
ថ្នាំវ៉ាក់សាំងសម្រាប់ចាក់ការពារការឆ្លងវីរុសកូវីដ១៩។ រូបថត AKP
ភ្នំពេញៈ ក្រសួងពាក់ព័ន្ធកាលពីម្សិលមិញបានប្រជុំពិភាក្សាបន្ទាន់ជាមួយនឹងអង្គការធំៗ និងបណ្ដាប្រទេសមួយចំនួនជុំវិញគម្រោងលទ្ធកម្មទិញ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅកម្ពុជា ខណៈមន្ត្រីក្រសួងសុខាភិបាលបានក្រើនរំឭកទៅដល់ពលរដ្ឋកម្ពុជាទាំងអស់កុំឱ្យរំពឹងតែលើវ៉ាក់សាំងការពារកូវីដ ១៩ ខ្លាំងពេក រហូតភ្លេចការពារខ្លួន។
កិច្ចប្រជុំបន្ទាន់នេះធ្វើឡើងតាមរយៈអនឡាញរវាង លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងដៃគូពាក់ព័ន្ធដូចជា អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំកម្ពុជាមូលនិធិសកល អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី ចិន ជប៉ុន រុស្ស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ និងបារាំង ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងកូវីដ ១៩ និងកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។
នៅក្នុងពិធីនោះលោក វង្សី វិស្សុត បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សា និងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគីលើភាពគ្រប់ជ្រុងជ្រោយ និងស័ក្ដិសិទ្ធិភាពនៃផែនការ និងសកម្មភាពជាយុទ្ធស្រាស្តក្នុងការចាត់ចែងទិញ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលធានាបាននូវការគ្រប់គ្រងសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំង។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងទិញវ៉ាក់សាំងទាំងឡាយណា ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ទោះបីទិញតាមរយៈ COVAX Facility ក្តី ឬតាមរយៈការទិញផ្ទាល់ពីក្រុមហ៊ុនផលិត និងតាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការទេ្វភាគីក្តី»។
លោកបានបញ្ជាក់ថា កម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់ប្រជាជនឱ្យបានប្រមាណ ១០ លាននាក់ ដោយក្នុងនោះមជ្ឈមណ្ឌលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាសកល (COVAX Facility) នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់ប្រជាជនចំនួនពី ៣ ទៅ ៤ លាននាក់។ ដោយឡែក នៅសល់ប្រមាណ ៦ ទៅ ៧ លាននាក់ទៀត ដែលរាជរដ្ឋាភិបាលត្រូវផ្តល់ជូនតាមរយៈការស្វែងរកជំនួយផ្គត់ផ្គង់ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងដោយការធ្វើលទ្ធកម្មទិញដោយរាជរដ្ឋាភិបាលផ្ទាល់។
កាលពីម្សិលមិញនេះដែរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានក្រើនរំឭកទៅដល់ពលរដ្ឋកម្ពុជាទាំងអស់កុំឱ្យរំពឹងលើវ៉ាក់សាំងការពារកូវីដ១៩ខ្លាំងរហូតភ្លេចការពារខ្លួន។
លោកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោកស្រីសង្កេតឃើញមានពលរដ្ឋខ្មែរជាច្រើនបានឱ្យតម្លៃ និងរង់ចាំវ៉ាក់សាំងកូវីដ ១៩ នេះខ្ពស់ណាស់។ ក៏ប៉ុន្តែវ៉ាក់សាំងកូវីដ ១៩ មិនមែនជាមធ្យោបាយ ឬដំណោះស្រាយតែមួយក្នុងការទប់ស្កាត់នូវការរីករាលដាលកូវីដ ១៩ ទេ ដូច្នេះត្រូវអនុវត្តវិធានការអនាម័យបន្ថែមឱ្យបានខ្ជាប់ខ្ជួន។
លោកស្រីបានរំឭកថា៖ «មិត្តភក្តិបរទេសយើងមួយចំនួនប្រើពាក្យ SilverSolution ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំប្រើពាក្យ Golden Solution (ដំណោះស្រាយមាសពេជ្រ) ដោយសារខ្ញុំឃើញបងប្អូនយើងឱ្យតម្លៃខ្ពស់ណាស់ ហើយរង់ចាំក៏ខ្ពស់ដែរក្នុងការបានវ៉ាក់សាំងយកមកចាក់ ដើម្បីអាចចៀសផុតពីការឆ្លងនូវវីរុសកូវីដ ១៩។ យើងត្រូវការវ៉ាក់សាំងដើម្បីចាក់ក៏ប៉ុន្តែយើងក៏មិនត្រូវពឹងផ្អែក ទៅលើវ៉ាក់សាំងទាំងស្រុងនោះដែរ យើងត្រូវពឹងផ្អែកលើខ្លួនយើង»។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖ «បុគ្គលម្នាក់ៗត្រូវតែចងចាំថា ខ្ញុំ [ខ្លួនឯង] មិនត្រូវឱ្យវីរុសកូវីដ ១៩ វាយលុកសរីរាង្គខ្ញុំបានទេ ដោយយើងត្រូវអនុវត្តនូវវិធានការអនាម័យដែលជាវិធានការដ៏មានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់ការចម្លងនូវវីរុសកូវីដ ១៩»។
ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យមានការរួមគ្នាធ្វើយ៉ាងណាកុំឱ្យមានការរាតត្បាតវីរុសនេះទ្រង់ទ្រាយធំក្នុងសហគមន៍ហើយត្រូវព្យាយាមកាត់ផ្តាច់ឱ្យបាននូវខ្សែចម្លងវីរុសកូវីដ១៩ពីបុគ្គលមួយទៅបុគ្គលមួយ។
ទាក់ទងនឹងបញ្ហាកូវីដនេះដែរ កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺដែលឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ចំនួន ៥ នាក់ នៅក្នុងនោះមានទាំងទារកអាយុ ៧ ខែម្នាក់ផងបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។
អ្នកជំងឺជាសះស្បើយទាំងនោះមាន ស្ត្រីជនជាតិខ្មែរអាយុ ៦៤ ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង ១ ខណ្ឌចំការមន ត្រូវជាម្តាយស្ត្រីអាយុ ៣៦ ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ស្ត្រីជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ និងទារកអាយុ ៧ ខែ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាប្អូនស្រីរបស់អ្នកបើកបរឱ្យលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។
បុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកធនាគារចិន (ផ្លូវព្រះមុនីវង្ស) និងបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅក្នុងខណ្ឌសែនសុខ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។
អ្នកជំងឺទាំង ៥ នាក់បានទទួលលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២ ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (៤ នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន (១ នាក់)។
អ្នកជំងឺដែលបានរកឃើញពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ មានចំនួន ៤១ នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ១៣ នាក់ហើយ។
គិតត្រឹមថ្ងៃម្សិលមិញនេះ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៣៦២ នាក់ ក្នុងនោះជាសះស្បើយចំនួន ៣២៤ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៨ នាក់៕