ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងពីម្សិលមិញថា ក្រសួងព័ត៌មាននឹងប្រមូលយកគំនិត និងមតិយោបល់ទាំងអស់ដែលភាគីសមាគមអ្នកកាសែតនានាបានផ្ដល់ឲ្យដើម្បីយកមកពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់នេះឡើងវិញឱ្យបានសមស្រប។
ថ្លែងក្នុងវេទិកាពិគ្រោះយោបល់ស្តីពីវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជាជាមួយសមាគម និងក្រុមអ្នកសារព័ត៌មានរៀបចំដោយសមាគមកម្ពុជាការពារអ្នកកាសែតនៅទីតាំងទន្លេបាសាក់ ១ ពីម្សិលមិញ លោករដ្ឋមន្ត្រីព័ត៌មានបញ្ជាក់ថាជំនួបក្នុងវេទិកានេះគឺជាលើកដំបូងក្នុងការពិភាក្សាគ្នាស្វែងរកគំនិត និងមតិដែលជាធាតុចូលសម្រាប់ផ្តល់ដល់ក្រុមការងារនៃគណៈកម្មការធ្វើវិសោធនកម្មច្បាប់នេះរបស់ក្រសួងព័ត៌មាន។ ក្រុមការងារនឹងប្រមូលផ្តុំនូវគំនិតយោបល់ទាំងឡាយយកទៅពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់នេះឡើងវិញឱ្យបានប្រសើរ។
លោក ខៀវ កាញារីទ្ធ ថ្លែងថា៖ «ខ្ញុំទទួលយកទាំងអស់មតិទាំងប៉ុន្មាន ក្រុមការងាររបស់យើងខ្ញុំនឹងកត់យកទាំងអស់ ដើម្បីយកជាគំនិតពិចារណា។ ខ្ញុំនឹងបើកជាក្រុមមួយតាមប្រព័ន្ធតេឡេក្រាមជាក្រុមវិសោធនកម្មច្បាប់នេះ ហើយក្រុមការងារខ្ញុំនឹងយកគំនិតទាំងអស់ដើម្បីយកទៅពិចារណាហើយសរសេរជាច្បាប់។ ពេលសរសេររួចហើយ យើងនឹងរៀបចំជាក្រុមមួយជាក្រុមការងារដែលអញ្ជើញសមាគមអ្នកកាសែត ដែលសកម្មៗចូលរួម ដើម្បីមូលមតិជជែកគ្នារហូតយើងអាចអនុម័តជាច្បាប់បាន»។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា៖ «និយាយរួមគឺក្រសួងនឹងមិនបិទទ្វារទេក្នុងការរៀបចំច្បាប់នេះ។ យើងអញ្ជើញតំណាងអ្នកកាសែតយើងទាំងអស់ ដើម្បីចូលរួមផ្ដល់មតិដូចដែលយើងបានធ្វើវិសោធនកម្មច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែរ»។
លោកមានប្រសាសន៍ថា ច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជាដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ ត្រូវបានបង្កើតឡើងសម្រាប់កម្រិតថ្នាក់ជាតិច្រើនជាងកម្រិតអាស៊ាន និងមានកង្វះខាតទំនើបកម្មបច្ចេកវិទ្យា។ ព្រោះច្បាប់ចាស់បង្កើតឡើងដោយផ្ដោតសំខាន់លើការគ្រប់គ្រងស្ថាប័នសារព័ត៌មានបោះពុម្ព កាសែត និងវិទ្យុ។
ប៉ុន្ដែនិន្នាការបច្ចុប្បន្នមានភាពជឿនលឿនខាងបច្ចេកវិទ្យា អ៊ីនធឺណិតបណ្ដាញសង្គម និងសម្បូរទៅដោយសារព័ត៌មានអេឡិចត្រូនិកច្រើនដែលតម្រូវឲ្យមានការធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មានឡើងវិញដើម្បីទាន់សម័យកាល។
លោកថ្លែងថា៖ «ឥឡូវនេះសភាពការណ៍មានការផ្លាស់ប្ដូរ ព្រោះយើងមានស្ថាប័នសារព័ត៌មានរហូតដល់ជាង ៧០០។ យើងមានស្ថាប័នទូរទស្សន៍អនឡាញរាប់រយក្នុងនោះយើងក៏មានបណ្ដាញផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក យូធូប និងបណ្ដាញផ្សព្វផ្សាយជឿនលឿនផ្សេងទៀតដែលមានការប្រែប្រួលច្រើនពីសម័យកាលមុន។ យើងក៏មានការប្រែប្រួលនៃលក្ខណវិនិច្ឆ័យនៃនិពន្ធនាយកដែលទាមទារឲ្យយើងត្រូវគិតឡើងវិញលើលក្ខខណ្ឌចំណេះដឹង»។
