
ផែនទីបង្ហាញទីតាំងកំណត់តំបន់ក្រហម លឿងទុំ និងលឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ មេសា។ រូបថត រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រសួងព័ត៌មានបានហាមមិនឲ្យអ្នកសារព័ត៌មានធ្វើដំណើរនៅតំបន់ក្រហម និងកាត់បន្ថយចំនួនបុគ្គលិកដែលត្រូវធ្វើដំណើរមកត្រឹមកម្រិតអប្បបរមានៅតំបន់លឿងទុំ ព្រមទាំងជំរុញឲ្យអ្នកសារព័ត៌មានគោរពតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់។
តាមរយៈសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពី ការធ្វើដំណើររបស់អ្នកសារព័ត៌មានក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី ៣០ ខែមេសានេះ ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនបានអនុវត្តត្រឹមត្រូវតាមខ្លឹមសារលិខិតអនុញ្ញាតរបស់ក្រសួងព័ត៌មាន និងវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលមានបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ ប៉ុន្តែនៅមានអ្នកសារព័ត៌មានមួយចំនួនផ្សេងទៀត អនុវត្តមិនទាន់បានត្រឹមត្រូវ។
ដោយមូលហេតុនេះ ក្រសួងព័ត៌មានបានបញ្ជាក់ថា តំបន់ក្រហម ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ រួមទាំងអ្នកសារព័ត៌មានផងដែរ លើកលែងតែអង្គភាពសារព័ត៌មាននោះជាក្រុមការងាររបស់អង្គភាពអនុវត្តវិធានការបិទខ្ទប់របស់ក្រសួងព័ត៌មាន និងអង្គភាពដែលមានលិខិតបញ្ជាក់ពីក្រសួងព័ត៌មានទើបអាចធ្វើដំណើរក្នុងតំបន់ក្រហមបាន។
ចំណែកតំបន់លឿងទុំវិញ ការធ្វើដំណើររបស់អ្នកសារព័ត៌មានត្រូវមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់ពីអត្តសញ្ណាណ និងការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន និងត្រូវកាត់បន្ថយចំនួនបុគ្គលិកដដែល ត្រូវធ្វើដំណើរមកត្រឹមកម្រិតអប្បបរមា។
សេចក្តីណែនាំបញ្ជាក់ថា៖ «ការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារនៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ ព្រឹក លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
ដោយឡែកនៅតំបន់លឿង ការធ្វើចរាចរណ៍គ្រប់ប្រភេទត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវគោរពតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់។ រីឯការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដូចតំបន់លឿងទុំដែរ។
ក្រសួងបានអំពាវនាវថា៖ «សូមអង្គភាពព័ត៌មានទាំងអស់យកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារណែនាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលឆាប់ៗខាងមុខនេះ។ ករណីបុគ្គលដែលបំពានបទប្បញ្ញត្តិច្បាប់ វិធាន និងនីតិវិធីខាងលើ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន»៕