ភ្នំពេញៈ នៅ​រដូវវស្សា​ឆ្នាំ​នេះ​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេ​មេគង្គ និង តំបន់​ទំនាប​កណ្ដាល​ជាប់​ដង​ទន្លេ​នានាអាច​នឹង​មាន​ទឹកជំនន់​ក្នុង​កម្រិត​មធ្យម។ នេះ​បើ​តាម​ការ​ព្យាករ​កម្ពស់​ទឹក​ជំនន់​ទន្លេ មេគង្គ លើក​ទី ១ ប្រចាំ​ឆ្នាំ​នេះ របស់​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម។

ការព្យាករនេះ បាន​ប្រកាស​ជូន​ដំណឹង​កាល​ពី​ល្ងាច​ម្សិលមិញ បន្ទាប់​ពី​ក្រុម​ជំនាញ​ការ​ឧតុនិយម និង ជលសាស្ត្រ បាន​ពិនិត្យ​ឃើញ​ថា កម្ពុជា​កំពុង​រង​នូវ​ឥទ្ធិពល​នៃ​បាតុភូត​អន្តរកាល Neutral ៦០ ភាគរយ, បាតុភូត El Nino (ក្ដៅ) ១០ភាគរយ និង​បាតុភូត La Nana (ត្រជាក់) ៣០ ភាគរយ។ បាតុភូត​នេះ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​រាយ​ប៉ាយ​គ្រប​ដណ្ដប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ខណៈ​ស្ថានភាព​នៃ​កម្រិតកម្ពស់​ទឹក​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេ​បាសាក់ នា​ពេល​បច្ចុប្បន្ន ខ្ពស់​ជាង ឬ ប្រហាក់​ប្រហែល​មធ្យម​ភាគ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​មក។

លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ថា៖ «យោង​លើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នា​ពេល​បច្ចុប្បន្ន កត្តា​អាកាស​ធាតុ និង​ការ​វិភាគ​លើ​ទំនាក់​ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា ព្រម​ទាំង​ការ​វិភាគ​លើ​វដ្តទឹក ការ​ព្យាករ​លើក​ទី ១ បាន​បង្ហាញ​ថា នៅ​ស្ថានីយ​ជលសាស្ត្រ បាសាក់-ចតុមុខ នា​ឆ្នាំ ២០២១​នេះ ទឹក​អាច​នឹង​មាន​កម្ពស់ ៩,៣០ម៉ែត្រ ដែល​ចាត់​ទុក​ជា​ប្រភេទ​ជំនន់​មធ្យម»។

លោកបានឲ្យដឹងទៀតថា ចាប់ពីខែឧសភា ដល់​ខែ​តុលា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទាំង​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​និង​ក្នុង​ប្រទេស​កម្ពុជា​ដែលអាច​នឹង​ជំរុញ​ឲ្យ​មាន​ទឹក​ជំនន់​កើត​ឡើង​នៅ​ពាក់​កណ្ដាល ឬ នៅ​ចុង​រដូវ​វស្សា​ឆ្នាំ​នេះ។

ជាមួយ​នឹង​ការ​ព្យាករ​អំពី​កត្តា​ដែល​នាំ​ឲ្យ​មាន​ទឹក​ជំនន់​នា​រដូវ​វស្សា​ឆ្នាំ​នេះ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធានទឹក និង ឧតុនិយម នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា​នេះ បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​ភូមិសាស្ត្រ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​អាង​ទន្លេ​មេគង្គ​និងតំបន់​វាល​ទំនាប​កណ្ដាល​ជាប់​ដង​ទន្លេ​មេគង្គ និង ប្រព័ន្ធ​ដៃ​ទន្លេ​នានា​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ត្រៀម​បម្រុង​ទុក​ជា​មុននូវ​គ្រប់​មធ្យោបាយ​ទាំង​អស់​សម្រាប់​ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេល​ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​គ្រោះ​ទឹក​ជំនន់​ដែល​អាច​នឹង​កើត​មាន​នៅ​ពាក់​កណ្ដាល ឬ​នៅ​ចុង​រដូវ​វស្សា​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ថា៖ «ពេលនេះ កម្ពស់​ទឹក​ទន្លេ​មេគង្គ​គឺ​នៅ​ទាប​នៅ​ឡើយ ប៉ុន្តែ​វា​អាច​នឹង​ជន់​ឡើង​លឿន​នៅ​ក្នុង​ចន្លោះ​ខែ​សីហា និង​ខែ​កញ្ញា ខាង​មុខ​នេះ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ឆ្លើយតប​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​ទឹកជំនន់​ដែល​នឹង​អាច​កើត​មាន​នៅ​ឆ្នាំ​នេះ…»។

ជុំវិញ​ករណី​នេះ លោក កែវ វី ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​យន្តការឆ្លើយតប​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​ទឹក​ជំនន់​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ត្រៀម​បម្រុង​រួច​ហើយ​ទាំងមធ្យោបាយ សម្ភារ ស្បៀងអាហារ គ្រាប់ពូជ ព្រម​ទាំង​កម្លាំង​សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ងាយ​រងគ្រោះ​ពី​ទឹក​ជំនន់។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​នេះ ក្រុម​ការងារ​យើង កំពុង​ជួយ​សាងសង់​ផ្ទះ និង​ផ្ដល់​ស្បៀង​អាហារ​ដល់​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ដោយករណី​ខ្យល់​កន្ត្រាក់ និង រន្ទះ​បាញ់​ព្រម​ទាំង​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩។ ចំណែក​យន្តការ​ឆ្លើយតប​នឹងគ្រោះ​ទឹក​ជំនន់​ក៏​យើង​បាន​ត្រៀម​រួច​រាល់​ហើយ​ដែរ​បើ​ទោះ​ជា​ពេល​នេះ​នៅ​មិន​ទាន់​មាន​គ្រោះ​ទឹកជំនន់​កើត​ឡើង​ក៏​ដោយ»៕