ភ្នំពេញៈ ក្រោយ​ព័ត៌មាន​ក្លែងក្លាយ​ត្រូវបាន​ចាត់ទុក​ជា​ចលនា​បំពុល និង​បង្ក​ភាពចលាចល​នៅក្នុង​សង្គម​ទាំង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បាន​ប្រកាស​បើក​ការប្រកួត​ស្នាដៃ​ផលិត​វីដេអូ​អប់រំ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដំបូង​ដល់​សាធារណជន​ដើម្បី​ស្រង់​គំនិត​លើ​ការប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​។

លោក​ ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​អាទិត្យ​ថា នេះ​ជា​លើក​ដំបូង​ដែល​ក្រសួង​ព័ត៌មាន​ផ្ដើម​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃ​ផលិត​វីដេអូ​ដល់​សាធារណជន​ឲ្យ​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​តាមរយៈ​វីដេអូ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​បែប​នេះ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ទាំងអស់​គ្នា​បង្ហាញ​គំនិត​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​។

លោក​ថ្លែងថា​៖ «​យើង​បង្កើត​គណៈកម្មការ​មួយ​សម្រាប់​ធ្វើ​ការងារ​នេះ ក្នុង​នោះ​មាន​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ព័ត៌មាន​ដែល​ពួកគាត់​បាន​ចូល​និវត្ដន៍​រួច​ហើយ​ និង​ជា​ទីប្រឹក្សា​ក្រសួង​ជាដើម​ដែល​ធ្លាប់​មាន​ជំនាញ​ខាង​ផលិត​វីដេអូ និង​ព័ត៌មាន ដើម្បី​ឲ្យ​ពួកគាត់​ជួយ​ពិនិត្យ​មើល​លើ​ការប្រកួត​នេះ​ឲ្យ​ទទួល​បាន​គុណភាព និង​ប្រសិទ្ធភាព​»​។

លោក​ឲ្យ​ដឹងថា​ការបង្កើត​កម្មវិធី​ប្រកួត​នេះ​ក្រោយពី​មាន​គំនិត​ផ្តួចផ្ដើម​មួយ ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​ប្រជុំ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាស៊ី (Asia-Pacific Institute for Broadcasting Development) កាលពី​ខែ​សីហា​កន្លង​ទៅ​នៅ​ទីក្រុង​អង្គរ​ខេត្ដ​សៀមរាប​។ ចំណែក​វិទ្យាស្ថាន​នេះ​ក៏​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ព័ត៌មាន​ក្លែងក្លាយ​នេះដែរ​។

លោក​បន្ថែម​ថា ជំហាន​ដំបូង​ក្រសួង​ព័ត៌មាន​នឹង​ទទួល​យក​បេក្ខជន​ដែល​ចាប់​អារម្មណ៍​ចូលរួម​ការប្រកួត​នេះ​សិន ទើប​ឈាន​ដល់​ការទទួល​វីដេអូ និង​ប្រកាស​លទ្ធផល​នៅ​ពេល​ក្រោយ​នា​ចុង​ឆ្នាំ​ ២០១៩​។

លោក​បញ្ជាក់​ថា​៖ «​ការផលិត​វីដេអូ​នៃ​ការប្រកួត​នេះ​គឺ​យើង​ចង់​ឲ្យ​សាធារណជន​ធ្វើ​វីដេអូ​ជា​ខ្លឹមសារ​ណាមួយ​ដែល​មាន​ន័យ​ជុំវិញ​ការប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​។ ការប្រកួត​នេះ​យើង​មិន​ប្រកាន់​ចំពោះ​អ្នកណា​ទេ គឺ​យើង​ចង់​បាន​គំនិត​ពី​គ្រប់​ផ្នែក​ទាំងអស់​តែម្ដង​»​។

សេចក្ដី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ៦ កញ្ញា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ការប្រកួតប្រជែង​នេះ​នឹង​ជ្រើសរើស​យក​វីដេអូ​អប់រំ​ខ្លី​រយៈពេល​ ៥ ​នាទី​ក្រោម​ប្រធានបទ​ «​ការប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ជះ​ឥទ្ធិពល​ដល់​សង្គម​»​។

សេចក្ដី​ជូនដំណឹង​ឲ្យ​ដឹងថា បេក្ខជន​ជយលាភី​នឹង​ទទួល​បាន​រង្វាន់​ដូចជា​លេខ​ ១ ​ទទួល​បាន​ពានរង្វាន់​វីដេអូ​អប់រំ ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ពី​ក្រសួង​ព័ត៌មាន និង​ថវិកា​ចំនួន​ ៤ ​លាន​រៀល លេខ​ ២ ​ទទួល​បាន​ថវិកា​ចំនួន​ ៣ ​លាន​រៀល និង​លេខ​ ៣ ទទួល​បាន​ថវិកា​ចំនួន​ ១ ​លាន ៥ ​សែន​រៀល​។

ក្រសួង​បន្ថែម​ថា​សាធារណជន សិស្ស-និស្សិត​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង​អាច​ផ្ញើ​ប្រវត្តិរូប​សង្ខេប និង​ខ្លឹមសារ​អត្ថបទ​ដែល​ខ្លួន​គ្រោង​ផលិត​វីដេអូ​មក​នាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ ឬ​ទំនាក់ទំនង​ទៅ​កាន់​អ៊ីមែល chhon.navy89@gamail.com ចាប់ពី​ថ្ងៃទី​ ១ ខែ​កញ្ញា​នេះ​រហូត​ដល់​ថ្ងៃទី​ ១៨ ខែ ​តុលា ឆ្នាំ​ ២០១៩ ​សម្រាប់​វគ្គ​ជម្រុះ​ដំបូង​។

លោក​ ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ​ចាត់ទុក​សកម្មភាព​នៃ​ការប្រកួត​ផលិត​វីដេអូ​អប់រំ​ជុំវិញ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ ជា​រឿង​មួយ​សំខាន់​ក្នុង​ការផ្ដល់​ចំណេះដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​ព័ត៌មាន​ក្លែងក្លាយ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​គួរតែ​មាន​ការពង្រីក​ការអប់រំ​ផ្សព្វផ្សាយ​ចំពោះ​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នេះ​ឲ្យ​បាន​រឹត​តែ​ច្រើន​ថែម​ទៀត ហើយ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ក្លែងក្លាយ​នេះ​ស្ថាប័នឯកជន​ក៏​គួរ​ចូលរួម​ក្នុង​ការផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ផងដែរ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ពី​ព័ត៌មាន​ណា​ពិត និង​មិន​ពិត​»​។

បើតាម​លោក​ ណុប វី លោក​សង្កេត​ឃើញ​ថា​ព័ត៌មាន​ក្លែងក្លាយ​នៅ​តែ​ត្រូវ​បាន​ជន​មួយ​ចំនួន​យក​មក​ប្រើប្រាស់​ធ្វើឲ្យ​បរិយាកាស​សង្គម​មិន​ល្អ និង​បង្កបញ្ហា​ដល់​ប្រជាពលរដ្ឋ​ចំពោះ​ការផ្សព្វផ្សាយ ឬ​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​អ៊ីនធឺណិត​ជាដើម​៕