ភ្នំពេញៈ ក្រោយពីមានហេតុការណ៍ពុលស្រា ស នៅខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្សស្លាប់ ១៥ នាក់និងជាង ៧០ នាក់ ទៀតកំពុងទទួលការព្យាបាល ក្រសួង សុខាភិបាល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ រកឃើញថា ពួកគេបានពិសាស្រា ស ដែលមានផ្ទុកជាតិមេតាណុលលើសចំណុះ ប៉ុន្តែក្រសួងពុំមានវិធានការក្តៅ ទៅលើអ្នកផលិតស្រាទេ ក្រៅតែពីវិធានការចុះអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីបញ្ហាសុខភាពប៉ុណ្ណោះ។
ក្នុងសន្និសីទកាសែតស្តីពីករណីពុលស្រាសនៅទីស្តីការក្រសួងសុខាភិបាល កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ រកឃើញថា ប្រជាពលរដ្ឋដែលបានស្លាប់ និងពុលស្រាសនោះពិតជាបង្កឡើងដោយ ស្រាសពិតមែន។
លោកថា៖ «អ្នកឈឺនិងអ្នកស្លាប់មានរោគសញ្ញាដូចៗគ្នាទាំងអស់ហើយពុលដោយសារជាតិមេតាណុលទីពីរ យកស្រាសមកពិនិត្យនៅមន្ទីរពិសោធន៍មជ្ឈមណ្ឌលជាតិសុខាភិបាល រកឃើញថា ស្រាពិតជាមានជាតិមេតាណុលលើសកម្រិតធម្មតា ដែលធម្មតាមានត្រឹមតែ ០,១៥% តែការរកឃើញមាន ០,២ រហូតដល់ ១,៤៧ % ហើយកំពុងតែបន្តវិភាគទៀត»។
លោកបានពន្យល់ថា ស្រាសដែលមានជាតិមេតាណុលខ្ពស់បែបនេះ ងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សបាន។
លោកក៏បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ត្រួតពិនិត្យបទដ្ឋានបច្ចេកទេស ក្នុងការផលិតស្រាឱ្យបានត្រឹមត្រូវ មុននឹងចេញអាជ្ញាប័ណ្ណ ឱ្យមានសិប្បកម្មបិតស្រា។
យ៉ាងណាក៏ដោយ លោកថា ក្រសួងមិនទាន់មានវិធានការក្តៅ ទៅលើអ្នកផលិត និងចែកចាយស្រាទេ ខណៈលោកបានជំរុញឱ្យក្រសួងពាក់ព័ន្ធសហការគ្នា ដាក់ជាវិធានការដើម្បីទប់ស្កាត់ និងបង្ការកុំឱ្យមានករណីពុលស្រា បែបនេះទៀត។
លោក លី សុវណ្ណ បន្ថែមថា ក្រោយពីមានករណីនេះ ក្រសួងបានបង្កើនការអប់រំស្តីពីការពុលស្រា ទៅកាន់អ្នកលក់ និងអ្នកផលិត ជាពិសេសទៅកាន់ប្រជាជន និងស្នើឱ្យពលរដ្ឋរាយការណ៍ឱ្យបានឆាប់រហ័សទៅកាន់លេខ ១១៥ ក្នុងករណីមានពុលស្រា។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលស្តីពីករណីពុលស្រាស នៅភូមិក្តុល ភូមិដំណាក់អំពិល ភូមិកូនដំរី ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានអ្នកពុលសរុបទាំងអស់ចំនួន ៩២ នាក់ក្នុងនោះស្រី ១៥ នាក់ ហើយស្លាប់ ១៥ មានស្រី ៤នាក់ គឺដោយសារតែពួកគេផឹកស្រាសលើសកម្រិតពុំមានទាក់ទងនឹងជំងឺឆ្លងផ្សេងៗទេ។
តាមរបាយការណ៍សិក្សាផ្នែកពិសោធន៍អ្នកពុលស្រាមានអាការ ថប់ដង្ហើម ណែនទ្រូង ស្រវាំងភ្នែក ឈឺពោះ ឈឺក្បាល និងឈឺទ្រូង។
ទាក់ទងនឹងការពុលស្រាសនេះកាលពីថ្ងៃទី១២ ធ្នូ តុលាការខេត្តកំពង់ឆ្នាំងបានសម្រេចចោទប្រកាន់ម្ចាស់លក់ស្រាសឈ្មោះ ថាន់ វី អាយុ ៤៨ ពីបទរក្សាទុកសារជាតិពុល។ នេះបើតាមលោកជុន តារ៉ា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ខណៈអ្នកនាំពាក្យសាលាដំបូងខេត្តលោក ឡុង ស៊ីថា មិនលើកទូរស័ព្ទ៕