ​»​។

ប៉ុន្តែ​លោក ផន ចន្ថា គ្រោង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ នៅពេល​ស្ថានភាព​ជំងឺ​កូវីដ​ធូរស្រាល​។ ​លោក​កំពុង​សន្សំ​ប្រាក់​ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ថ្មី ក្រោយពេល​លិខិតឆ្លងដែន​ចាស់​បាន​ផុតកំណត់​។ ថៅកែ​របស់លោក​បាន​ទាក់ទង​មក​លោក​តាម​ទូរស័ព្ទ​ជា​ញឹកញាប់​ឲ្យ​លោក​ត្រឡប់​ទៅវិញ​ដោយ​មិនចាំបាច់​មាន​លិខិត​ឆ្លងដែន ប៉ុន្តែ​លោក​មិន​ហ៊ាន​ទៅ​ទេ​នៅពេល​ដែល​ជំងឺ​កូវីដ​នៅ​បន្ត​រាលដាល​។

យោងតាម​ការសិក្សា​មួយ​របស់​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ​និង​អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ដែល​បាន​សម្ភាស​ជាមួយ​ពលករ​ចំណាកស្រុក​ជាង ១ ០០០ ​នាក់​ដែល​ត្រឡប់មក​កម្ពុជា​វិញ ពលករ​ជាង​ពាក់កណ្ដាល​បាន​ឆ្លើយថា ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ ដោយសារតែ​ការភ័យខ្លាច​ជំងឺ​កូវីដ​ ១៩​។

ប៉ុន្តែ​ក៏មាន​ពលករ​ ២៨ ​ភាគរយ ត្រឡប់​មកវិញ​ដោយសារ​បាត់បង់​ការងារ​។ នៅពេល​ត្រឡប់​មក​ដល់​កម្ពុជា ពលករ​ជាទូទៅ​ទទួល​បាន​ប្រាក់ចំណូល​ជា​មធ្យម​ប្រមាណ​ ១៦៤ ​ដុល្លារ​ ក្នុង​ ១ ​ខែ​។ មាន​ពលករ​តែ​ ២១ ​ភាគរយ​ប៉ុណ្ណោះ​ដែល​និយាយថា ពួកគេ​មាន​ការងារ​ប្រចាំថ្ងៃ ហើយ​ជាង ១៣ ​ភាគរយ​ឆ្លើយថា ពួកគេ​​មាន​មុខ​ជំនួញ​ខ្នាតតូច​។

ពលករ​ជាង ៦១ ​ភាគរយ​បាន​ឆ្លើយថា ពួកគេ​នឹងធ្វើ​ចំណាកស្រុក​ម្ដងទៀត​នៅពេល​ព្រំដែន​បើក​ឲ្យ​ចេញ-ចូល​ឡើងវិញ ដោយ​ក្នុង​នោះ ៩១ ​ភាគរយ ជ្រើសរើស​ប្រទេស​ថៃ​ជា​គោលដៅ​នៃ​ការធ្វើ​ចំណាកស្រុក​។ មានតែ ជាង ៥ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ឆ្លើយថា ពួកគេ​នឹង​ស្នាក់នៅ​អចិន្រៃ្តយ៍​នៅ​កម្ពុជា​។

ក្នុងចំណោម​ពលករ​ជាង ១ ០០០ ​នាក់​ មាន​តែ​ជិត ​២ ​ភាគរយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល តាមរយៈ​បណ្ណសមធម៌ បើទោះបី​ជា​ពលករ​ប្រមាណ​ ៣០ ​ភាគរយ​និយាយថា ពួកគេ​ពុំ​មាន​ចំណូល​សោះ​។

បើទោះបី​ជា​ពលករ​ភាគច្រើន​បង្ហាញ​ក្ដីបារម្ភ​អំពី​ការខ្វះ​ចំណូល និង​ខ្វះ​ការងារ​ធ្វើ​ក៏ដោយ ប៉ុន្តែ​ពួកគេ​មានតែ​ជិត​ ៥ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ធ្លាប់បាន​ទៅ​ស្វែងរក​ជំនួយ​ដោយ​បាន​ទៅរក​ជំនួយ​តាមរយៈ​មេភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ ឬ​ស្វែងរក​ជំនួយ​ពី​អ្នកជិតខាង និង​អង្គការ​។

