ភ្នំពេញៈ ក្រសួង​ព័ត៌មាន​បាន​រកឃើញ​ប្រភពព័ត៌មាន​នានា ដោយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ ញុះញង់ រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ និង​ព្រះមហាក្សត្រ​ចំនួន ១ ៣៤៣ ករណី​ ក្នុង​ឆ្នាំ​ ២០២០ ក្នុង​នោះបាន​លុប​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៣ ដែល​ផ្សាយ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​។ នេះ​បើតាម​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​។

លោក ផុស សុវណ្ណ ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ការប្រើប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ កាលពី​ម្សិលមិញ​ថា ក្នុង​ជាង​ ១ ​ពាន់​ករណីនេះ ​មាន ១០៣​ ប្រភព សកម្ម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដំណឹង​ក្លែងក្លាយ ញុះញង់ រិះគន់ ជេរប្រមាថ​ថ្នាក់ដឹកនាំ និង​​ព្រះមហាក្សត្រ​។

លោក​ថ្លែងថា​៖ «​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត ដែល​មាន​ឈ្មោះ​ចុះបញ្ជី​ត្រឹមត្រូវ គឺ​យើង​ប្រាប់​ឱ្យ​ធ្វើការ​កែតម្រូវ ឬ​ដក​ព័ត៌មាន​នោះ​ចេញ​។ គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​គ្មាន​ការចុះបញ្ជី​ផ្លូវការ​ត្រឹមត្រូវ​យើង​បាន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ចាត់ការ​តាមច្បាប់​»​។

បើតាម​របាយការណ៍ គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៃ​ក្រសួង​ព័ត៌មាន​បាន​ឱ្យដឹងថា ក្នុង​ករណី​ទាំងនោះ ក្រុមការងារ​របស់​ក្រសួង​ព័ត៌មាន​បាន​ជូនដំណឹង​ឱ្យ​កែតម្រូវ​ចំនួន​ ៤៩ ​ករណី​។ ប្រគល់​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ចាត់​វិធានការ​ចំនួន​ ៣៦ ​ករណី​។ ប្រគល់​ទៅ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ចំនួន ២ ​ករណី​បាន​បិទ​គេហទំព័រ​។ ប្រគល់ជូន​ក្រុមហ៊ុន​ហ្វេសប៊ុក ៨ ​ករណី​ ក្នុងនោះ​បាន​លុប​មាតិកា​ចំនួន​ ១ និង​បិទ​គណនី​ចំនួន​ ២​។ កាលពី​ឆ្នាំ​មុននេះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឃាត់ខ្លួន​បុគ្គល ២ រូប​ដែល​បង្ហោះ​សារ​ប្រមាថ​ថ្នាក់ដឹកនាំ និង​បង្កចលាចល​ក្នុងសង្គម​គឺ​ឈ្មោះ​ ណី ណាក់ ម្ចាស់​គេហទំព័រ​ហ្វេសប៊ុក IMan-KH និង​ឈ្មោះ ងិន ស៊ុយទ្រី ម្ចាស់​គណនី​ហ្វេសប៊ុក​ជាច្រើន​មានដូចជា Bong Seyha, Try Seangmey ​ជាដើម​។

លោក សុវណ្ណ ក៏បាន​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មានមក​អប់រំ​ចំនួន ២ អង្គភាព​ដែរ គឺ​អង្គភាព K01 និង​អង្គភាព​ផែនដី​ថ្មី (PDT-News) និង​បាន​លុប​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​ចំនួន ៣ គឺ​អង្គភាព គេហទំព័រ​ចក្រវាឡ ធីវីអនឡាញ​, គេហទំព័រ TVFB និង​​គេហទំព័រ និង​វិទ្យុ​រិទ្ធិសែន​។

លោក សុវណ្ណ បញ្ជាក់ថា ការរីកចម្រើន​លើ​វិស័យ​បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការពង្រីក​ការតភ្ជាប់​ទំនាក់ទំនង​របស់​មនុស្សជាតិ និង​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រតិបត្តិករ សោតទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។ ប៉ុន្តែ​បច្ចេកវិទ្យា​ទំនើប​នេះ​ក៏បាន​ធ្វើឱ្យ​ការផ្សព្វផ្សាយ​ និង​ការចែករំលែក​ព័ត៌មាន​មិន​ពិត ឬ​ដំណឹង​ក្លែងក្លាយ​បាន​កាន់តែ​លឿន​ជាង​ពេលមុន​ទ្វេដង ហើយ​បង្ក​ផលប៉ះពាល់​យ៉ាង​ធំធេង​ដល់​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ និង​បង្ក​ឱ្យ​អត់​សណ្តាប់ធ្នាប់​សង្គម​ផងដែរ​។

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេមបូចា) ​សង្កេតឃើញ​ការអនុវត្ដ​ច្បាប់​របស់​សមត្ថកិច្ច​ចំពោះ​អ្នកសារព័ត៌មាន​ក្នុង​ឆ្នាំ​ ២០២០ មាន​សភាព​រឹតតែ​ធ្ងន់ធ្ងរ​ដែល​ឈានដល់​ការបិទ​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ការអនុវត្ដ​តួនាទី​របស់ខ្លួន​។ លោក​ថ្លែងថា​៖ «​កាលពី​ឆ្នាំ​មុន​នេះ យើង​សង្កេតឃើញ​អ្នកសារព័ត៌មាន​ជាច្រើន​ត្រូវ​បាន​ប្រឈមមុខ​ចំពោះ​តុលាការ ក្រោយពេល​ពួកគេ​អនុវត្ដ​សិទ្ធិ​របស់​ពួកគេ​»​។

ក្នុង​ឆ្នាំ​ ២០២០ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក) បាន​ទទួល​បណ្តឹង និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បណ្តឹង​លើ​អ្នកកាសែត​កម្ពុជា​ចំនួន​ ៣៣ ​ករណី ​ដែល​បណ្តឹង​ទាំងនោះ​មិនសូវ​ផ្អែកទៅលើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នោះ​ទេ គឺជា​រឿង​វិវាទ​ដីធ្លី​។ ស.ស.ស.ក អះអាង​ថា កម្ពុជា​គ្មាន​ចំណុច​ព្រួយបារម្ភ​ពី​សេរីភាព​សារព័ត៌មាន​ឡើយ​។ នេះ​បើ​យោងតាម​របាយការណ៍ ស.ស.ស.ក ចុះ​ថ្ងៃទី​ ១១ ខែមករា​៕