
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងមហាផ្ទៃបានសម្រេចផ្ទេរភារកិច្ចមន្ត្រី ២ រូបចេញពីនាយកដ្ឋានសវនកម្មផ្ទៃក្នុងឲ្យទៅបម្រើការងារនៅអង្គភាពផ្សេង ក្រោយមានការរិះគន់ពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការចាត់តាំងមន្ត្រីជាសាច់ញាតិរបស់ លោក ធឹម សុផា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រសួងមហាផ្ទៃបានចាត់ឲ្យធ្វើការត្រួតពិនិត្យករណីនេះយ៉ាងល្អិតល្អន់ និងបានរកឃើញថា ក្នុងចំណោមមន្ដ្រីនគរបាលជាតិ ១១ នាក់ដែលត្រូវបានចោទប្រកាន់ថាចាត់តាំងក្រុមគ្រួសារសាច់ញាតិឲ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងគឺមានមន្ដ្រី ៦ នាក់ជាប់សាច់ញាតិ និងជាកូនរបស់លោក ធឹម សុផា ក្នុងនោះ មាន ៤ នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
លោកបានបន្ដថា៖ «ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យនេះ ក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចមន្ដ្រី ២ នាក់ក្នុងចំណោម ៤ នាក់នោះឲ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង»។
លោកបានបន្ថែមថា៖ «យើងពិនិត្យមើលទៅឃើញមានកូនកូនប្រសា ៤ នាក់ ចំណែកឯ ២ នាក់ទៀត គេនៅផ្សេង។ដូច្នេះមាន ៤ នាក់ហ្នឹង ផ្លាស់ ៤ នាក់ហ្នឹងចេញទៅកុំឲ្យនៅជាមួយ។ ផ្លាស់ចេញ ២ នាក់ នៅ ២ នាក់។ នៅជាមួយនោះ កូននោះ ១ កូនប្រសា ១ ប៉ុន្ដែអ្នកទាំងអស់ហ្នឹងក៏ស្ថិតនៅក្នុងការត្រួតពិនិត្យ ឃ្លាំមើលរបស់យើងដែរ។នៅក្រៅពីឪ មិនមែននៅជាមួយឪទេ»។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលបានចុះផ្សាយកាលពីថ្ងៃទី ១ ខែមីនាបានបញ្ជាក់ថា ចំពោះសាច់ញាតិរបស់លោក ធឹម សុផា ជាមន្ដ្រីនគរបាលជាតិ ២ នាក់ ដែលបន្ដបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនស្របតាមបទប្បញ្ញត្ដិឬលក្ខន្ដិកៈជាធរមាន។
តាមសេចក្ដីប្រកាសដដែល ការសម្រេចផ្ទេរភារកិច្ចមន្ដ្រី ២ នាក់ចេញពីនាយកដ្ឋានសវនកម្មនៃក្រសួងមហាផ្ទៃនេះ កើតឡើងបន្ទាប់ពីមានការចុះផ្សាយជាបន្ដបន្ទាប់តាមប្រព័ន្ធព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកអំពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការចាត់តាំងក្រុមគ្រួសារសាច់ញាតិ លោក ធឹម សុផា ឲ្យមកបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។
លោក ធឹម សុផា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា លោកពេញចិត្ដចំពោះការផ្ទេរភារកិច្ចរបស់ក្រសួងមហាផ្ទៃខ្លាំងណាស់ ព្រោះក្រសួងបានផ្ដល់យុត្ដិធម៌ និងយល់ពីកិច្ចការដែលលោកបានបំពេញនាពេលកន្លងមក។
លោកបានថ្លែងថា៖ «ខ្ញុំពេញចិត្ដណាស់ដែលលោក (ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ) បានផ្ដល់នូវភាពយុត្ដិធម៌ការគាំទ្រ។ លោក (ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ) បានយល់អំពីខ្ញុំច្បាស់លាស់ណាស់តាមរយៈការតាមដានការធ្វើការងារតាមសមត្ថភាព និងយ៉ាងយកចិត្ដទុកដាក់នេះ ហើយខ្ញុំគ្មានញាប់ញ័រជាមួយលោកធម៌ទេព្រោះខ្ញុំគិតថា ថ្នាក់ដឹកនាំគាត់ជាឪពុកម្ដាយដែលមានព្រហ្មវិហារធម៌ និងមានគតិបណ្ឌិត»។
បើតាមលោក សុផា សាច់ញាតិលោក ២ នាក់ ដែលត្រូវផ្ទេរចេញពីនាយកដ្ឋានសវនកម្មផ្ទៃក្នុងនេះ ម្នាក់ត្រូវផ្ទេរឲ្យទៅបម្រើការនៅនាយកដ្ឋានសុខាភិបាលនៃអគ្គនាយកដ្ឋានភ័ស្ដុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ និងម្នាក់ទៀតផ្ទេរទៅនាយកដ្ឋានភ័ស្ដុភារនិងសម្ភារបច្ចេកទេសនៃអគ្គនាយកដ្ឋានភ័ស្ដុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ៕