
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។ ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងព័ត៌មាន កំពុងធ្វើការពិភាក្សា ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មានដើម្បីកែសម្រួលមាត្រាមួយចំនួន ឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ខណៈលោកស្រី រ៉ូ ណាស្មុីត បានសម្តែងកង្វល់ពីសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានថ្លែងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃសុក្រថា បច្ចុប្បន្នក្រសួងកំពុងពិភាក្សា ក្នុងក្របខ័ណ្ឌចង្អៀត ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធលើជំពូកទី ២ មាត្រា ២០ ស្ដីពីព័ត៌មានសម្ងាត់ ដោយសង្ឃឹមថា នឹងបញ្ចប់កិច្ចប្រជុំអន្ដរក្រសួង ក្នុងពេលឆាប់ៗដើម្បីដាក់ជូនទៅរាជរដ្ឋាភិបាល និងស្ថាប័ននីតិប្រតិបត្ដិ អនុម័តនាពេលដ៏ខ្លីខាងមុខនេះ។
លោកបន្ដថា៖ «ទន្ទឹមនឹងនេះក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការ ធ្វើវិសោធនកម្មច្បាប់ ស្ដីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥ រួចហើយ ដើម្បីកែសម្រួលមាត្រាមួយចំនួនឱ្យស្របទៅនឹងស្ថានភាពនិងតម្រូវការជាក់ស្ដែងនាពេលបច្ចុប្បន្ន»។
លោកលើកឡើងថា ក្រសួងនឹងពិគ្រោះយោបល់ជាមួយស្ថាប័នសារព័ត៌មាន និងដៃគូពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅលើកកម្ពស់សេរីភាព នៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបន្ថែម៖ «យើងរៀបចំច្បាប់នេះ ដើម្បីកាតព្វកិច្ចកាសែត ទូរទ្សន៍ វិទ្យុ នៅពេលណាដែលនិយាយខុសហើយអ្នកដែលយល់ថា ការចេញផ្សាយខុស គេអាចផ្ញើលិខិតឱ្យធ្វើការកែតម្រូវ ហើយកាសែតត្រូវតែមានកាតព្វកិច្ចកែតម្រូវនៅពេលយល់ឃើញថា ការសុំកែតម្រូវនេះ វាត្រឹមត្រូវ ច្បាស់លាស់ នេះគឺជាកាតព្វកិច្ច ដែលយើងត្រូវតែធ្វើ»។
ក្រៅពីនេះ លោករដ្ឋមន្រ្ដីបានលើកឡើងថា៖ «តើនិពន្ធនាយក ចាងហ្វាងស្ថាប័នសារព័ត៌មានកាសែតនោះត្រូវមានសញ្ញាបត្រឬអត់ ត្រូវកំណត់កម្រិតចំណេះវិជ្ជាឬអត់? សព្វថ្ងៃនេះយើងមានចាងហ្វាងកាសែតមួយចំនួនសរសេរអក្សរខ្មែរមិនត្រូវទេ»។
លោកលើកឧទាហរណ៍ថា បើសិនជាចាងហ្វាងកាសែតកម្រិតចំណេះដឹងយ៉ាងអន់ណាស់ ក៏ជាប់បាក់ឌុប ឬក៏គាត់ធ្លាប់ធ្វើការងារក្នុងវិស័យកាសតែ ៥ ឆ្នាំ ឬក៏គាត់សរសេរអត្ថបទបានប៉ុន្មានដែរ។
លោក ណុប វី នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានមើលឃើញថា ចំណេះដឹងរបស់ចាងហ្វាងស្ថាប័នសារព័ត៌មានកម្រិតណានោះគឺមិនមានការទាក់ទងការចេញផ្សាយព័ត៌មាននោះទេ។
