The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ព័ត៌មាន​​បណ្ដុះបណ្ដាល​អ្នក​កាសែត​ពី​វិជ្ជាជីវៈ​​ និង​ក្រមសីលធម៌

ក្រសួង​ព័ត៌មាន​​បណ្ដុះបណ្ដាល​អ្នក​កាសែត​ពី​វិជ្ជាជីវៈ​​ និង​ក្រមសីលធម៌

Content image - Phnom Penh Post
លោក ខៀវ កាញារីទ្ធ (​ឈរ​) ក្នុង​ពេល​ចូលរួម​បិទ​សិក្ខាសាលា​កាលពី​ម្សិលមិញ​។ រូបថត វ៉ន ដារ៉ា

ក្រសួង​ព័ត៌មាន​​បណ្ដុះបណ្ដាល​អ្នក​កាសែត​ពី​វិជ្ជាជីវៈ​​ និង​ក្រមសីលធម៌

ភ្នំពេញៈ ក្រសួង​ព័ត៌មាន​កាលពី​ម្សិលមិញ​បាន​បើក​សិក្ខាសាលា​ពេញ​ ១ ​ថ្ងៃ​ ដើម្បី​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​ស្ដីពី​ «​ការផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​» ប៉ុន្តែ​ក្រសួង​គ្រោង​បន្ត​ធ្វើឲ្យ​បាន​គ្រប់​ ៤០ ​ម៉ោង ខណៈ​មាន​អ្នកសារព័ត៌មាន​មកពី​ខេត្ត-ក្រុង​ប្រមាណ​ជិត​ ៣០០ ​នាក់​ចូលរួម​ និង​ខ្លះ​ចង់​ចុះឈ្មោះ​បន្ថែម​ច្រើន​ដែល​លើស​ពី​ការរំពឹងទុក​។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ​នៅ​​ទីស្ដីការ​ក្រសួង​ថា ក្រសួង​ព័ត៌មាន​មាន​បំណង​តទៅទៀត​ក្រោយពី​ឃើញ​មាន​អ្នក​សារព័ត៌មាន​ចង់​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ច្រើន​។ ​ដំបូង​ក្រសួង​គ្រោង​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ត្រឹមតែ​ ១០០ ​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​ពេល​បើក​ចុះ​ឈ្មោះ​ស្រាប់តែ​មាន​ដល់​ជាង​ ២៥០ ​នាក់​។

លោក​ថ្លែងថា​៖ «​យើង​នឹង​អាច​ខិតខំ​ប្រឹងប្រែង​រក​គ្រូឧទ្ទេស​បន្ថែមទៀត​ដោយសារ​បច្ចុប្បន្ន​នៅ​ក្រសួង​ព័ត៌មាន​មាន​ឯកឧត្ដម​ទីប្រឹក្សា​ក្រសួង​មួយ​ចំនួន ពួកគាត់​មាន​បទពិសោធ​ការងារ​ក្នុង​វិស័យ​ព័ត៌មាន​ច្រើន​ឆ្នាំ​ និង​កំពុង​ជួយ​ការងារ​មួយ​ចំនួន​នៅ​ផ្នែក​ឯកជន ដូចជា នៅ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ កោះ​សន្ដិភាព​ជាដើម ដែល​មាន​បទពិសោធ​អនុវត្ដ​ជាក់ស្ដែង​។ យើង​នឹង​ស្នើសុំ​ឲ្យ​មក​ចូលរួម​ជួយ​ ២ ​នាក់​ក្នុង​រយៈពេល​ ១ ​ព្រឹកៗ​»​។

លោក​បាន​បន្ដថា​៖ «​ប្រសិន​បើ​អ្នកសារព័ត៌មាន​យើង​នៅតែ​ស្ម័គ្រចិត្ដ​ចូលក្នុង​សិក្ខាសាលា​បណ្ដុះបណ្ដាល​នេះ យើង​នឹង​គ្រោង​បន្ត​ឲ្យ​បាន​គ្រប់​ ៤០ ​ម៉ោង​ ដើម្បី​អាច​មាន​លទ្ធភាព​ស្នើសុំ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ចេញ​ជា​លិខិតបញ្ជាក់​ការសិក្សា​ជូន​អ្នក​សារព័ត៌មាន​យើង​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ នេះ​ជា​គោលបំណង ហើយ​យើង​នឹង​រៀបចំ​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ការងារ​នេះ​ឲ្យ​ខាងតែ​បាន​ចាប់ពី​ពេល​នេះ​តទៅ​»​។

