ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​ទុក​ពេល​ ៣០ ​ថ្ងៃ​ឲ្យ​ក្រុមហ៊ុន​នាំចូល​ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ទាំងអស់​អនុវត្ត​តាម​ខ្លឹមសារ​ និង​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់ ហើយ​ក្នុង​ករណី​មិន​បំពេញ​តាម​ការណែនាំ​ក្រសួង​នឹង​ចាត់វិធានការ​ផ្អាក​ជាប​ណ្តោះ​អាសន្ន​នូវ​ការចរាចរ និង​ដកហូត​ផលិតផល​ទាំងនោះ​។

ការព្រមាន​យ៉ាង​ដូច្នេះ​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​សង្កេត​ឃើញថា ក្នុង​រយៈពេល​កន្លងមក​នេះ​ការចរាចរ​ផលិតផល​មួយចំនួន សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​នៅលើ​ទីផ្សារ​នៅ​កម្ពុជា គឺ​មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ឆ្នាំ​ ២០០៥ ​ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ និង​ប្រកាស​ឆ្នាំ​ ២០០៧ ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​ស្តី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​នោះទេ​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​ថា ដោយ​ម្ចាស់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​នាំចូល ចែកចាយ និង​ផ្គត់ផ្គង់ ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំងនោះ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​នៅលើ​សម្បក​វេចខ្ចប់​ជាប់​នឹង​ផលិតផល​របស់ខ្លួន ដូចជា ការបង្ហាញ​ណែនាំ​វិធី​ប្រើ​ផលិតផល​ជា​ភាសា​ខ្មែរ និង​ជាពិសេស​ពាក្យ​ថា «​គ្មានអ្វី​ប្រសើរ​ជាង​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​រហូត​បាន ៦ ​ខែ និង​បន្ត​ការបំបៅ​ដោះ​ម្តាយ​រហូត​បាន​អាយុ ២ ​ឆ្នាំ​» ឬ​លើស​ឡើយ​។

ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​ការបំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សុចរិត ក្រសួង​ពាណិជ្ជកម្ម​សូម​ណែនាំ​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចូល​ចែកចាយ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ទាំងអស់​ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់ និង​ឯកសារ​គតិយុត្ត​ដែល​កំពុងមាន​ជា​ធរមាន​នៅ​កម្ពុជា​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល ៣០ ​ថ្ងៃ បន្ទាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ជូនដំណឹង​នេះ​ប្រសិន​បើ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. នៃ​ក្រសួង​ពាណិជ្ជកម្ម រកឃើញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ប្រភេទ​ណាមួយ​មិនបាន​អនុវត្ត​តាម​ខ្លឹមសារ ឬ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ទៀត មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម នឹង​ចាត់វិធានការ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការចរាចរ​ និង​ដកហូត​ចេញពី​ទីផ្សារ ឬ​អនុវត្ត​នីតិវិធី​ផ្សេងៗ​ទៀត ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បទប្បញ្ញត្តិ​ជា​ធរមាន​ផ្សេងៗ​ទៀត​ដោយ​មិន​លើកលែង​»​។

បន្ថែម​ពីនេះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​ប្រកាស​នឹង​បន្ត​សកម្មភាព​ការងារ​របស់ខ្លួន ដោយ​ឈរលើ​អាណត្តិ​ការងារ​តាម​តួនាទី​ និង​ភារកិច្ច​ដោយ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​លើ​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការជំរុញ​ការអនុវត្ត​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ល្អប្រសើរ និង​ដើម្បី​ផលប្រយោជន៍​សម្រាប់​សង្គមជាតិ​ទាំងមូល​។

យោង​តាម​ឧបសម្ព័ន្ធ​ ១ ​នៃ​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​ឆ្នាំ​ ២០០៥ បាន​ប្បញ្ញត្តិ​ថា ចំពោះ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំងអស់​ដែល​អាច​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​គឺ​ត្រូវមាន​លិខិត​អនុញ្ញាត​ត្រូវ​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ដែល​បង្ហាញ​ជា​អក្សរ​ខ្មែរ ដោយ​អាច​អាន​បាន​ត្រូវ​មាន​អាសយដ្ឋាន​ក្រុមហ៊ុន​ផលិត​ច្បាស់លាស់ ត្រូវមាន​កាលបរិច្ឆេទ​ផុតកំណត់ និង​តារាង​ធាតុ​ផ្សំ រួមទាំង​តារាង​អាហារូបត្ថម្ភ និង​ការណែនាំ​ពី​របៀប​ប្រើប្រាស់​។

