ភ្នំពេញៈ ច្បាប់​ចំនួន​ ៣ ​រួមមាន ច្បាប់​ព្រៃឈើ ច្បាប់​ជលផល និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ​រួមទាំង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ.ជ.អ.ប​) សម្រេច​​ជា​គោលការណ៍​ថា​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។

ការសម្រេច​បែប​នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា​រវាង​ស្ថាប័ន​ទាំងនេះ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រិះគន់​ច្បាប់​ព្រៃឈើ និង​ស្តីបន្ទោស​មន្ត្រី​ជាន់​ខ្ពស់​ចំពោះ​ការ​បណ្តោយ​ឲ្យ​កើត​បទល្មើស​ព្រៃឈើ​ដែល​ខ្លះ​ប្រើ​លេស​សម្អាត​អាង​ទំនប់​វារីអគ្គិសនី​ទៅ​បំផ្លាញ​ព្រៃឈើ​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​កសិកម្ម ក្រសួង​​បរិស្ថាន ក្រសួងមហាផ្ទៃ និង​លេខាធិការដ្ឋាន​របស់​ (​គ.ជ.អ.ប​) ​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ថា​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ​។

លោក​ថា​៖ «​ព្រឹកមិញ​ថ្នាក់ដឹកនាំ​បាន​ឯកភាព​យក​ច្បាប់​ ៣ ​មក​ធ្វើ​វិសោធនកម្ម​រួមមាន​៖ ​ច្បាប់​ព្រៃឈើ ច្បាប់​ជលផល​ និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​។

ជា​គោលការណ៍​យើង​បែងចែក​សមត្ថកិច្ច​រវាង​ក្រសួង​ ២ ​គឺ​ក្រសួង​កសិកម្ម និង​ក្រសួងបរិស្ថាន​។ ទី​ ២ ការចែក​សមត្ថកិច្ច​រវាង​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅក្នុង​វិស័យ​ព្រៃឈើ ជលផល និង​ការគ្រប់គ្រង​តំបន់​ធម្មជាតិ និង​ទី​ ៣ ​យើង​ពិនិត្យ​មើល​ឡើងវិញ​ទំនាក់ទំនង​រវាង​មន្ត្រី​នគរបាល​យុត្តិធម៌ និង​អ្នក​ពាក់ព័ន្ធ​»​។

យ៉ាង​ណា​ក្ដី​បើ​តាម​លោក សក់ សេដ្ឋា នៅ​មាន​ដំណាក់កាល​ច្រើន​ទៀត ក្នុង​នោះ​មាន​ការពិនិត្យ​ពី​ក្រុមបច្ចេកទេស​ដើម្បី​រៀបចំ​ជា​សេចក្តី​ព្រាង​ជាក់ស្តែង ការរៀបចំ​ឲ្យ​មាន​វេទិកា​ពិគ្រោះ​យោបល់​ជា​សាធារណៈ ការ​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី និង​សភាជាតិ​ដើម្បី​អនុម័ត​។

លោក​បាន​បន្ថែម​ថា​៖ «​ជា​បទពិសោធ​កន្លង​មក​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយ យើង​ត្រូវការ​ពេល​រាប់​ខែ​ដែរ ហើយ​ច្បាប់​នេះ​មាន​រហូត​ដល់​ទៅ​ ៣ ដូច្នេះ​យើង​អាច​ប្រើ​ពេល​រហូត​ដល់​ ៥ ​ទៅ​ ៦ ​ខែ​ឯណោះ​...»​។

លោក​បន្ត​ថា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៣ ​នេះ​គឺ​ដើម្បី​ឱ្យ​ស៊ីគ្នា​ជាមួយ​ច្បាប់​ថ្មីៗ​ពាក់ព័ន្ធ​ជាមួយ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ច្បាប់​រៀបចំ​អង្គការ ច្បាប់ក្រម​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ទោសទណ្ឌ​...​ជាដើម​។

អតីត​តំណាងរាស្ត្រ​អតីតគណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​គាំទ្រ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៣ ​នេះ​ដោយ​លោក​សង្ឃឹម​ថា​នឹង​​អាច​ផ្តល់​អំណាច​ទៅ​មន្ត្រី​ថា្នក់​ក្រោម​ជាតិ​ដើម្បី​ជួយ​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ហិនហោច​នេះ​។

លោក​ថា​៖ «​យើង​មើល​ឃើញ​​កន្លង​មក​មិន​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​គ្មាន​អ្នក​តាមដាន​ការអនុវត្ត​របស់​រដ្ឋបាល​ព្រៃឈើ ទោះបី​ជា​គាត់​ឃុបឃិត​ជាមួយ​ឈ្មួញ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​តាម​តំបន់​នីមួយៗ​​ក្ដី​។ ​ខ្ញុំ​គិតថា​វា​នឹង​មាន​ប្រសិទ្ធភាព​ជាង​មុន ក៏​ប៉ុន្តែ​រហូត​ទល់​ពេល​នេះ​វា​សឹង​តែ​ហួសពេល​ទៅហើយ ដោយសារ​ព្រៃឈើ​យើង​វា​ចង់​ហិនហោច​ និង​វិនាស​​ទៅ​ហើយ ហើយ​បើ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព វា​អាច​​ជួយ​ទប់ស្កាត់​ការ​ហិនហោច​ចុងក្រោយ​»​។

ទន្ទឹម​នឹង​នោះ ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ក៏​ធ្លាប់​​បាន​រិះគន់​ច្បាប់​ព្រៃឈើ​ផង​ដែរ​​ចំពោះ​ការមិន​ផ្តល់​អំណាច​ឱ្យ​អាជ្ញាធរ​ដែនដី​ដែល​ជា​ផ្នែក​​មួយ​ធ្វើឱ្យ​ការងារ​បង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព​៕