ភ្នំពេញៈ ក្រសួងព័ត៌មាន ណែនាំ​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​ផ្សាយផ្ទាល់ ដេញ​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ ជា​ពិសេស​ផ្សាយ​ផ្ទាល់​នៅ​តំបន់​ក្រហម ដែល​ជា​តំបន់​ហាម​ឃាត់។

សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ស្តីពី​ការ​ចូល​យក​ព័ត៌មាន និង ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់​ហាម​ឃាត់ ចុះ​ថ្ងៃទី​៤ ឧសភា ឱ្យ​ដឹង​ថា កន្លងមក​ក្រសួង​សង្កេត​ឃើញ​ថា សា្ថប័ន​សារព័ត៌មាន និង​បង​ប្អូន អ្នក​សារព័ត៌មាន បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ទូលំ​ទូលាយ​អំពី​សកម្មភាព និង​វិធានការ​របស់​រាជ​រដ្ឋាភិបាល ក៏​ដូចជា​សកម្មភាព និង​វិធានការ​សុវត្ថិភាព របស់ ក្រសួង​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ​១៩ ចូល​ក្នុង​សហគមន៍។

ទន្ទឹមនឹងនេះ ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន បាន​ធ្វើ​ការ​ឡាយ​ផ្ទាល់​ដេញ​តាម​រថយន្ត​សង្រ្គោះ​បន្ទាន់ និង​ធ្វើ​អត្ថាធិប្បាយ​ដោយ​ពុំ​ទាន់ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ ដែល​នាំ​ឱ្យ​មតិ​សាធារណៈ​មាន​ការ​ភាន់​ច្រឡំ។

ក្រសួង​បន្ត​ថា៖«កន្លង​មក​មាន​អ្នក​សារព័ត៌មានជាតិ និង​អ្នក​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ចុះ​យក​ព័ត៌មាន និង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​អំពីសកម្មភាព​នានា​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល។ ជាពិសេស​នៅ​ក្នុង​តំបន់​ក្រហម និង​តំបន់ហាម​ឃាត់​ដូចជា មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ មន្ទីរ​ពេទ្យរដ្ឋ និង ឯកជន»។

ក្រសួង​បន្ថែម​ថា៖«ព្រម​ទាំង​ធ្វើ សកម្មភាព​ដេញ​តាម​ថត​រថយន្ត​សង្គ្រោះ​បន្ទាន់​ដោយ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ហើយ​ធ្វើ​អត្ថាធិប្បាយ​អំពី​ហេតុការណ៍ពាក់​ព័ន្ធ​ផ្នែក​បច្ចេកទេស​សុខាភិបាល និង​ធ្វើការ​សន្និដ្ឋាន វាយ​តម្លៃ​លើ​បញ្ហា​ផ្សេងៗ​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ធ្វើ​ឱ្យ​សាធារណ​ជន​មានការ​យល់​ច្រឡំ​បង្ក​ភាព​ជ្រួល​ច្របល់​នៅ​ក្នុង​សង្គម និង​ប្រឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ»។

ដើម្បី​រក្សា​សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវី១៩ ទៅ​ក្នុង​សហគមន៍ ក្រសួងព័ត៌មាន​សូម​ធ្វើ​ការណែ​នាំ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​បញ្ឈប់​រាល់​សកម្មភាព​ឡាយ​ផ្ទាល់​ជា​បន្ទាន់។

ក្រសួងបន្តថា៖«ក្នុង​ករណី​អ្នក​សារព័ត៌មាន នៅតែ​បំពាន​ល្មើស​នឹង​ការ​ណែនាំ​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់​ជា​ធរមាន»។

ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មានកម្ពុជា (ស.ស.ស.ក.) លោក ហ៊ុយ វណ្ណៈ ថ្លែងថា ក្នុង​កាលៈទេសៈ​នេះ អ្នក​សារព័ត៌មាន គួរចូលរួម​ជាមួយ​វិធានការ​នានា ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ មាន​សមត្ថកិច្ច ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​សន្តិសុខ​ក្នុង​សង្គម។

លោកថា៖ «ខ្ញុំ​មើល​ឃើញ​បំណង​របស់​ក្រសួង មាន ២​ចំណុច ទី១ ការការពារ​អ្នក​សារព័ត៌មាន កុំ​ឱ្យ​ចូល​ទៅ​តំបន់​ក្រហម ព្រោះ​អាច​ត្រូវបាន​អាជ្ញាធរ​ចាប់​យក​សំណាក ឬ​ធ្វើ​ចត្តាឡីស័ក។ ទី២ តំបន់ក្រហម ជា​តំបន់​ហាមឃាត់​ដែល​ជា​ជំនាញ​របស់​ក្រសួង​សុខាភិបាល និង​អាជ្ញាធរមាន​សមត្ថកិច្ច»។

