ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ បញ្ជាក់​កាលពី​ថ្ងៃទី​ ២៧ កក្កដា ថា​ក្រសួង​នឹង​បិទ​ស្ថានីយ​វិទ្យុ​ណា​ដែល​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​ក្រសួង​ជា​រៀងរហូត បើ​វិទ្យុ​នោះ​នៅ​តែ​បន្ត​ការផ្សព្វផ្សាយ​ធ្វើឱ្យ​ឆ្លង​រំខាន​ចូល ហ្វ្រេកង់ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​នៅក្នុង​ដែនអាកាស​ក្នុង​ប្រទេស​កម្ពុជា​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​បែបនេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស អន្តរក្រសួង​ស្ដីពី «​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការឆ្លង​រំខាន​ចូល ហ្វ្រេកង់ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​នៅក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» កាលពី​ថ្ងៃទី​ ២៧ ​កក្កដា​នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន ដោយ​មាន​ទាំង​ ៣ ​ស្ថាប័ន គឺ​ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

លោក​ ខៀវ កាញារីទ្ធ បាន​ថ្លែងថា ជាគោលការណ៍ បើ​ឃើញ​ភ្លាមៗ​ថា មាន​ស្ថានីយ​វិទ្យុ​ណា​ដែល​បង្ក​ផលប៉ះពាល់​នោះ​ក្រសួង​នឹង​បញ្ជា​ឱ្យ​បិទ​ការផ្សាយ​ភ្លាម ហើយ​មន្ដ្រី​បច្ចេកទេស​ក្រសួង​នឹង​ចុះ​ទៅ​ពិនិត្យ​លើ​បញ្ហា​ដែល​កើតឡើង​។ លោក​បន្ដថា បច្ចុប្បន្ន​នេះ​ភាគច្រើន​ក្រសួង​បាន​ដាក់​ឧបករណ៍​ពិនិត្យ​លើ​ហ្វ្រេកង់ស៍​ផ្សព្វផ្សាយ​របស់​ស្ថានីយ​វិទ្យុ​ដើម្បី​កុំឱ្យ​បង្ក​ការឆ្លង​។

លោក​ថ្លែងថា​៖ «​សំខាន់​គឺ​គាត់​ [​ស្ថានីយ វិទ្យុ​] ត្រូវ​ជួសជុល បើ​ហ្វ្រេកង់ស៍​វិទ្យុ​គាត់ បើ​នៅ​តែ​បង្កបញ្ហា​ទៀត គឺ​យើង​បិទ​រហូត​តែម្ដង​។ អ្វីដែល​សំខាន់ ស្ថានីយ​វិទ្យុ គឺ​ត្រូវ​កែប្រែ​ឧបករណ៍​របស់​គាត់ ដែល​ត្រូវ​ទាមទារ​ឱ្យ​ស្ថានីយ​របស់​គាត់​បិទ​ការផ្សាយ​មួយរយៈ​ដើម្បី​ជួសជុល​ ឬ​ក៏​ស្ថានីយ​វិទ្យុ​នោះ​ត្រូវ​ប្ដូរ​ឧបករណ៍​កុំឱ្យ​បង្ក​ការឆ្លង​រំខាន​ចូល ហ្វ្រេកង់ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​នៅក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​លោក​ ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹងថា ស្ថានីយ​វិទ្យុ​មួយចំនួន​មាន​អង់តែន ហ្វ្រេកង់ស៍​វិទ្យុ​តែមួយ ប៉ុន្ដែ​ដើម្បី​សន្សំ​ថវិកា​បាន​ជួល​ទៅ​ឱ្យ​ស្ថានីយ​វិទ្យុ​ ៣-៤ ​ទៀត និង​ដាក់​អង់តែន​ស្ថានីយ​នៅ​ជិតៗ​ដែល​ករណី​បែប​នេះ បណ្ដាល​ឱ្យ​ឆ្លង​រំខាន​ចូល ហ្វ្រេកង់ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​នៅក្នុង​ដែនអាកាស​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​បើ​គាត់​មិន​ស្ដាប់​ទេ គឺ​យើង​បិទ​។ កន្លងមក​គឺ​យើង​បាន​បិទ​មួយចំនួន​ដែរ​។ កន្លងមក​មាន​ស្ថានីយ​វិទ្យុ​ ១០៧ យើង​បានធ្វើ​ការផ្អាក​មួយរយៈ​ធំ​ហើយ​ក្រោយមក​ស្ថានីយ​នេះ​ក៏បាន​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ផ្សាយ​កុំឱ្យ​មាន​ការឆ្លង​កើតឡើង​ទៀត​។ យើង​ក៏បាន​បិទ​ស្ថានីយ​វិទ្យុ​ ១០២.៣ នៅ​ខេត្ដ​សៀមរាប​រយៈពេល​ជាង​ ១ ​ឆ្នាំ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​មិន​អនុញ្ញាត​ឱ្យ​ដំណើការ​ផ្សាយ​ឡើងវិញ​ទេ ព្រោះ​ស្ថានីយ​វិទ្យុ​នេះ​បាន​បំពាក់​ស្លាប​អង់តែន​នៅលើ​បង្គោល​អង់តែន​ដែល​មាន​ស្ថានីយ​វិទ្យុ​ច្រើន​នាំឱ្យ​មាន​ការឆ្លង​រំខាន​ចូល ហ្វ្រេកង់ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​នៅក្នុង​ដែនអាកាស​»​។

រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​លោក​ ម៉ៅ ហាវណ្ណាល់ ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា ដោយសារ​មាន​ការវិវត្ដ ការបំពាក់​ឧបករណ៍​វិទ្យុផ្សាយសំឡេង ទូរទស្សន៍ ដូច្នេះ​មាន​លេខ​រលក​ធាតុអាកាស​ច្រើន​ធ្វើឱ្យ​លេខ​រលកធាតុអាកាស​នោះ​ស្ថិត​នៅ​ក្បែរៗ​គ្នា​។ លោក​ថា ទោះបី​ជា​លេខ​រលកធាតុអាកាស​នោះ​ខុសគ្នា​ពិតមែន​ ប៉ុន្ដែ​នៅក្បែរៗ​គ្នា​ទើប​បណ្ដាល​ឱ្យ​មាន​ការឆ្លង​រវាង​រលក​វិទ្យុ​របស់​អាកាសចរ​ស៊ីវិល និង​រលក​ស្ថានីយ​វិទ្យុ​ផ្សាយ​សំឡេង​។

លោក​ថ្លែងថា​៖ «​កាលណា​អ្នកបញ្ជា​ការហោះហើរ​ពី​ផ្ទៃដី​ប្រាប់​ទៅ​អាកាសយានិក​បែប​ណា គឺ​អាកាសយានិក​នឹង​ធ្វើតាម​ការណែនាំ​នោះ​។ ប៉ុន្ដែ​នៅពេល​ណា​អាកាសយានិក​មិន​អាច​ទទួល​សារ​ពី​អ្នកបញ្ជា​ពី​ផ្ទៃដី នេះ​គឺជា​បញ្ហា​ហានិភ័យ​»​។

លោក​ ម៉ៅ ហាវណ្ណាល់ បញ្ជាក់​ថា​ចំណុច​ហានិភ័យ​ពាក់ព័ន្ធ​នឹង​វិស័យ​អាកាសចរ​ស៊ីវិល​នេះ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ដូច្នេះ បន្ទាប់ពី​ការចុះហត្ថលេខា​រួម​រវាង​ក្រសួង ស្ថាប័ន​ទាំង ៣ លោក​ជឿជាក់​ថា​នឹង​អនុវត្ដ​ឱ្យមាន​ប្រសិទ្ធភាព ហើយ​ក្ដីបារម្ភ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​នឹង​អាច​កាត់បន្ថយ​ផងដែរ​។

លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្លែងថា កន្លងមក​ក្រសួង​ ស្ថាប័ន​ទាំង​ ៣ ​សហការ​គ្នា​បាន​ល្អ ប៉ុន្ដែ​ជា​ការសហការ​គ្នា​លក្ខណៈ​តាម​ករណី​ដែល​បាន​កើតឡើង​នីមួយៗ​។

លោក​បាន​បន្ដថា​៖ «​បន្ទាប់ពី​សេចក្ដី​ប្រកាស​រួម​នេះ ក្រសួង ស្ថាប័ន​យើង​ទាំង​ ៣ នឹង​រៀបចំ​នូវ​គោលការណ៍ ស្ដង់ដា ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការឆ្លង​រំខាន​នេះ នឹង​មិន​មាន​កើតឡើង​នៅក្នុង​តំបន់​ហោះហើរ​ក្នុង​ដែនអាកាស​ក្នុង​ប្រទេស​កម្ពុជា​ទេ​»​។

នាយក​ប្រតិបត្ដិ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (CamboJa) ​លោក​ ណុប វី លើកឡើង​ថា​តាម​បទពិសោធ​របស់​លោក​ធ្លាប់​ធ្វើ​ការងារ​ផ្នែក​វិទ្យុ​ជាច្រើន​ឆ្នាំ​កន្លងមក​ទាក់ទង​នឹង​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​វិទ្យុ​នេះ​គឺ​មាន​បញ្ហា​បច្ចេកទេស​ច្រើន​ទាមទារ​ឱ្យ​ក្រសួង ស្ថាប័ន​ទាំង​ ៣ ​នេះ​គ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព​នៅពេល​មាន​ការបើក​ស្ថានីយ​វិទ្យុ​ណាមួយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ចំពោះ​ការចុះហត្ថលេខា​លើ​ការងារ​បច្ចេកទេស​របស់​ក្រសួង និង​ស្ថាប័ន​ទាំង​ ៣ ​នេះ​។ ប៉ុន្ដែ​ខ្ញុំ​ជំរុញ​ឱ្យ​ការអនុវត្ដ​ការងារ​នេះ​ធ្វើឡើង​ប្រកប​ដោយ​តម្លាភាព ព្រោះ​ក្នុង​សង្គម​យើង​នេះ​មាន​មន្ដ្រី​ខិលខូច​មួយ​ចំនួន​ប្រើប្រាស់​ឱកាស​នេះ​កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ​»៕