ភ្នំពេញៈ ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បង្ហាញ​ពី​គណនី​ហ្វេសប៊ុក និង​គេហទំព័រ​ហ្វេសប៊ុក​ចំនួន​ ៤៧ ​ដែល​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ដោយមាន​ចេតនា​ដើម្បី​បង្កាច់​បង្ខូចឈ្មោះ​រាជរដ្ឋាភិបាល​ និង​បង្ក​ឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច​ និង​បាន​ព្រមាន​ចាត់វិធានការ​ប្រសិន​បើ​គណនី​ហ្វេសប៊ុក​ និង​គេហទំព័រ​ទាំងនេះ​មិន​ព្រមធ្វើ​ការកែប្រែ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ស្ដីពី​ «​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការឆ្លង​ជំងឺ​កូវីដ​ ១៩ បាន​បញ្ជាក់ថា​៖ «​ទន្ទឹម​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​សាធារណជន និង​អ្នកសារព័ត៌មាន​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ក៏មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​បែរជា​បង្កើត​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​បន្លំ បំភ្លៃ បំភាន់ បង្វែរ​ស្ថានការណ៍​ដើម្បី​បង្កាច់​បង្ខូចឈ្មោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច​»​។

ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ឲ្យ​តាមដាន​ព័ត៌មាន​នៅក្នុង​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ឬ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ស្វែងយល់ និង​ទទួលបាន​ព័ត៌មាន​ពិត​ទាក់ទង​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ក្រសួង​ព័ត៌មាន​បាន​បង្ហាញ​គណនី​ហ្វេសប៊ុក (Facebook Account) ចំនួន​ ២៥ និង​ទំព័រ​ហ្វេសប៊ុក​ (Facebook Page) ចំនួន​ ២២ ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​រួមមាន គេហទំព័រ​ហ្វេសប៊ុក​ឈ្មោះ កាមទេព លឹម ហុង​, Romnea William Monyreach, Seng Ratana, Hun Kosal, Sdam Husen, សេដា​សម័យ​តេជោ ខេត្ដ​ស្វាយរៀង​, Chm Chn, Sophea Rachana, Preab Sor, ចាន់ ចក្រី​, Soung Sophorn, Rin Roth, និង Sadad Samathy​។ ចំណែក​គណនី​ហ្វេសប៊ុក​រួមមាន ព័ត៌មាន​ពិត​​ពី​កម្ពុជា​, ជនអនាមិក​, មាឃ ម៉ិច​, សំរ៉ាកការ សំរ៉ាកការ​, កាមទេព លឹម ហុង​, Chan Rina, Dara Meng, Ir Channa, Vibol Mao, Vichet Chan, Rin Roth, the Cambodia Daily Khmer, Ch7HD News, Sovannara Som, Klork Kheab, Chhun Vean Khmer, Sovannara Som, News Fast ជាដើម​។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្នុង​ចំណោម​គណនី​ហ្វេសប៊ុក និង​ទំព័រ​ហ្វេសប៊ុក​ទាំងអស់​ខាងលើ​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូវីដ​ ១៩ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ប្រភព​ត្រឹមត្រូវ ហើយ​គណនី​ហ្វេសប៊ុក​ និង​ទំព័រ​ហ្វេសប៊ុក​ទាំងនេះ​មួយ​ចំនួន​ក្រុមការងារ​ក្រសួង​បាន​ប្រាប់​ឱ្យធ្វើ​ការកែប្រែ​ និង​មួយ​ចំនួន​ទៀត​កំពុង​ដាក់​ក្នុង​ការត្រួតពិនិត្យ​បន្ត​។ លោក​បន្តថា​៖ «​យើង​ចាំមើល​ប្រហែល​ ១ ​សប្ដាហ៍​ទៀត​ប្រសិនបើ​ម្ចាស់​គណនី និង​គេហទំព័រ​ខាងលើ​មិនមាន​ការកែប្រែ​ទេ យើង​នឹង​ចាត់ការ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​មាន​ចំណាត់ការ​បន្តទៀត​»​។

ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) កាល​ថ្ងៃ​ពុធ​ម្សិលមិញ​បានចេញ​សេចក្ដី​អំពាវនាវ​ចំពោះ​អ្នក​សារព័ត៌មាន​អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​ករណី​ជំងឺ​កូវីដ​ ១៩ ​នេះ​ក្រោយ​យល់ឃើញ​ថា​សារព័ត៌មាន​បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ និង​ដោយ​យល់ឃើញ​ថា បញ្ហា​កូវីដ​ ១៩ ជា​រឿង​សំខាន់​មួយ​ដែល​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ក៏ដូចជា​ប្រជាពលរដ្ឋ​ម្នាក់ៗ​ចូលរួម​ក្នុង​ការបង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​កុំឱ្យ​មាន​ការរីករាលដាល​ទៅក្នុង​សហគមន៍​ក៏ដូចជា​ដើម្បី​បញ្ចៀស​ការរើសអើង​។

CJ បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​កំពុង​ប្រកប​អាជីព​វិជ្ជាជីវៈ​ក្នុងប្រទេស​កម្ពុជា​យកចិត្ត​ទុកដាក់​ចំពោះ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា សូម​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ​ ១៩ ប្រកប​ដោយ​ភាពច្បាស់លាស់​ស្របតាម​បច្ចេកទេសផ្នែក​វេជ្ជសាស្ត្រ ដោយ​សំអាង​ទៅលើ​ការពន្យល់​របស់​អ្នកជំនាញ​ ឬ​លើ​ការស្រាវជ្រាវ​ឯកសារ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការផ្តល់​ព័ត៌មាន​មិន​ច្បាស់លាស់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភាន់ច្រឡំ​អំពី​កូវីដ​ ១៩​។

សូម​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវ​ឱ្យបាន​ខ្ពស់បំផុត​ក្នុង​ការគោរព​សិទ្ធិ​ឯកជន​របស់​អ្នក​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ដោយ​មិន​ត្រូវ​បញ្ចេញ​អត្តសញ្ញាណ​របស់​ពួកគេ​ជា​ដាច់ខាត​មិន​ថា​អ្នក​នោះ​ជា​ជនបរទេស​ ឬ​ខ្មែរ​នោះឡើយ​លើកលែង​តែ​អ្នកនោះ​ជា​បុគ្គល​សាធារណៈ​សំខាន់ៗ​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ជា​ផ្លូវការ ឬ​សាមី​ខ្លួន​ផ្ទាល់​ជា​អ្នក​ប្រកាស​ជា​សាធារណៈ​។ សូម​ធ្វើ​សេចក្តី​រាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដោយ​ចៀសវាង​ការប្រើ​ពាក្យពេចន៍​ ឬ​សំនួន​វោហារ​ណា ដែល​នាំឱ្យ​មានការ​បែងចែក ឬ​ការរើសអើង​ចំពោះ​បុគ្គល ឬ​សហគមន៍​ណាមួយ​។

CCJ សង្ឃឹមថា​៖ «​អ្នក​សារព័ត៌មាន​ទាំងអស់​នឹង​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ទាំង​ចំពោះមុខ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ផង និង​ចំពោះ​បទដ្ឋាន​បច្ចេកទេសផ្នែក​វេជ្ជសាស្ត្រ​ផង​ដើម្បី​ធានាថា សារព័ត៌​មានបាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការផ្តល់ព័ត៌មាន​ពិត​ឥត​ក្លែងបន្លំ និង​គ្មាន​ការរើសអើង ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណជន​ទូទៅ​ក៏ដូចជា​ប្រយោជន៍​សម្រាប់​សង្គម​ទាំងមូល​»៕