ភ្នំពេញៈ ក្រសួង​ទេសចរណ៍​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ខ្លី​ដល់​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​នៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍ ដើម្បី​រំឭក និង​ពង្រឹងសមត្ថភាព​ដល់​ពួកគេ​ដោយ​កម្ពុជា​រំពឹង​​ថា នឹង​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ ៥០ ​ម៉ឺន​នាក់​ ក្នុង​ឆ្នាំ​ ២០២១ ហើយ​ចំនួន​នេះ​នឹង​មាន​ការកើនឡើង បើ​ករណី​កូវីដ​ ១៩​ មាន​ការថយចុះ​។

បើតាម​លោក ​ថោង រដ្ឋសក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ដោយសារ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​វិបត្តិ​កូវីដ​ក្នុង​ជុំ​ទី​៦ ​និង​ទី​៧ ដែល​តម្រូវឱ្យ​ប្រតិបត្តិករ​ក៏ដូចជា​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ត្រូវ​បន្ត​ការសិក្សា​ក្នុងន័យ​ពង្រឹង​គុណភាព​របស់ខ្លួន បើទោះ​ជា​ក្នុង​វិបត្តិ​កូវីដ​ ១៩ មិនមាន​ភ្ញៀវទេសចរ​ច្រើន​ក៏ដោយ ក៏​កម្ពុជា​រំពឹង​ថា នៅ​ឆ្នាំ​ ២០២១ ​នេះ វិស័យ​ទេសចរណ៍​គ្រោង​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៥០ ​ម៉ឺន​នាក់ ហើយ​ចំនួន​នេះ​នឹងមាន​ការកើនឡើង​បន្ថែមទៀត បើ​ក្នុងករណី​ជំងឺ​កូវីដ ​១៩ ត្រូវបាន​ទប់ស្កាត់ ដូចជា​ការទទួល​បាន​វ៉ាក់សាំង​បាន​ទូលំទូលាយ ដែល​ជា​ហេតុ​នាំឱ្យ​វិស័យ​ទេសចរណ៍​នេះ​នឹង​ងើប​ឡើងវិញ​បន្តិច​។

លោក​បញ្ជាក់ថា​៖ «​តាម​ការសិក្សា​នៅ​ឆ្នាំ ២០២០ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​ទូទាំង​ពិភពលោក​គឺ​ចន្លោះ​ពី ៧០ ទៅ ៩០ ភាគរយ​ហើយ​ក្នុងប្រទេស​កម្ពុជា ​យើង​គឺ​ធ្លាក់ចុះ​ចំនួន ៨៦ ភាគរយ​។ ប៉ុន្តែ​ចំនួន​នេះ​គឺ​គិត​នៅត្រឹម​ចុងឆ្នាំ​ ២០២០ ព្រោះតែ​ភ្ញៀវទេសចរ​មាន​ការ​មក​ច្រើន​នៅ​ដើមឆ្នាំ​ ២០២០»​។

លោក​ថា សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​ពិភពលោក​មិនទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ទេ គ្រាន់តែ​ជាការ​សិក្សា​ដំបូង ឃើញថា ភ្ញៀវ​អន្តរជាតិ​អាច​បាន​ (​ងើប​) មកវិញ​ក្នុង​ចន្លោះ ៣០០ ​លាន​នាក់​ ដែល​អាច​ងើបឡើង​មកវិញ​ពី​ចន្លោះ ២០ ទៅ​ ៣០ ​ភាគរយ ហើយ​បើ​មាន​វ៉ាក់សាំង​គឺ​ងើប​ឡើងវិញ​ចន្លោះ​ពី ៣៥ ទៅ ៥០ ភាគរយ​។ ជាមួយនឹង​ការបន្ត​ពង្រឹង​សមត្ថភាព​បុគ្គលិក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​លោក ថោង រដ្ឋសក្តិ ក៏បាន​ឱ្យដឹង​ដែរ​ថា រាជរដ្ឋាភិបាល​ក៏​មាន​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការបណ្តុះបណ្តាល​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម ព្រោះ​យុទ្ធសាស្ត្រ​នេះ កម្ពុជា​រំពឹងថា​នឹង​អាច​ស្រូប​ទាញ​ចំណូល​បន្ថែម និង​អាចឆ្លើយតប​តាម​តម្រូវការ​ដែល​ត្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​។

