ភ្នំពេញៈ តំណាង​ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ព័ត៌មាន និង​ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ (USAID) ​កាលពី​ម្សិលមិញ​បាន​បើក​យុទ្ធនាការ​ «​ការពារ​ព្រៃឡង់​តាមរយៈ​ការទាក់ទង​ផ្លាស់ប្ដូរ​ឥរិយាបថ​សង្គម​» ដោយ​ផ្តោតលើ​បរិស្ថាន ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការសម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​នេះ​បាន​ឱ្យ​ដឹងថា ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ព្រៃឈើ​ក្នុង​តំបន់​ទេសភាព​ជីវចម្រុះ​សម្បូរបែប​ដែល​បាន​មកពី​ព្រៃឈើ និង​អត្ថប្រយោជន៍​ព្រៃឈើ​ដែល​ទ្រទ្រង់​ជីវភាព​រស់នៅ USAID ​និង​ក្រសួង​ពាក់ព័ន្ធ​សំខាន់ៗ​នៅ​កម្ពុជា​បាន​ព្រមព្រៀង​សហការគ្នា​លើក​កម្ពស់​ការចូលរួម​របស់​សាធារណជន​ក្នុង​ការការពារ​ព្រៃឈើ និង​សត្វព្រៃ​តាមរយៈ​យុទ្ធនាការ​នេះ​បន្ថែមទៀត​។

លោកស្រី វីណា រែដឌី នាយិកា​បេសកកម្ម USAID ​បាន​ថ្លែងថា យុទ្ធនាការ​នេះ បង្ហាញ​ពី​ភាព​ជា​ដៃគូ​យូរអង្វែង​របស់​ USAID ​ក្នុង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា​ក៏ដូចជា​ការបន្ត​ការប្ដេជ្ញាចិត្ត​ចំពោះ​ការអភិរក្ស​ជីវចម្រុះ​ដ៏មាន​សារៈសំខាន់​របស់​កម្ពុជា​។

លោកស្រី​ថា​៖ «​យើង​សង្ឃឹមថា យុទ្ធនាការ​នេះ​នឹង​ជួយ​លើក​ទឹកចិត្ដ​ប្រជាជន​កម្ពុជា​ច្រើន​ថែមទៀត​ក្នុង​ចូលរួម​ការពារ​កេរដំណែល​ធម្មជាតិ​របស់​ខ្លួន​»​។

បើតាម​ USAID យុទ្ធនាការ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​គម្រោង​អនាគត​បៃតង​កម្ពុជា​ USAID និង​គម្រោង​ព្រៃឡង់​បៃតង​ USAID ដើម្បី​អភិរក្ស​តំបន់​ទេសភាព​ព្រៃឡង់​។ ​យុទ្ធនាការ​នេះ​មាន​គោលដៅ​លើកកម្ពស់​ការយល់ដឹង​អំពី​មុខងារ​សំខាន់ៗ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​របស់​ព្រៃឡង់​ទៅ​ដល់​សាធារណជន​ក៏​ដូចជា​លើកកម្ពស់​ការផ្លាស់ប្ដូរ​ឥរិយាបថ និង​សកម្មភាព​ជា​វិជ្ជមាន​ដែលមាន​តួនាទី​ពង្រឹង អភិរក្ស​ជីវចម្រុះ​ និង​ការពារ​ព្រៃឈើ​។

លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ដែល​ធ្វើជា​អធិបតី​នៃ​ពិធីសម្ពោធ​យុទ្ធនាការ​នេះ​បាន​ថ្លែង​ដែរ​ថា ក្រសួងបរិស្ថាន​ជឿថា យុទ្ធនាការ​នេះ​ឆ្លើយតប​នឹង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង​ព្រៃឈើ និង​ជីវចម្រុះ ប្រកប​ដោយ​ចីរភាព​ដូច​ដែល​មានចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្តីពី​ការការពារ​បរិស្ថាន​ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​។ ​ជាមួយ​នេះ​ក៏​ស្រប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩-២០២៣ ​ផង​ដែរ​។

លោក​ថ្លែងថា​៖ «​ក្នុង​បរិបទ​នេះ​យើង​ឃើញថា យុទ្ធនាការ​នេះ​គឺជា​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​សម្រេច​បាន​នូវ​ការផ្លាស់ប្តូរ​ឥរិយាបថ​ដ៏មានន័យ និង​ការលើកកម្ពស់​សកម្មភាព​ជា​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​កិច្ចការពារ​ព្រៃឈើ និង​ការអភិរក្ស​ជីវចម្រុះ​នៅក្នុង​ប្រទេស​របស់​យើង​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា គម្រោង​នេះ​នឹង​អាចជួយ​ផ្តល់ព័ត៌មាន​ផ្តល់​ការអប់រំ និង​ទទួល​បាន​ការចូលរួម​ពី​សំណាក់​ប្រជាជន​កម្ពុជា​ទាំង​ក្មេង និង​ចាស់​ស្តីអំពី​ការការពារ​ព្រៃឡង់ ហើយ​អ្វីដែល​យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវធ្វើ​នោះ គឺ​ការពារ​បរិស្ថាន​ដ៏ស្រស់ស្អាត​របស់​យើង​ឱ្យ​គង់វង្ស​»​។

បើតាម​លោក សៅ សុភាព ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ​មក​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​​បរិស្ថាន​ជា​អ្នកគ្រប់គ្រង​តំបន់​អភិរក្ស​។

ជា​លទ្ធផល​ក្រសួង​បានដាក់​បញ្ចូល​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៦៦ ​កន្លែង ដែល​មាន​ផ្ទៃដី​សរុប​ ៧,២៥ ​លាន​ហិកតា ​ស្មើនឹង​ ៤០ ​ភាគរយ ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ២០ ខែ ឧសភា ឆ្នាំ​ ២០២០៕

វីដេអូ៖