លោកបន្ដថា៖ «សម្រាប់ខ្ញុំគិតថា រឿងសំខាន់គឺគុណភាពនៃការសរសេរ គុណភាពនៃសារព័ត៌មានរបស់គាត់ បើសិនជាគាត់ពិតជាមិនមានសមត្ថភាពមែន ប្រជាពលរដ្ឋ និងអ្នកអានទេ ដែលជាអ្នកសម្រេច អ្នកវិនិច្ឆ័យថា តើត្រូវអានសារព័ត៌មានហ្នឹងឬមួយក៏មិនត្រូវអាន ហេតុអ្វី? ដោយសារតែជាធម្មតានិពន្ធនាយក ឬក៏ចាងហ្វាង គាត់អាចអត់មានសមត្ថភាពពេញលេញ ក៏ប៉ុន្តែគាត់មានឆន្ទៈនូវក្នុងការចង់ធ្វើសារព័ត៌មានមួយ ដែលគាត់ចង់ធ្វើ ហើយគាត់អាចមានមត្ថភាពក្នុងការគ្រប់គ្រង និងការកៀរគរធនធានមនុស្សអ្នកយកព័ត៌មាន និពន្ធនាយក នាយករងផ្សេងៗ ដើម្បីឱ្យធ្វើកិច្ចការងារជំនួសគាត់បាន។ ដូច្នេះហើយខ្ញុំគិតថា វាមិនមែនជាបញ្ហាទេ»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា (CCJ) លើកឡើងដែរថា ច្បាប់ស្ដីពីរបបសារព័ត៌មាននេះ គឺបង្កើតឡើងជាង ២០ ឆ្នាំហើយ ហើយក៏មានចំណុចល្អច្រើនដែរ ប៉ុន្ដែមកដល់បច្ចុប្បន្នវាក៏គួរតែមានការធ្វើបច្ចុប្បន្នភាពថ្មីឡើងវិញដែរ។
លោកបន្ដថា៖ «ច្បាប់នេះ ចំណុចល្អនូវត្រង់ទី ១ នោះគឺបានការពារអ្នកសារព័ត៌មានមិនឱ្យមានការចាប់ដាក់ពន្ធនាគារអីទេ ដោយការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន និងការពារប្រភពព័ត៌មាន អាចឱ្យអ្នកកាសែតអាចលាក់ប្រភពជាដើម ចំណុចនេះល្អណស់ ដែលយើងគិតថា ត្រូវរក្សាទុកដដែល ប៉ុន្ដែដោយសារតែវាមានរយៈពេលយូរពេកមានចំណុចមួយចំនួន គួរតែធ្វើបច្ចុប្បន្នភាពឡើងវិញចំណុចត្រូវឱ្យអ្នកសារព័ត៌មាន ដាក់លិខិតទៅសុំឯកសារដែលត្រូវឆ្លើយតបរយៈពេល ៣០ ថ្ងៃហើយពេលអត់ឆ្លើយតបក៏យើងអត់មានចាត់វិធានការអីជាដើម»។
ទាក់ទងនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណា ស្មុីត បានសរសេរនៅលើហ្វេសប៊ុកក្នុងថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោកថា៖ «នៅក្នុងបរិបទនេះ ខ្ញុំមានកង្វល់ថា កម្ពុជាបានធ្លាក់ចុះ ១ ពិន្ទុបន្ថែមទៀតមកត្រឹម ១៤៣ កាលពីឆ្នាំកន្លងមក បន្ទាប់ពីធ្លាក់ចុះ ១០ ពិន្ទុពី ១៣២ នៅឆ្នាំមុន នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អ្នករាយការណ៍គ្មានព្រំដែន»។
លោកស្រីលើកទឹកចិត្តឱ្យរដ្ឋាភិបាល ផ្តល់លំហសម្រាប់សេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ ទាំងតាមអនឡាញ (Online) និងទាំងអូហ្វឡាញ (Offline) រួមទាំងតាមរយៈការអនុម័ត និងការអនុវត្តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។ លោកស្រីក៏បានជំរុញលើកទឹកចិត្តជាថ្មីម្តងទៀតឱ្យទម្លាក់ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២ រូប គឺលោកអួន ឈិន និងលោកយាង សុធារិន្ទ ផងដែរ៕