ភ្នំពេញៈ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយនៅតាមបណ្ដាញទំនាក់ទំនងសង្គមនានាដែលកំពុងប្រើប្រាស់ជាមធ្យោបាយផ្សាយសារ និងវីដេអូនៅក្នុងព្រះរាជាណាចក្រកម្ពុជាបែបគ្មានវិជ្ជាជីវៈចំនួន ១៤៥ ករណីនៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ហើយត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម ជេរប្រមាថថ្នាក់ដឹកនាំ។
លោក ផុស សុវណ្ណ ជាអ្នកនាំពាក្យ និងអនុប្រធានអចិន្រៃ្តយ៍គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃម្សិលមិញថា ចំណាត់ថ្នាក់ក្នុងប្រភេទផ្សព្វផ្សាយដំណឹងក្លែងក្លាយ ឬព័ត៌មានមិនពិតត្រូវបានបញ្ជូនបន្តទៅក្រសួងមហាផ្ទៃ ដើម្បីគាត់ចាត់វិធានការបន្តស៊ើបអង្កេត។
លោក សុវណ្ណ បានថ្លែងថា៖ «បើសិនជាគណនីបណ្ដាញទំនាក់ទំនងសង្គមដែលផ្សព្វផ្សាយព័ត៌មានមិនពិតមានឈ្មោះចុះបញ្ជីត្រឹមត្រូវ ជំហានដំបូង យើងប្រាប់ឱ្យគាត់កែតម្រូវ ឬដកព័ត៌មាននោះចេញ ករណីខ្លះយើងឱ្យមានការកែតម្រូវតាមលិខិតផ្លូវការ។ គណនីបណ្ដាញទំនាក់ទំនងសង្គមដែលគ្មានការចុះបញ្ជីផ្លូវការត្រឹមត្រូវយើងបានបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវប្រមាណជាង ១០ ករណីដែរ»។
លោក ផុស សុវណ្ណ បានឱ្យដឹងទៀតថា គណនីបណ្ដាញទំនាក់ទំនងសង្គមដែលកំពុងត្រូវបានផ្សព្វផ្សាយដំណឹងក្លែងក្លាយ ឬព័ត៌មានមិនពិតអំពីបញ្ហានានានៅក្នុងសង្គមកម្ពុជា គឺភាគច្រើននៃគណនីទាំងនោះស្ថិតនៅក្រៅប្រទេស។
យោងតាមរបាយការណ៍របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំនេះ ក្រុមការងារបានអនុវត្តការងារស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន ១៤៥ ករណី។
ករណីទាំងនោះដូចជាញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងការដាក់រូបប្រាសាទអង្គរវត្តនៅលើខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ២២ ករណី ជេរប្រមាថព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងព្រះពុទ្ធសាសនាចំនួន ៨៣ ករណី ព័ត៌មានបំពុលសង្គមចំនួន ១៨ ករណី (ក្នុងនោះមានគណនីហ្វេសប៊ុកចំនួន ១៥ គណនី បង្ហោះសារពីបញ្ហាការជីកយកត្បូងស្ថិតនៅខេត្តមណ្ឌលគិរី ព័ត៌មានមិនពិតចំនួន ១ ករណី គណនី Tik Tok ចំនួន ២១ ករណី ញុះញង់ ចំនួន ៧ ករណី ជេរប្រមាថថ្នាក់ដឹកនាំ ចំនួន ១៤ ករណី។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ថ្លែងថា អ្វីដែលសង្គមស៊ីវិល និងសាធារណជនមានការព្រួយបារម្ភនោះគឺការយកហេតុផល ការបង្ក្រាបទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គមផ្សេងៗ បង្ក្រាបទៅដល់សកម្មជននៅលើបណ្ដាញសង្គម ឬក្រុមណាមួយដែលធ្វើការងារយកចិត្ដទុកដាក់ទៅរឿងសង្គម តាមរយៈប្រើប្រាស់បណ្ដាញសង្គមក្នុងការបញ្ចេញមតិ ឬទស្សនៈផ្សេងៗ។
លោកថ្លែងថា៖ «យើងទាមទារឱ្យមានការពិនិត្យ ពិចារណា និងដាក់តម្កល់ សេរីភាពបញ្ចេញមតិ ឬសេរីភាពនៃការប្រើប្រាស់សិទ្ធិដើម្បីផ្ដល់យោបល់ស្ថាបនាប្រទេសជាតិគឺជាមូលដ្ឋានសំខាន់ជាជាងធ្វើការហាមឃាត់លែងឱ្យមានការប្រើប្រាស់បណ្ដាញសង្គមក្នុងការចូលរួមមតិយោបល់កសាងសង្គម»។ «ករណីមួយចំនួនទាក់ទងនឹងសកម្មជនដែលបានធ្វើការងារលើផ្នែកបរិស្ថាននិងសង្គម គឺទទួលរងនូវការធ្វើទុក្ខបុកម្នេញក្រោយពីពួកគេលើកឡើងនៅលើបណ្ដាញសង្គមទាក់ទងនឹងរឿងរសើប ឬរឿងប៉ះពាល់ជាអវិជ្ជមានដល់មន្ដ្រី និងអ្នកមានអំណាច៕