លោក​បន្ត​ថា៖«ខ្ញុំ​មើល​ឃើញ​មួយ​ទៀត ការ​ជូនដំណឹង​នេះ បន្ទាប់​ពី​កាសែត ABC អូស្រ្តាលី គាត់​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ មាន​ចំណងជើង​ថា បើ​ចេញ​ត្រូវ​គេ​វ៉ៃ បើ​នៅ​ត្រូវ​ដាច់​ស្បៀង។ ករណី​ព័ត៌មាននេះ​ដូចជា​លើស​បន្តិច រហូត​ដល់​ម៉ោង​នេះគ្មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ដោយសារ​ដាច់​ស្បៀង​ទេ តែ​បើ​ស្លាប់​ដោយសារ​កូវីដ​យើង​មាន»។

ទាក់ទិន​អ្នក​សារព័ត៌មាន​ដែល​បាន​ធ្វើ​ការ​ឡាយ​ផ្ទាល់​ដោយ​ដេញ​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​វិញ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មានទាំងអស់​ត្រូវ​បន្ត​គោរព​វិជ្ជាជីវៈឱ្យ​បាន​ខ្ជាប់​ខ្ជួន ដើម្បី​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​សាធារណជន។

លោកថា៖«ខ្ញុំធ្វើ​កាសែត​ដែរ ប៉ុន្តែខ្ញុំ​មិនដែល​ធ្វើ​អ៊ីចឹង​ទេ។ ព្រោះ​ព័ត៌មាន​អត់​ទាន់​ផ្លូវការ យើង​ទៅ​ផ្សាយ​ផ្ទាល់​ដើម្បី​ទាក់​ទាញ​អ្នក​ទស្សនា។ ដូច​នេះ​ខ្ញុំ​គ្រាន់​តែ​អំពាវនាវ​ទេ មិន​គួរ​ឡាយ​ផ្ទាល់​ទេ។ បើ​អនុវត្តបាន​យើង​អនុវត្ត​ទាំង​អស់​គ្នា​ហើយ​ត្រូវ​គិត​ពី​វិជ្ជាជីវៈ​ឡើង​វិញ»។

ប៉ុន្តែ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​សមាគម​អ្នក​សារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី យល់​ឃើញ​ថា ក្រសួង​ពុំ​គួរ​ហាម​ឃាត់​អ្នក​សារព័ត៌មាន​ចុះ​យក​ព័ត៌មាន​នៅ​តំបន់​ក្រហម​នោះ​ទេ ខណៈ​ពលរដ្ឋ​ជាច្រើន ក៏​ដូចជា​រដ្ឋាភិបាល​ចង់ឮ និង​ចង់ដឹង អំពី​ស្ថានភាព​ប្រជាពលរដ្ឋដែល​រស់​នៅ​តំបន់​នោះ។

លោកថ្លែងថា៖ «ជារួម ក្នុង​ករណី​ហាម​ឃាត់​អ្នក​សារព័ត៌មាន​ត្រឹម​តែ​លក្ខណៈ​ការ​ផ្សាយផ្ទាល់​ដេញ​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់ យើង​មើល​ទៅដូច​ពិបាក​ភ្នែក អាច​កាត់​បន្ថយ​ខ្លះ។ ប៉ុន្តែ​បើ​សិន​ជា​ការ​ហាមឃាត់​ក្តោប​ទៅ​លើ​អ្នក​សារព័ត៌មាន​ទាំង​អស់​គ្នា ខ្ញុំ​គិត​ថា​មិន​គួរ​ទេ»។

លោកបញ្ជាក់ថា៖ «ព្រោះ​ក្នុង​ស្ថានភាព​ពេល​បិទ​ខ្ទប់​នេះ ព័ត៌មាន​ជាច្រើន​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​រដ្ឋាភិបាល​ចង់​ដឹង​អំពី​ស្ថានភាពនៃ​ការ​រស់នៅ និង​បញ្ហា​ជួប​ប្រទះសម្រាប់​បង​ប្អូន​ដែល​នៅ​តំបន់​បិទខ្ទប់»៕