ភ្នំពេញៈ ក្រសួងព័ត៌មានណែនាំដល់អង្គភាព និងក្រុមហ៊ុនផ្តល់សេវាកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ដែលមិនទាន់ចុះបញ្ជីម៉ាកពាណិជ្ជនាមស្របច្បាប់ឱ្យប្រញាប់ទៅចុះបញ្ជីឱ្យបានមុនដំណាច់ឆ្នាំ ២០២១។ ក្នុងករណីមិនអនុវត្ដក្រសួងនឹងបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណចាប់ពីឆ្នាំ ២០២២ តទៅ ខណៈមានស្ថាប័នព័ត៌មាន ៥០០ ទៅ ៦០០ ស្ថាប័នមិនទាន់បានចុះបញ្ជីត្រឹមត្រូវ។
យោងតាមលិខិតរបស់ក្រសួងព័ត៌មានឱ្យដឹងថា មានម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនតូចនៅមិនទាន់អនុវត្តតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ស្ថាប័នទាំងនោះបានប្រើប្រាស់ម៉ាកពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័នអង្គភាព និងក្រុមហ៊ុនដទៃទៀត។ ទង្វើនេះធ្វើឱ្យមានការភាន់ច្រឡំច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័នអង្គភាពក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់រួចហើយ។
ក្រសួងព័ត៌មានលើកឡើងថា ដើម្បីធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័នអង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានណែនាំដល់ម្ចាស់ស្ថាប័នព័ត៌មានទាំងអស់ដែលកំពុងធ្វើអាជីវកម្មហើយមិនទាន់បានចុះបញ្ជីម៉ាកពាណិជ្ជនាមស្របច្បាប់នោះសូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាកពាណិជ្ជនាមស្ថាប័នអង្គភាព និងក្រុមហ៊ុនរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ឆ្នាំ ២០២១។
ក្រសួងព្រមានថា៖ «ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមស្ថាប័នអង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានច្បាប់ ក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្តល់ អាជ្ញាប័ណ្ណប្រកបអាជីវកម្មចាប់ពីឆ្នាំ ២០២២ តទៅ»។
ក្រសួងបានបញ្ជាក់ថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីយកចិត្តទុកដាក់អនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទទួលនូវការរាប់អានដ៏កក់ក្តៅពីខ្ញុំ»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងនៅថ្ងៃទី ១៩ ខែឧសភាថា កន្លងមកក្រសួងព័ត៌មានបានសង្កេតឃើញម្ចាស់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនធំបានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ជាធរមាន ស្តីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍។ ប៉ុន្ដែម្ចាស់ស្ថាប័នព័ត៌មានមួយចំនួនតូចនៅមិនទាន់អនុវត្តតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
លោកថ្លែងថា៖ «បញ្ហាដែលយើងតម្រូវនៅពេលនេះសំខាន់មានតែ ១ គត់គឺឱ្យក្រុមហ៊ុន ស្ថាប័នផ្ដល់សេវាព័ត៌មាន និងសោតទស្សន៍ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបន្ថែម។ ក្នុងនោះយើងសង្កេតឃើញស្ថាប័នព័ត៌មានភាគច្រើន ជាស្ថាប័នវិទ្យុ និងសារព័ត៌មានអនឡាញប្រមាណ ៥០០ ទៅ ៦០០ ស្ថាប័នដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ»។
បើតាមលោក ផុស សុវណ្ណ យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មានក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ចុះបញ្ជីនៅតែក្រសួងព័ត៌មានប៉ុណ្ណោះ។ ប៉ុន្ដែនាពេលចុងក្រោយនេះកម្ពុជាមានកំណែទម្រង់ច្បាប់ផ្នែកចុះបញ្ជីពាណិជ្ជកម្មផ្សេងទៀត ទើបតម្រូវឱ្យក្រុមហ៊ុន និងអង្គភាពសារព័ត៌មានត្រូវចុះបញ្ជីបន្ថែមទៀតនៅក្រសួងពាណិជ្ជកម្ម ទើបអាចប្រកបអាជីវកម្មលើវិស័យនេះបាន។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី យល់ថា ការជូនដំណឹងរបស់ក្រសួងព័ត៌មាននេះ គឺជាចំណុចល្អ ដើម្បីជំរុញឱ្យមានភាពស្របច្បាប់ និងឱ្យមានការការពារ សម្រាប់ក្រុមហ៊ុន និងអង្គភាព ប្រព័ន្ធផ្សព្វផ្សាយនានា។
លោកថ្លែងថា៖ «ខ្ញុំគិតថាជាចំណុចល្អដើម្បីជំរុញកុំឱ្យមានការប្រើប្រាស់ម៉ាក ពាណិជ្ជនាម យីហោរបស់ស្ថាប័ន អង្គភាពក្នុងវិស័យសារព័ត៌មាននោះវាដូចៗគ្នា ឬជាន់គ្នា ដែលនាំឱ្យមានការបង្កជម្លោះនាពេលអនាគត»។ ជាមួយគ្នានេះ លោក ណុប វី បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធជួយសម្រួល និងផ្ដល់ភាពងាយស្រួលនៅពេលម្ចាស់ស្ថាប័នព័ត៌មានទៅស្នើសុំចុះបញ្ជីនាពេលខាងមុខ៕
វីដេអូ៖