ភ្នំពេញៈ ក្រសួង​ពាណិជ្ជ​កម្ម និង​ក្រសួង​ព័ត៌មាន​បាន​ចេញ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​ការគ្រប់គ្រង​ការចុះ​ប​ញ្ជី​​ពាណិជ្ជ​កម្ម និង​កិច្ចការពារ​ម៉ាក និង​ពាណិជ្ជ​នាម សម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍ ដោយ​ទុក​រយៈ​ពេល​ឲ្យ ៦ ខែ ដើម្បី​ឲ្យ​រូបវន្តបុគ្គល ឬ​នីតិ​បុគ្គល​ ដែល​បានធ្វើ​អាជីវ​កម្ម ឬ​សេវា​កម្មនេះ ចុះ​បញ្ជី​​នៅ​ក្រសួង​ពាណិជ្ជ​កម្ម។

ប្រកាស​អន្តរ​​ក្រសួង​ដែល​ចុះហត្ថលេខា​រួមគ្នា ដោយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និង​លោក ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី ២៨ សីហា និង​ទើប​ត្រូវបាន​ផ្សព្វផ្សាយនៅ​ថ្ងៃ​ទី​ ១​ ខែ​កញ្ញា​ បាន​ឲ្យ​ដឹងថា ប្រកាស​នេះមាន​គោល​បំណង​គ្រប់​គ្រង​ការចុះ​ប​ញ្ជី​​ពាណិជ្ជ​កម្មសម្រាប់​អាជ្ញា​បណ្ណ​លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍។

បន្ថែម​ពីនេះ ប្រកាស​នេះក៏មាន​ខ្លឹមសារ​ឲ្យ​ស្ថាប័ន​ទាំង​នេះ ស្នើ​សុំ​ចុះ​បញ្ជី​​ម៉ាក ឬ​ពាណិជ្ជ​នាម ក្នុង​គោល​បំណង​ដើម្បី​ធានា​អត្តសញ្ញាណ​នៃ​អង្គភាពនីមួយៗ មិន​ឲ្យ​ជាន់​លើ​អត្ត​សញ្ញាណ​នៃ​អង្គភាព​ដទៃ​ទៀត ក្នុង​ន័យ​ការ​ពារ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​ផង​ដែរ។

ប្រកាស​អន្តរ​ក្រសួង​ដែល​មាន ៦ ជំពូក និង ១៤ មាត្រា​នេះ បាន​ឲ្យ​ដឹង​ទៀតថា គ្រប់​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ទាំងអស់ នឹងមិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជ​នាម ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ជា​សាធារណៈ សីល​ធម៌​សង្គម ឬ​ប្រពៃណី​ល្អ​របស់​ជាតិ និង​ម៉ាក​ដែល​មិន​អាច​ចុះ​ប​ញ្ជី​​បាន​នោះ​ទេ។

ប្រកាស​បញ្ជាក់​ថា៖ «‍​រាល់​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ដែល​បានធ្វើ​អាជីវ​កម្ម ឬ​សេវាកម្ម​លើ​វិស័យ​ព័ត៌​មាន និង​សោតទស្សន៍ ត្រូវ​ស្នើសុំ​ចុះ​ប​ញ្ជី​​ពាណិជ្ជកម្ម និង​អាច​ស្នើសុំ​ចុះ​ប​ញ្ជី​​ម៉ាក និង​ពាណិជ្ជ​នាម នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​រយៈ​ពេល ៦ខែ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថ​លេខា​តទៅ។ បើ​មានការ​ចាំបាច់ ក្រសួង​ពាណិជ្ជ​កម្ម អាច​សម្រេច​បន្ត​រយៈពេល​នេះ បាន​ចំនួន ៦ ខែ​ទៀត»។

លោក មាស សុ​ភ័​ណ្ឌ អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​ ១​ ខែ​កញ្ញា ​ថា ប្រកាស​អន្តរ​ក្រសួង​នេះនឹង​អាច​ចូល​រួម​ដោះស្រាយ​បញ្ហា​ដែល​ធ្លាប់​កើត​មាន​ឡើង ដែល​បណ្តាល​ឲ្យ​ស្ថាប័ន​សារព័ត៌​មាន និង​សោត​ទស្សន៍​មួយ​ចំនួន តែង​កើត​មាន​ជុំវិញ​បញ្ហា​ម៉ាក ពាណិជ្ជ​នាម ដែលមាន​ភាព​ស្រដៀង​គ្នា។

លោក​បន្តថា ការសម្រេច​របស់​ក្រសួង​ក្នុង​ពេលនេះ គឺ​មិនមែនជា​ការដាក់​សម្ពាធ ឬ​បន្ទុក​បន្ថែម​ទៅដល់​ស្ថាប័ន​ទាំងនេះ​នោះទេ គឺ​ក្នុងន័យ​លើកទឹកចិត្ត​ដល់​ស្ថា​ប័ន​ទាំង​នោះ ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​ទៀត ដើម្បី​ការពារ​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​តាមផ្លូវ​ច្បាប់​ប៉ុណ្ណោះ។

