ភ្នំពេញៈ ​ក្រសួង​ព័ត៌មាន​កំពុង​រៀបចំ​ចងក្រង​សៀវភៅ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ជា​ឯកសារ​ប្រវត្ដិសាស្ដ្រ​ថ្មី​មួយ​របស់​កម្ពុជា​។

សៀវភៅ​នោះ​នឹង​បង្ហាញ​ពី​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ការចូលរួម​របស់​ក្រសួង​ព័ត៌មាន តាមរយៈ​ការផ្សាយ​ព័ត៌មាន​ពិត សកម្មភាព​ក្រុមគ្រូពេទ្យ និង​អ្នកសារព័ត៌មាន​ផងដែរ​។

លោក​ ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មានវិទ្យា និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​ព័ត៌មាន​កំពុង​ប្រមូលផ្តុំ​ចងក្រង​សកម្មភាព​ទាំងអស់​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​ថ្នាក់ដឹកនាំ​របស់​អគ្គនាយកដ្ឋាន​ទាំងអស់ រួមទាំង​ការចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​ការផ្សាយ​ព័ត៌មាន​ពិត​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ចងក្រង​ជា​សៀវភៅ ស្តីពី​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​បង្ហាញ​ពី​ភាពប្រឹងប្រែង​របស់​អ្នកសារព័ត៌មាន ដែល​យើង​អាច​និយាយបានថា ក្រៅពី​ទាហាន​អាវ​ស ជា​គ្រូពេទ្យ​ហ្នឹង អ្នក​សារព័ត៌មាន​គឺជា​ចំណែក​មួយ​ដ៏សំខាន់​ដែរ​ក្នុង​ការចូលរួម​ជួយ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​គាត់​ចង់​លើកទឹកចិត្ត ហើយ​ចង់បង្ហាញ​ជា​ស្នាដៃ​ឱ្យ​អ្នកជំនាន់ក្រោយ​បានដឹង​»​។

លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថ្លែងថា សៀវភៅ​នេះ​ក៏​បង្ហាញ​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ​ ១៩ ជូន​ពលរដ្ឋ​ផងដែរ​។ ក្រុម​បំពុលសង្គម​បាន​បំផុស​កុំឱ្យ​ពលរដ្ឋ​ទៅ​ចាក់ និង​បាន​ចោទ​រាជរដ្ឋាភិបាល​ថា មិន​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ក៏​ដាក់បញ្ចូល​ចងក្រង​ទុក​ក្នុង​សៀវភៅ​នេះដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ថ្ងៃទី​ ១៨ ខែឧសភា​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ការចងក្រង​សៀវភៅ​នេះ​ក៏បាន​សិក្សា​ស្រាវជ្រាវ​ពី​ការចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ ​១៩ ការផ្តល់​ជា​ស្បៀងអាហារ និង​ថវិកា​ជូន​ដល់​ប្រជាជន ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩ រួមទាំង​ការចូលរួម​ជួយ​ពី​សប្បុរសជន និង​មន្ត្រីរាជការ​ផងដែរ​»​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​សាទរ​ចំពោះ​គម្រោង​ចងក្រង​បង្កើត​សៀវភៅ​នេះ ប៉ុន្តែ​លោក​ថា ដើម្បីឱ្យ​សៀវភៅ​នោះ មានតម្លៃ​ជា​ឯកសារ​សម្រាប់​សិក្សា​ឈ្វេងយល់​ជា​ប្រវត្តិសាស្ត្រ ការចងក្រង​នេះ គួរតែ​មាន​វិធីសាស្ត្រ​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​បញ្ចូល​សំឡេង​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​ច្រើន​។

