ភ្នំពេញៈ ក្រសួងព័ត៌មានបានដាក់លិខិត ១ ច្បាប់ជូនលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដើម្បីស្នើឲ្យពិនិត្យលទ្ធភាពដាក់សារព្រមានលើសម្បកកំប៉ុង និងសម្បកដបផលិតផលគ្រឿងស្រវឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ពីផលិតផលនេះស្របពេលដែលក្រសួងហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងថ្ងៃបុណ្យ ផងដែរកាលពីថ្ងៃទី ២៥ មេសា គណៈប្រតិភូក្រសួងព័ត៌មានបានប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដើម្បីពិនិត្យអំពីផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មនិងការទទួលទានគ្រឿងស្រវឹងហួសប្រមាណបណ្តាលឲ្យប៉ះពាល់សុខភាព និងបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិតពលរដ្ឋ។
តាមលិខិតចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី ៣០ មេសា បានលើកឡើងថា ដើម្បីទប់ស្កាត់ផលប៉ះពាល់ខាងលើនិងដើម្បីការពារអាយុជីវិតពលរដ្ឋ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានស្នើឲ្យក្រសួងព័ត៌មានសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីតម្រូវឲ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងក្នុងស្រុកដាក់សារព្រមានលើសម្បកកំប៉ុងនិងសម្បក ដបផលិតផលគ្រឿងស្រវឹង «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ»។
លិខិតដដែលបានបន្តថា៖ «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ ដែលជួយពញ្ញាក់អារម្មណ៍អ្នកសេពគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ចៀសវាងការទទួលទានហួសប្រមាណធ្វើឲ្យប៉ះពាល់ដល់សុខភាពអាយុជីវិត និងបង្កគ្រោះថ្នាក់ចរាចរណ៍»។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា លិខិតនេះបានដាក់ជូនរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរួចរាល់ហើយនិងរង់ចាំការណែនាំនិងពិភាក្សាបន្តបន្ទាប់ពីមានការសម្រេចពីរដ្ឋមន្ត្រី លោក ចម ប្រសិទ្ធ។
លោកបញ្ជាក់ថា៖ «ការដាក់សារនេះ វាមិនបានជួយ ១០០ ភាគរយទេ ប៉ុន្តែវាបានរួមចំណែកប្រសើរជាងការមិនដាក់ ព្រោះវាបានជួយពញ្ញាក់ស្មារតី ដើម្បីឲ្យម្នាក់ៗគិតមុនលូកដៃយករបស់ហ្នឹងមកទទួលទាន ឬក៏ទិញ គឺយើងឃើញសារហ្នឹង»។
ទន្ទឹមនឹងនេះដែរ លោក ខៀវ កាញារីទ្ធ ក៏បានចេញលិខិតដាច់ដោយឡែក ១ ច្បាប់ទៀត ដើម្បីហាមប្រាមការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃបុណ្យវិសាខបូជា និងមាឃបូជា ជារៀងរាល់ឆ្នាំផងដែរ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ក្នុងលិខិតនោះថា ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធពិធីនេះ និងបានកំណត់ថាគឺជាថ្ងៃបុណ្យជាតិដើម្បិរំឭកដល់ព្រឹត្តិការណ៍ពិសេសរបស់ព្រះសម្មាសម្ពុទ្ធហើយការហាមឃាត់នេះគឺក្នុងគោលបំណងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោកបានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ជាពុទ្ធសាសនិកជននឹងរំឭកដល់ព្រឹត្តិការណ៍នេះ ខ្ញុំសូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្អាកចាក់ផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅថ្ងៃប្រារព្ធពិធីវិសាខបូជានិងមាឃបូជា រៀងរាល់ឆ្នាំ តាមកាលបរិច្ឆេទជាក់ស្តែងក្នុងឆ្នាំនីមួយៗ» ។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងថាវិធានការនេះគឺជាការចាប់ផ្តើមល្អដែលរួមចំណែកកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ប៉ុន្តែលោកថាវិធានការទាំងនេះមិនទាន់គ្រប់គ្រាន់ទេព្រោះបម្រាមផ្សាយគ្រឿងស្រវឹងធ្វើតែក្នុងថ្ងៃបុណ្យសាសនាដែល ១ ឆ្នាំមានតែប៉ុន្មានថ្ងៃ។ ម្យ៉ាងទៀត លោកថា សារព្រមានលើសម្បកកំប៉ុង និងសម្បកដប បើគ្រាន់តែមានលក្ខណៈស្រាលៗក៏មិនអាចជួយអ្វីបានច្រើនដែរ។
លោកបញ្ជាក់ថា៖ «ជាលទ្ធផលការផ្សព្វផ្សាយយ៉ាងអនាធិបតេយ្យនៅតែជាកត្តាទាក់ទាញខ្លាំងដល់កុមារនិងយុវជនហើយសំខាន់ខ្លឹមសារមានន័យដូច្នេះ?បើគ្រាន់តែដាក់ថា សារស្រាលៗបើកបរកុំសេពគ្រឿងស្រវឹងសារទាំងនោះមិនគ្រប់គ្រាន់ធ្វើឲ្យមានការភ្ញាក់រឭកនោះទេ»។
តំណាងចែកចាយស្រាបៀរប្រចាំខេត្តកំពង់ចាម ១ រូប បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា វិធានការទាំងនេះគឺជាច្បាប់ ១ ដែលត្រូវតែគោរព តែវាអាស្រ័យទៅលើក្រុមហ៊ុនធំៗដែលជា អ្នកផលិតនូវផលិតផលគ្រឿងស្រវឹងទាំងនេះ។
លោកបានបញ្ជាក់ថា៖ «ច្បាប់ដែលចេញមកគឺត្រូវតែគោរពតាមច្បាប់ហ្នឹងហើយវាមិនមានបញ្ហាអ្វីផងព្រោះពួកខ្ញុំ គ្រាន់តែជាតំណាងចែកចាយទាក់ទងនឹងសម្បកកំប៉ុងហ្នឹងគឺជារឿងរបស់រោងចក្រផ្ទាល់បើគេគោរពតាមពួកខ្ញុំអត់មានបញ្ហាអីទេ។ដូចជាបារីអ៊ីចឹង បើទោះជាដាក់សារព្រមានក៏ដោយ ក៏នៅមានអ្នកទិញ ប៉ុន្តែក៏សារនេះវាបានចូលរួមជួយសង្គមដែរ»។
តាមរបាយការណ៍ស្រាវជ្រាវរបស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងការអភិវឌ្ឍកាលពីឆ្នាំ ២០១៥ បានរកឃើញថា គ្រឿងស្រវឹង និងគ្រឿងញៀនគឺជាបញ្ហាដ៏ធំរបស់យុវជនកម្ពុជា។ លើសពីនេះមូលនិធិអាស៊ី កាលពីឆ្នាំ ២០១៧ ក៏រកឃើញដែរថាគ្រឿងស្រវឹងគឺជាកត្តារួមចំណែកសំខាន់ក្នុងអំពើហិង្សាប្ដីប្រពន្ធឬដៃគូស្និទ្ធស្នាល ហើយស្រដៀងគ្នានេះ អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ ២០១៦ បានចាត់ទុកគ្រឿងស្រវឹងជាទំនិញដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសង្គម៕