ឧបសម្ព័ន្ធ​ ១ ដដែល​ក៏​បាន​បញ្ញត្តិ​ដែរ​ថា សម្រាប់​ទឹកដោះគោ​ម្សៅ​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ ត្រូវតែ​មាន​បង្ហាញ​ពី​អាយុ​កុមារ និង​ទារក​ដែល​អាច​ប្រើប្រាស់​បាន​ និង​ផលប៉ះពាល់​ទៅលើ​អ្នកប្រើប្រាស់ រួមទាំង​បង្ហាញ​នូវ​សារ​អប់រំ​ក្នុង​ន័យ​ជំរុញ​ឲ្យ​មាន​ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​។

ដោយឡែក​ចំពោះ​ដប​បំបៅ ក្បាលដោះ​ជ័រ និង​ប្រដាប់​ជញ្ជក់​លេង​សម្រាប់​ទារក និង​កុមារ ត្រូវតែ​មាន​សារ​ណែនាំ​អំពី​ការប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ជាពិសេស​ខ្លឹមសារ​ដែល​មាន​សារៈសំខាន់​ក្នុងន័យ​ជំរុញ​ឲ្យ​អាណាព្យាបាល​ចូលរួម​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​។

លោក វាសនា ដែល​ជា​បុគ្គលិក​ផ្នែក​គ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​លក់​ផលិតផល​សម្រាប់​ទារក​ និង​កុមារ​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ដោយ​ថ្លែងថា ក្រុមហ៊ុន​របស់​លោក​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​រាល់​សេចក្តី​ណែនាំ និង​លិខិតបទដ្ឋាន​នានា ដើម្បី​ចរាចរ​ផលិតផល​សម្រាប់​ទារក និង​កុមារ ខណៈ​នៅ​លើ​ទីផ្សារ​ជាក់ស្តែង ពិតជា​មាន​ការចរាចរ​នូវ​ផលិតផល​ទាំងនេះ​ដោយ​មិនបាន​ត្រឹមត្រូវ​ពិតមែន​។

លោក​បន្តថា ការដែល​នាំចូល ចែកចាយ​ផលិតផល​ទាំងនេះ ដោយ​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​បាន​ត្រឹមត្រូវ គឺ​មិន​ត្រឹមតែ​មាន​គ្រោះថ្នាក់​ដល់​ទារក និង​កុមារ​នោះទេ ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​អនុវត្ត​យ៉ាង​ល្អ​តាមច្បាប់​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​ផលិតផល​ផ្សេងៗ​ដែល​គេ​យក​មក​មិន​ស្របច្បាប់ ឬ​គ្មាន​ស្តង់ដា គួរតែ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង ខណៈ​ផលិតផល​ដែល​នាំចូល​មិន​ត្រឹមត្រូវ​អាច​មាន​តម្លៃ​ថោក​ជាង​។ ចំពោះ​មតិយោបល់​ខ្ញុំ​វិញ ខ្ញុំ​គិតថា ការជ្រើសរើស​ផលិតផល​ក្នុង​ទីផ្សារ​សម្រាប់​កូនៗ​របស់​ពលរដ្ឋ​គឺ​នៅ​មាន​កម្រិត​នៅឡើយ ដែល​ខ្ញុំ​សង្ឃឹម​ថា នៅពេល​ឆាប់ៗ​ខាងមុខ​នេះ ពួកគាត់​នឹងមិន​គិត​ទៅលើ​តម្លៃ​របស់​ផលិតផល​នោះទេ គឺ​សំខាន់​គុណភាព​របស់​ផលិតផល និង​ត្រូវ​ទទួល​ការប្រឹក្សា​យោបល់​ឲ្យ​បាន​ត្រឹមត្រូវ​»៕