លោក​ សុវណ្ណ បាន​បន្តថា​មូលហេតុ​ដែល​ក្រសួង​ព័ត៌មាន​បើក​ឲ្យ​មាន​សិក្ខាសាលា​នេះ​គឺ​ដោយសារ​មាន​អ្នកសារព័ត៌មាន​ខ្លះ​នៅ​មិន​ទាន់​យល់​បាន​ច្បាស់​អំពី​បញ្ហា​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ប្រឈម​ច្រើន​ជាមួយ​នឹង​បញ្ហា​ផ្លូវច្បាប់​។ ពេលនេះ​ក្រសួង​ព័ត៌មាន​នៅ​ប្រកាន់​យក​ជំហរ​អប់រំ​ជាមុនសិន មុន​ឈានដល់​ការដាក់ទោសទណ្ឌ​លើ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​ប្រាសចាក​វិជ្ជាជីវៈ​។

លោក​ថា​៖ «​ចំណុច​នេះហើយ​ទើប​យើង​ចាប់ផ្ដើម​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​ដើម្បី​បញ្ជ្រាប​ឲ្យ​បាន​យល់​សិន នៅពេល​យល់​ហើយ​បាន​ដឹង​ខ្លះៗ​ហើយ​នឹង​ឈាន​ទៅ​រក​ការ​មាន​វិធានការ​ (​វិធានការ​ច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​ធ្វើ​ខុស​វិជ្ជាជីវៈ​)»​។

ជាមួយ​នេះ​ដែរ​លោក សុវណ្ណ បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​ដោយ​ពឹង​ផ្អែកលើ​ប្រភព​ឲ្យ​ច្បាស់លាស់​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​យក​ព័ត៌មាន​មិន​ពិត​ផ្សាយ​ទៅកាន់​សាធារណជន​។ លោក​ថា​៖ «​អ្នកសារព័ត៌មាន​អនឡាញ​​មួយចំនួន​មិនមែន​គាត់​មិន​មាន​វិជ្ជាជីវៈ​ទេ ប៉ុន្ដែ​ពេលខ្លះ​ពួកគាត់​យក​ជ្រុង​ឆ្ងាយ​ពេក​ដូច​អ្វីដែល​សម្ដេច​ [​នាយករដ្ឋមន្ដ្រី​] ​ធ្លាប់​លើក​ឡើង​អ៊ីចឹង​ថា សម្ដែង​ហ្នឹង​យូរពេក​ទម្រាំ​ចូល​ដល់​សាច់រឿង ហើយ​កន្លែង​ខ្លះទៀត​សម្ដែង​ទៅ​វា​ជ្រុល​»​។

ដោយឡែក​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​​បាន​ក្រើនរំឭក​ក្នុង​ពិធី​បិទ​សិក្ខាសាលា​នេះដែរ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ដើម្បី​រក្សា​តម្លៃ​អ្នកសារព័ត៌មាន និង​ផ្ដល់​តម្លៃ​ទៅ​ដល់​មនុស្ស​នៅក្នុង​សង្គម​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ប្រើ​ភាសា​ថ្លៃថ្នូរ​វា​បង្ហាញ​អំពី​កម្រិត​យល់​ដឹង​របស់​យើង​ដែរ​។ ដូច្នេះ​ក្រមសីលធម៌​អ្នក​ធ្វើ​ការងារ​ដោយ​វិជ្ជាជីវៈ​គឺ​ការគោរព​ក្រមសីលធម៌ មាន​ក្រមសីលធម៌​ខ្ពស់​ពេល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​»​។

កញ្ញា មាស ចន្តា អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​ព័ត៌មាន​​អនឡាញ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​សិក្ខាសាលា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា តាមរយៈ​ការចូលរួម​សិក្ខាសាលា​នេះ​កញ្ញា​ទទួល​បាន​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ការសរសេរ​ព័ត៌មាន និង​ការយល់ដឹង​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ជាដើម​។

កញ្ញា​បញ្ជាក់​ថា​៖ «​ស្ថាប័ន​ព័ត៌មាន​ខ្ញុំ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្រើន​លើ​ផ្នែក​ច្បាប់ និង​បញ្ហា​ផលិតផល​ក្លែងក្លាយ​។ តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ខ្ញុំ​បាន​យល់ដឹង​ច្រើន​ពី​ការសរសេរ​ព័ត៌មាន និង​បញ្ហា​ផ្នែក​ច្បាប់​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​សារព័ត៌មាន ព្រោះ​ពី​មុន​មក​អ្នក​សារព័ត៌មាន​យើង​មិន​សូវ​យល់ដឹង​ពី​ផ្នែក​ច្បាប់​នេះ​ទេ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