លោក​បញ្ជាក់ថា៖ «គោលបំណង់​នៃ​ប្រកាស​រួម​នេះ គឺ​ចង់​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ដែល​បាន​ចុះ​ប​ញ្ជី​​នៅ​ក្រសួង​ព័ត៌មាន គាត់​ត្រូវ​បានទទួល​នូវ​ការការពារ​ដោយ​ច្បាប់ នៃ​ការប្រើប្រាស់​ពាណិជ្ជ​នាម និង​ប​ញ្ជី​​ម៉ាក​នៅក្នុង​វិស័យ​សារព័ត៌មាន​របស់​គាត់ ដើម្បី​កុំ​ឲ្យ​មាន​វិវាទ​នៃ​ការ​ប្រើ​ប្រាស់​ឈ្មោះ ឬ​ផ្លាក​សញ្ញា​នៃ​អង្គភាព​មួយៗទៅ​ថ្ងៃ​ក្រោយ»។

បើតាម លោក មាស សុ​ភ័​ណ្ឌ គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០២០ ​នេះ ក្រសួង​បាន​ទទួល​ការ​ចុះ​ប​ញ្ជី​ ពី​កាសែត​ចំនួន ៤៥២ អង្គ​ភាព ទស្សនា​វ​ដ្តី​ចំនួន ១៩៦ អង្គភាព ព្រឹត្តិបត្រ​ចំនួន ២២ អង្គភាព គេហទំព័រ និង TV Online ចំនួន ៦២១ អង្គ​ភាព ស្ថានីយ​វិទ្យុ​ចំនួន ២២១ អង្គភាព និង​ទូរ​ទស្សន៍​សរុប​ចំនួន ២៣៩ អង្គ​ភាព។

លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​សារព័ត៌មាន​អន​ឡាញថ្មីៗ គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ ដោយ​លោក​ថ្លែង​ថា វា​មាន​សារសំខាន់​ដល់​ស្ថាប័ន​ព័ត៌មាន​ទាំង​អស់ ដោយ​មាន​ការការពា​រ​ដោយ​ច្បាប់ បើទោះបី​ជា​ត្រូវ​ជាប់​កាតព្វកិច្ច​មួយចំនួន​ក៏ដោយ។ លោក​បន្ថែម​ថា ក្រៅពី​ទទួល​បាន​ការការ​ពារ​ដោយ​ច្បាប់ វិធាន​ការណ៍​នេះ ក៏បាន​ជួយ​ការពារ​ផល​ប្រយោ​ជន៍​​ទាំង​ក្រុម​ហ៊ុន និង​ប្រយោ​ជន៍​សាធា​រណៈ​​​ទៀតផង។

លោកបញ្ជាក់ថា៖ «‍​ឲ្យ​តែមាន​ការ​លួច ចម្លង ឬ​លួច​បន្លំ​ម៉ាក​យីហោ​អីហ្នឹង គឺ​វា​ប៉ះពាល់​ខ្លាំង​មែនទែន។ ដូចជា​យើង ធ្វើការ​វិជ្ជាជីវៈ គឺជា​រឿង​មួយ តែ​សារព័ត៌មាន​ដែលមាន​ម៉ាក​ប្រហែល​គ្នា ប៉ុន្តែ​ជា​ក្រុមហ៊ុន​មិន​ចុះ​ប​ញ្ជី​ ហើយ​គ្មាន​វិជ្ជាជីវៈ នោះ​វា​ប៉ះ​ពាល់​ដល់​ស្ថាប័ន​យើង ដែលមាន​ការយល់ច្រឡំ ហើយ​ទម្រាំ​តែមាន​ការរកឃើញ គឺ​​បាន​ប៉ះពាល់​ដល់​ស្ថាប័ន​ត្រឹម​ត្រូវ​រួចមក​ហើយ។ លើសពី​ហ្នឹង គឺ​​បាន​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ»។

លោក ដឺ​លិច បាន​ប្រាប់​ពី​សារប្រយោជន៍​ដែល​ក្រុមហ៊ុន​របស់​លោក ទទួល​បាន​ពី​ការគោរព​តាមច្បាប់​ត្រឹមត្រូវ គឺ​មិន​ត្រឹមតែ​ជួយ​ការពារ​ស្ថាប័ន​របស់លោក ពី​ការលួចបន្លំ​​នោះទេ គឺ​ថែម​ទាំង​ជួយ​ការពារ​ដល់​ទំនុក​​ចិត្ត​ដល់ដៃ​គូ​សហ​ការណ៍​រប​ស់លោក ឲ្យ​មាន​ភាព​ជឿ​ជាក់ លើ​ស្ថាប័ន​របស់​លោក ដែល​គ្រប់​ស្ថាប័ន​ព័ត៌​មាន គួរតែ​ត្រូវបាន​ចុះ​បញ្ជី​ និង​គោរព​តាម​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​៕