ភ្នំពេញ: គិតចាប់ពីខែឧសភារហូតដល់ខែសីហា ឆ្នាំ ២០២០ មានយានយន្តចំនួន ២៥ ៦០០ គ្រឿង ត្រូវបានយកមកកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិនៅតាមមន្ទីររាជធានី/ខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ប៉ុន្តែមន្ត្រីបានអំពាវនាវដល់ម្ចាស់យានយន្តដែលមិនទាន់មកបំពេញបែបបទនេះត្រូវប្រញាប់រួសរាន់ ខណៈថ្ងៃផុតកំណត់កាន់តែខិតជិតឈានចូលមកដល់។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងកាលពីថ្ងៃ ១៤ សីហា ថា គិតចាប់ពីខែឧសភា រហូតមកទល់ខែសីហា នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្ដល់សេវាផ្ទេរកម្មសិទ្ធិយានយន្តជូនម្ចាស់យានយន្តបានចំនួន ២៥ ៦០០ គ្រឿង ហើយក្នុងនោះមានទាំងរថយន្ត និងម៉ូតូរួមគ្នា ។
លោកបានបញ្ជាក់ថា៖ «តួលេខនេះគឺយើងរាប់ទាំងឡាន និងម៉ូតូចូលគ្នាតែម្ដង ខ្ញុំមានតួលេខត្រឹមកម្រិតយានយន្ត បើនិយាយពីការផ្ទេរកម្មសិទ្ធិនេះគឺយើង Cover ទាំងឡានទាំងម៉ូតូ»។ ប៉ុន្តែលោកថាសេវានេះនឹងធ្វើរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ដែលជាថ្ងៃផុតកំណត់។
យ៉ាងណាក្ដីលោកនៅមិនទាន់ដឹងថា តើត្រូវពន្យារពេលបន្ថែម ឬមួយយ៉ាងណាទេ ប្រសិននៅមានយានយន្តច្រើនមិនទាន់បានបញ្ជូនយកមកកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិតាមច្បាប់។ ដូច្នេះមន្ត្រីជំនាញនឹងរង់ចាំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនសិន។
លោកបានថ្លែងថា៖ «ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់ពលរដ្ឋជាម្ចាស់យានយន្តដែលមិនទាន់ផ្ទេរកម្មសិទ្ធិត្រូវប្រញាប់យកយានយន្តរបស់ខ្លួនដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃមកកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដើម្បីទទួលបានការកាន់កាប់យានយន្តរបស់ខ្លួនឲ្យស្របតាមច្បាប់ ជាពិសេសអ្នកដែលទើបតែទិញ ឬលក់យានយន្តហើយ តែមិនទាន់បានផ្ទេរ សូមប្រញាប់យកមកផ្ទេរដែលមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ។ អ្នកដែលរកម្ចាស់ដើមមិនឃើញគឺយើងបានដាក់ឱសានវាទបញ្ចប់ត្រឹមចុងខែកញ្ញាខាងមុខនេះ»។
លោក វ៉ាន់ រ៉ាណេត ពលរដ្ឋម្នាក់រស់នៅខណ្ឌច្បារអំពៅដែលបានយករថយន្តទៅផ្ទេរកម្មសិទ្ធិថ្មីៗនេះបានឲ្យដឹងកាលពីថ្ងៃ ២៤ សីហា ថា រថយន្តរបស់លោកបានផ្ទេរកម្មសិទ្ធិរួចហើយកាលពីខែកក្កដា បន្ទាប់ពីទិញបន្តពីមិត្តភក្ដិម្នាក់។
ការកាត់ឈ្មោះនេះបង្កឲ្យមានភាពងាយស្រួលដល់ការគ្រប់គ្រង និងប្រើប្រាស់រថយន្តប្រចាំថ្ងៃរបស់លោក។
លោកបន្តថា ក្រោយពីកាត់ឈ្មោះរួចលោកមានទំនុកចិត្ត ទោះជិះទៅដល់ទីណាក៏មិនបារម្ភពីការសួរនាំរបស់សមត្ថកិច្ចចរាចរណ៍ដែរ ព្រោះការកាត់ឈ្មោះនេះបានបញ្ជាក់ច្បាស់ថា រថយន្តនេះជាកម្មសិទ្ធិរបស់លោកស្របច្បាប់ ជាពិសេសងាយស្រួលលក់ដូរនៅថ្ងៃក្រោយទៀត។
លោកថា៖ «បើយើងមិនបានកាត់ឈ្មោះទេ គឺរថយន្តហ្នឹងនៅជាប់ឈ្មោះម្ចាស់ដើម ប្រសិនយើងត្រូវការលក់ឡានហ្នឹងវិញ គឺយើងត្រូវតែស្វែងរកម្ចាស់ឡានដើមមកបញ្ជាក់ថាឡានហ្នឹងពិតជារបស់យើងមែន ព្រោះកាតគ្រីឡាននៅឈ្មោះម្ចាស់គេដើមនៅឡើយ។ អ៊ីចឹងយើងត្រូវរកម្ចាស់ដើមមកជួយបញ្ជាក់ដើម្បីអាចលក់ឡានហ្នឹងបាន។ អ៊ីចឹងវាធ្វើឲ្យវែងឆ្ងាយ ចំណាយពេលយូរទៀត ប៉ុន្ដែបើយើងកាត់ដាក់ឈ្មោះយើងហើយ បើចង់លក់ដូរគឺងាយស្រួល ព្រោះកាតគ្រីជាឈ្មោះយើងស្រាប់ហើយ»។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះថ្ងៃទី ២ ខែកក្កដា កន្លងទៅឲ្យដឹងថា ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ ក្រសួងបានសង្កេតឃើញ ពលរដ្ឋដែលមកទទួលសេវាផ្ទេរកម្មសិទ្ធិមានការកើនឡើងជាបន្តបន្ទាប់ និងមានស្មារតីភ្ញាក់រឭកក្នុងការអនុវត្តកាតព្វកិច្ច។
សេចក្ដីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ពលរដ្ឋជាម្ចាស់យានយាន្តដែលមានបំណងផ្ទេរកម្មសិទ្ធិក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបន្តអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ខាងមុខ៕