លោក​ថ្លែងថា​៖ «​ការបញ្ចូល​សំឡេង​ភាគី​ពាក់ព័ន្ធ​រហូតដល់​ប្រជាពលរដ្ឋ​ធម្មតា​ឱ្យបាន​ច្រើន ដើម្បី​ឆ្លុះ​បញ្ជាំង​អំពី​ទិដ្ឋភាព​គ្រប់​ជ្រុង​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ រួមទាំង​ការដកស្រង់​នូវ​ចំណុច​ប្រឈម និង​ចំណុច​ខ្វះខាត​នៃ​ការអនុវត្ត​វិធានការ​កន្លងមក ដើម្បី​ទុកជា​មេរៀន​ល្អ និង​មិនល្អ​សម្រាប់​អ្នកជំនាន់ក្រោយ​រៀនសូត្រ​ផងដែរ​» ។

ក្រៅពី​សៀវភៅ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ក្រសួង​ព័ត៌មាន​ក៏បាន​កំពុង​ចងក្រង​បោះពុម្ព​សៀវភៅ​ចំនួន​ ២ ​ក្បាល​ផ្សេងទៀត​ផងដែរ ក្នុងនោះ ទី​១ ​គឺ​សៀវភៅ​កម្ពុជា​ ២០២១ ​ដែល​សៀវភៅ​នេះ​រៀបចំឡើង ដើម្បី​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ឆ្នាំ​ ២០២១ ដោយ​គ្រោង​បោះពុម្ព​ចេញ​ជា​ ៤ ​ភាសា មាន​ភាសា​ខ្មែរ អង់គ្លេស បារាំង និង​ភាសា​ចិន និង​មាន​ប្រមាណ​ ១១០ ​ទំព័រ​។ នេះ​បើតាម​លោក ផុសសុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​សៀវភៅ​ហ្នឹង​តម្រូវ​គ្នា​នឹង​គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​ធំ​ផ្សេងៗ​ដែល​យើង​អាច​ធ្វើការ​លក់​ ឬ​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍​ខ្លះ សម្រាប់​ឱ្យ​អន្តរជាតិ​អាច​ស្វែងយល់​ពី​កម្ពុជា​យើង​បន្ថែមទៀត​។ និយាយ​រួម ខ្លឹមសារ​ក្នុង​សៀវភៅ​ហ្នឹង ភាគច្រើន​ជា​សៀវភៅ​រូបថត​ដែល​បង្ហាញ​តំបន់​លេចធ្លោ និង​តំបន់​ពិសេសៗ​របស់​កម្ពុជា​យើង​»​។

មួយវិញ​ទៀត​ក្រសួង​ព័ត៌មាន​គ្រោង​រៀបចំ​បោះពុម្ព​សៀវភៅ​កំណាព្យ​ដែល​បាន​តែង​និពន្ធ​តាំងពី​អំឡុង​ឆ្នាំ​ ១៩៨០ ​រហូតដល់​ឆ្នាំ​ ១៩៨៣ និង​ធ្លាប់បាន​ចុះផ្សាយ​ក្នុង​កាសែត​កម្ពុជា​ក្នុង​សម័យកាល​នោះ​ត្រូវ​បាន​លោក ខៀវ ណាវី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អតីត​អ្នកកាសែត​កម្ពុជា​បាន​ប្រមូល​ទុក​ដល់​​បច្ចុប្បន្ន​មាន​ ៩៨ ​កំណាព្យ មាន​លក្ខណៈ​ជា​ការអប់រំ ការបំផុស​ឱ្យ​ប្រជាជន​ចូលរួម​បង្កបង្កើនផល និង​ការការពារ​ប្រទេស​ក្នុងដំណាក់កាល​នោះ​។

លោក​ថ្លែងថា​៖ «​យើង​ប្រមូលផ្តុំ​ចងក្រង​ឡើងវិញ​នូវ​ស្នាដៃ​កំណាព្យ​របស់​អ្នកសារព័ត៌មាន​ជំនាន់​ចាស់​ដែល​​គាត់​បានបង្ហាញ​ពី​គំនិត​យោបល់​របស់គាត់​ ក្រោយពេល​ងើប​ពី​សង្គ្រាម​ឡើងវិញ​ភ្លាមៗ កំណាព្យ​ទាំងនោះ​បាន​ចុះផ្សាយ​រួចហើយ​នៅក្នុង​កាសែត​កម្ពុជា​តាំងពី​ទសវត្សរ៍​ ៨០» ៕