ភ្នំពេញៈ ក្រសួង​ព័ត៌មាន​គ្រោង​បញ្ជូន​មន្ដ្រី​បច្ចេកទេស​របស់ខ្លួន​ទៅ​បណ្ដុះបណ្ដាល​បន្ថែម​នៅ​បណ្ដា​ប្រទេស​ជា​មិត្ដ​ដែល​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​បង្កើន​សមត្ថភាព​មន្ដ្រី​ក្នុង​ក្រសួង​ព័ត៌មាន និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ​ឱ្យ​ដើរ​ទាន់​និន្នាការ​ឌីជីថល​។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ឯកឧត្ដម​រដ្ឋមន្ត្រី​ធ្លាប់បាន​លើកឡើង​ចំពោះ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរទស្សន៍​ឌីជីថល​ទៅ​ថ្ងៃ​អនាគត ដូច្នេះ​យើង​ត្រូវការ​កម្លាំង​ច្រើន ហើយ​ពាក់ព័ន្ធ​នឹង​ធនធាន​មនុស្ស​នេះ​កន្លង​ទៅខាង​ទូរទស្សន៍ជាតិ ទទក គាត់​បាន​លើក​ពី​បញ្ហា​ចោទ​ច្រើនជាងគេ​ថា​មន្ដ្រី​ដែលមាន​ជំនាញ​បាន​ចូល​និវត្ដន៍​អស់ហើយ​ចំណែក​មន្ដ្រី​ក្មេងៗ​ជំនាន់​ក្រោយ​សមត្ថភាព​ពួកគាត់​នៅមាន​កម្រិត​។ ដូច​ដឹង​ស្រាប់​ហើយ​ប្រទេស​យើង​ការបណ្ដុះបណ្ដាល​ខាង​ផ្នែក​បច្ចេកទេស បច្ចេកវិទ្យា​នៅ​មាន​កម្រិត​នៅឡើយ​»​។

លោក ផុស សុវណ្ណ បញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ធ្លាប់បាន​ឲ្យ​ដឹងថា លើក​ក្រោយ​ក្រសួង​ព័ត៌មាន​នឹង​ជ្រើសរើស​មន្ដ្រី​ផ្នែក​ខាង​បច្ចេកទេស​ច្រើន និង​ជ្រើសរើស​មន្ដ្រី​ដែល​ទើប​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ដើម្បី​ក្រសួង​អាច​បញ្ជូន​ពួកគាត់​ទៅ​រៀន​បន្ត​តាម​ជំនាញ​បច្ចេកទេស​ដែល​ក្រសួង​ត្រូវការ​តែម្តង​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែង​ក្នុងពេល​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨ ​មីនា​លើក​ទី​ ១០៩ កាលពី​ថ្ងៃទី​ ១១ ខែមីនា​នេះ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ ​ថា បច្ចុប្បន្ន​វិស័យ​ព័ត៌មាន​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​មានការ​ជឿនលឿន​ហើយ​ប្រទេស​ខ្លះ​មាន​បច្ចេកទេស និង​សមត្ថភាព​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកទេស​បាន​យ៉ាង​ល្អប្រសើរ​។ ដូច្នេះ​កម្ពុជា​ត្រូវតែ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​សិក្សា​រៀនសូត្រ​ពី​គេ​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ម្សិលមិញ​ពេល​ទៅ​ជួប​ជាមួយ​ទូត​ជប៉ុន ក៏​ខ្ញុំ​បាន​និយាយ​រំឭក​គាត់ ជាពិសេស​ទុក​ឱកាស​ឱ្យ​ខាង​ទូរទស្សន៍​ជាតិ​កម្ពុជា ដើម្បី​ទៅ​រៀន​នៅ​ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេងទៀត ដើម្បី​ឱ្យគេ​ជួយ​បង្ហាត់​អំពី​ការងារ​ឌីជីថល និង​ការងារ​រៀបចំ​ឆាក​រៀបចំ​កម្មវិធី​»​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន​បាន​ភ្ជាប់​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​នោះ​ក្រៅពី​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញ-ទៅមក​ក៏​មាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា និង​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​សិក្សា​រៀនសូត្រ​ពី​បច្ចេកទេស​ផ្សព្វផ្សាយ ផលិត​ព័ត៌មាន​ជាដើម​។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា «​ទទក​» នឹង​ដំឡើង​បច្ចេកវិទ្យា​ឌីជីថល​ចាប់ពី​ឆ្នាំ​ ២០២១ ហើយនឹង​បំបែកចេញ​ជា​ ៣ ​ប៉ុស្តិ៍​បន្ថែមទៀត​។ អង្គភាព​ចំនួន​ ៣ ​ដែល​ធ្វើការ​លើ​វិស័យ​សារព័ត៌មាន​របស់​ជាតិ​នឹង​មាន​ការងារ​ធ្វើ​ច្រើន​បន្ទាប់ពី​ដំឡើង​បច្ចេកវិទ្យា​ឌីជីថល ដូចជា វិទ្យុជាតិ​កម្ពុជា ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទីភ្នាក់ងារ​សារព័ត៌មាន​​កម្ពុជា​ (AKP) ជាដើម​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​យើង​ត្រូវ​ការធ្វើ​ច្រើន​ហើយ​ធ្វើឱ្យ​ចប់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​»៕