ក្រសួងព័ត៌មានកាលពីថ្ងៃទី ២៧ ខែសីហាកន្លងទៅបានចាប់ផ្ដើមពិនិត្យធ្វើវិសោធនកម្មច្បាប់ «របបសារព័ត៌មាន» លើកដំបូង ដើម្បីឈានដល់ការកែលម្អ និងបញ្ចូលរបៀបរបបការងារថ្មីឲ្យសមស្របតាមបទដ្ឋានច្បាប់នាពេលបច្ចុប្បន្នឡើងវិញសម្រាប់ច្បាប់នេះ។
លោក អ៊ុំ សារិន ប្រធានសមាគមកម្ពុជាការពារអ្នកកាសែត (Cambodia Association for Protection of Journalists) ថ្លែងថារយៈពេល ២៤ ឆ្នាំមកនេះ ក្រោយពីច្បាប់ស្តីពីរបបសារព័ត៌មានត្រូវបានអនុម័តឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០០៥ វិស័យសារព័ត៌មាននៅលើពិភពលោក និងនៅកម្ពុជាមានការវិវឌ្ឍយ៉ាងខ្លាំង។
សេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានទទួលស្គាល់ថាមានការរីកចម្រើន និងគោរពបានយ៉ាងល្អ។ ច្បាប់នេះបានកំណត់របបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយឲ្យបានសមស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក សារិន បញ្ជាក់ថា៖ «ច្បាប់ស្តីពីរបបសារព័ត៌មាននេះ បើពិនិត្យទៅគឺមានចំណុចល្អជាច្រើន ដូចជាការពារអ្នកសារព័ត៌មានមិនឲ្យមានការចាប់ដាក់ពន្ធនាគារដោយសារតែការបញ្ចេញមតិរបស់ខ្លួន និងការពារប្រភពព័ត៌មានជាដើម។ ប៉ុន្តែមជ្ឈដ្ឋានទូទៅបានកត់សម្គាល់ថា ច្បាប់នេះមានវ័យចំណាស់ពេក ហើយស្ថានភាពនៃវិស័យសារព័ត៌មាននៅប្រទេសកម្ពុជាបានវិវឌ្ឍប្រែប្រួលយ៉ាងលឿន»។
ប្រធានសមាគមរូបនេះបន្ថែមថា៖ «ដូច្នេះសំណូមពរចាំបាច់របស់អ្នកសារព័ត៌មានមួយចំនួនថាគួរតែធ្វើបច្ចុប្បន្នភាពឡើងវិញនូវចំណុចមួយចំនួន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍរីកចម្រើននៃវិស័យសារព័ត៌មានកម្ពុជា និងដើម្បីធ្វើទំនើបកម្មច្បាប់ស្តីពីរបបសារព័ត៌មានឲ្យស្របនឹងការវិវឌ្ឍថ្មីៗនៃវិស័យសារព័ត៌មាន»។
លោកមេធាវី សុខ សំអឿន ប្រធានអង្គការក្រុមប្រឹក្សាជំនួយផ្នែកច្បាប់ដែលបានចូលរួមជាវាគ្មិនក្នុងវេទិកាថ្លែងថា ការធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មាននេះក៏អាចឈានដល់ការការពារដល់ច្បាប់ផ្សេងៗទៀតផងដែរ ដូចជាច្បាប់ក្រមព្រហ្មទណ្ឌដែលមានការកែទម្រង់ថ្មី និងមានមាត្រាថ្មីជាច្រើនដែលតម្រូវឲ្យធ្វើការកែទម្រង់ឲ្យស្របគ្នា។
លោកថ្លែងថា៖ «ជាការល្អដែលយើងពិនិត្យមើលចំពោះការធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មាននេះ។ យើងមើលសព្វថ្ងៃច្បាប់នៅក្នុងក្រមព្រហ្មទណ្ឌមានមាត្រាមួយនិយាយថា អាចប្រើច្បាប់របស់របបសារព័ត៌មាន ប៉ុន្ដែបើយកទៅប្រើបានមានតែក្នុងជំពូក ១ ទេ មានតែ ២ មាត្រាដោយមិនបានគ្របដណ្ដប់គ្រប់មាត្រាទាំងអស់សម្រាប់អ្នកសារព័ត៌មាន»។
លោក សុខ សំអឿន ក៏បានប្រាប់ទៅក្រសួងព័ត៌មានថា ការធ្វើវិសោធនកម្មច្បាប់នេះក្រៅពីទទួលមតិពីក្រុមសមាគមអ្នកសារព័ត៌មាន ក៏គួរតែឲ្យក្រុមអ្នកជំនាញផ្នែកច្បាប់ឯករាជ្យចូលរួមក្នុងការពិភាក្សា និងផ្ដល់មតិបន្ថែមលើការធ្វើវិសោធនកម្មលើច្បាប់នេះផងដែរ។ ព្រោះក្រុមអ្នកជំនាញផ្នែកច្បាប់ឯករាជ្យយល់ដឹងពីនីតិវិធីច្បាប់ច្រើន និងអាចឲ្យការធ្វើវិសោធនកម្មច្បាប់នេះរឹតតែមានប្រសិទ្ធភាព៕