លោក មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ (​សង់ត្រាល់​) បាន​ថ្លែងថា រដ្ឋាភិបាល​គួរ​បញ្ចូល​ពលករ​ដែល​ត្រឡប់​ពី​ក្រៅប្រទេស ជាពិសេស​ប្រទេស​ថៃ​ ចូល​ក្នុង​បញ្ជី​បណ្ណ​សមធម៌​ដោយសារ​តែ​ពលករ​ភាគច្រើន​បាន​ខ្ចីប្រាក់​គេ​ដើម្បី​បាន​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ប៉ុន្តែ​ពួកគេ​បច្ចុប្បន្ន​កំពុង​រង​ផលប៉ះពាល់​ពី​កូវីដ ហើយ​ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ​ទាំង​គ្មាន​ប្រាក់ និង​ជំពាក់​បំណុល​ទៀត​។

លោក​ថ្លែងថា​៖ «​ទាល់តែ​រដ្ឋ​លោក​បូក​បញ្ចូល​គាត់​ទៅក្នុង​ប្រព័ន្ធ​ជួយ​ជនក្រីក្រ ដូចជា ការព្យាបាល ពិនិត្យ​សុខភាព​ដោយ​អត់​អស់​លុយ ហើយ​ប្រសិនបើ​រដ្ឋ​ចែកជា​កញ្ចប់​ថវិកា​ចែក​លុយ​សុទ្ធ ពួកគាត់​ក៏​គួរតែ​ជា​អាទិភាព​ទី​ ១ ​ដែរ ដែល​ជួយ​បន្ថយ​បំណុល​របស់គាត់​។ មួយទៀត​បង្កើត​មុខរបរ​នៅក្នុង​សហគមន៍ ដូចជា​វិស័យ​កសិកម្ម ដែល​វា​អាច​កាត់បន្ថយ​ការប្រថុយប្រថាន​ទៅ​ប្រទេស​គេ​វិញ​»​។

លោក​គាំទ្រ​ដល់​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជំរុញ​ឲ្យ​ពលករ​ត្រឡប់​ពី​បរទេស ងាក​មក​ប្រកបរបរ​​ក្នុង​វិស័យ​កសិកម្ម​។ ប៉ុន្តែ​លោក​សង្កេតឃើញ​ជាក់ស្ដែង​ថា ការជំរុញ​នេះ​ហាក់​មិនទាន់​ឈាន​ដល់​មាន​ការអនុវត្ត​ពេញលេញ​ទេ គឺ​មាន​ដោយ​អន្លើ​។

លោក ថេង បញ្ញាធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួង​ផែនការ​បាន​ឲ្យ​ដឹងថា កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​មាន​ការផ្ទុះឡើង​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​នៅ​ប្រទេស​ថៃ មាន​កិច្ចប្រជុំ​មួយ​ត្រូវ​បាន​ធ្វើឡើង​ដឹកនាំ​ដោយ​លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពី​ការផ្ដល់​បណ្ណ​សមធម៌​ដល់​ពលករ​ចំណាកស្រុក​ពី​ប្រទេស​ថៃ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។

លោក បញ្ញាធន បញ្ជាក់​ដូច្នេះ​ថា​៖ «​ប្រសិនបើ​គាត់​មាន​បញ្ហា ឬ​គាត់​ធ្លាក់ខ្លួន​ក្រីក្រ​អី គឺ​គាត់​អាចដាក់​ពាក្យស្នើសុំ នៅឯ​ឃុំ-សង្កាត់​របស់គាត់​ដូច​ប្រជាជន​ទូទៅ​អ៊ីចឹង​។ អាជ្ញាធរ​ឃុំ-សង្កាត់​គាត់​នឹង​ពិនិត្យ​មើលថា​តើ​ការស្នើសុំ​របស់​ពួកគាត់​នោះ ក្រ​មែន ឬ​មិនមែន​? ​បើ​គាត់​ក្រ​មែន គេ​នឹង​ផ្ដល់​បណ្ណ​ឲ្យ​ហើយ​។ ប៉ុន្តែ​យើង​មិន​ធ្វើការ​ផ្ដល់​បណ្ណសមធម៌​ដល់​រាល់​ពលករ​ចំណាក​ស្រុក​ពី​ថៃ ដោយ​ស្វ័យប្រវត្តិ​នោះទេ​ដោយសារ​តែ​អ្នកខ្លះ​ក៏​មកវិញ​មិនមែន​បាតដៃ​ទទេ​នោះទេ​»៕