លោក មាន វ៉ន់ដេត ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុង​រយៈពេល ៦ ​ខែ​ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០២០ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ថ្មី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ក្រសួង​បង្កើតឡើង​ក្នុងអំឡុង​ពេល​រង​វិបត្តិ​កូវីដ​ ១៩ គឺមាន​បុគ្គលិក ឬ​សិក្ខាកាម​ផ្នែក​វិស័យ​ទេសចរណ៍​ប្រមាណ ១៣ ០០០ ​នាក់​បាន​ទទួល និង​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ដែល​ភាគច្រើន​នៃ​សិក្ខាកាម​គឺ​មកពី​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​រាជធានី-ភ្នំពេញ ហើយ​ពួកគេ​បម្រើការ​នៅ​ផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន និង​ការធ្វើដំណើរ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​យើង​ប្រឈម​នឹង​វិបត្តិ​កូវីដ​នេះ ក្រសួង​ក៏​ចង់​ប្រែក្លាយ​វិបត្តិ​នេះ​ទៅ​ជា​ឱកាស​ក្នុង​ការជំរុញ បណ្តុះបណ្តាល​សមត្ថភាព​ទៅដល់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​របស់​យើង​ទៅ​តាមរយៈ​ការជំរុញ​ការបណ្តុះបណ្តាល​បន្ថែម និង​ជំនាញ​ថ្មី​»​។

លោក វ៉ន់ដេត ថ្លែងថា​៖ «​បើទោះជា​បច្ចុប្បន្ន ស្ថានភាព​ភ្ញៀវទេសចរ​មាន​ការធ្លាក់ចុះ​យ៉ាង​​គំហុក កម្ពុជា​នៅ​ប្រឈម​ការខ្វះខាត​ពលកម្ម​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ ព្រោះ​បន្ទាប់ពី​វិបត្តិ​កូវីដ​១៩​បាន​ធូរស្រាល​ទៅ ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នឹង​មាន​ការកើនឡើង​តាមរយៈ​ការបង្កើត​វគ្គ​​បណ្តុះបណ្តាល​បន្ថែម ជាពិសេស​ជំនាញ​ភាសា​ចិន​ដែល​រំពឹងថា ភ្ញៀវទេសចរ​ចិន​នឹង​មាន​ការកើនឡើង​ទ្វេដង​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​ជាន់ខ្ពស់​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ឱ្យដឹងថា ការបណ្តុះបណ្តាល​បុគ្គលិក ឬ​ជំនាញ​បន្ថែម​ក្នុង​វិស័យ​ទេសចរណ៍​នេះ គឺ​ទស្សនៈ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល​ដែល​សម្លឹង​ឃើញថា វិស័យ​ទេសចរណ៍​នឹង​ងើប​ឡើងវិញ​ក្នុង​ពេល​ដែល​វិបត្តិ​កូវីដ​ ១៩ ត្រូវបាន​បញ្ចប់ បើទោះ​ជា​បច្ចុប្បន្ននេះ អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យនេះ​ជាច្រើន​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​នេះ​ក៏ដោយ​។ ជំនាញ​ទាំងនេះ​គឺ​ត្រូវតែ​បន្ត​ធ្វើការ​ហ្វឹកហាត់ និង​បណ្តុះបណ្តាល​ជាប្រចាំ​ដោយ​មិនអាច​បណ្តែតបណ្តោយ​បាន​នោះទេ ខណៈ​នៅពេល​វិស័យនេះ​មាន​ការងើបឡើង​វិញ​នឹងមាន​តម្រូវ​ការចាំបាច់​បំផុត​។

លោក​បញ្ជាក់ថា​៖ «​ពេល​វិស័យ​អាកាសចរណ៍ និង​វិស័យ​ដឹក​ជញ្ចូន​ដែល​ជា​វិស័យ​អាទិភាព​មាន​ដំណើរការ​ឡើង​វិញ នោះ​ហើយ​ការរំពឹងទុក​នឹង​អាច​ក្លាយ​ជា​ការពិត​»៕